ជាតិ
លបឡុកនៅតាមដងស្ទឹងសង្កែ៖ តើដំណើរការរបស់វាយ៉ាងដូចម្តេច?
27, May 2021 , 8:59 am        
រូបភាព
ដោយ:
រូបភាពពីលើអាកាសនេះ បានបង្ហាញពីឧបករណ៍នេសាទមានរាងដូចព្រួញ «លបឡុក» ជាច្រើន ដែលត្រូវបានប្រើប្រាស់ជាទូទៅ សម្រាប់នេសាទត្រី នៅបឹងទន្លេសាប ក្នុងប្រទេសកម្ពុជា។ «លបឡុក» ដូចបានបង្ហាញនៅក្នុងរូបភាពនេះ គឺស្ថិតនៅតាមបណ្តោយដងស្ទឹងសង្កែ ក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ស្ទឹងសង្កែ គឺជាស្ទឹងដ៏សំខាន់មួយនៅក្នុងខេត្តបាត់ដំបង ដែលមានប្រវែងប្រមាណ ២៥០ គីឡូម៉ែត្រ។ ស្ទឹងសង្កែ មានប្រភពចេញពីជួរភ្នំដំរី និងជួរភ្នំក្រវាញ ហូរចាក់ចូលទៅបឹងទន្លេសាប។

 



«លបឡុក» គឺជាឧបករណ៍នេសាទដ៏ពេញនិយមមួយប្រភេទ ក្នុងចំណោមឧបករណ៍នេសាទជាច្រើន ដែលត្រូវបានប្រើនៅក្នុងតំបន់ដីសើមនៅក្នុងបឹងទន្លេសាប ដើម្បីនេសាទត្រីចម្រុះប្រភេទ។ «លបឡុក» ត្រូវបានកំណត់ដោយច្បាប់ជលផល ជាឧបករណ៍នេសាទខ្នាតកណ្តាល ដោយសារតែទំហំ និងអត្រានៃផលចាប់បានខ្ពស់ ហើយវាអាចធ្វើប្រតិបត្តិការស្ទើរតែពេញមួយឆ្នាំ។ បច្ចេកទេសតម្លើង និងប្រតិបត្តិការ «លបឡុក» គឺផ្អែកលើចំណេះដឹងរបស់អ្នកនេសាទក្នុងតំបន់ទាំងស្រុង។ ត្រីចម្រុះ គ្រប់ប្រភេទ ទាំងតូចទាំងធំ ហែលអែបសសៀរតាមរបាំងព្រួលកណ្តាល ចូលទៅដល់ «របាំងព្រួលចាប់» ដែលមានរាងដូចក្បាលព្រួញធំមួយ។ នៅក្នុងបន្ទប់ «របាំងព្រួលចាប់» ត្រីហាក់នៅមានឱកាសដើម្បីចាកចេញទៅវិញបាន ប៉ុន្តែ បើចេញផុត ហើយចូលទៅក្នុងបន្ទប់ «លបសម្លាប់» ដែលមានរាងដូចក្បាលព្រួញតូចមួយទៀត នោះគឺ ១០០% វាមិនអាចចេញមកវិញបានទេ។ នៅក្នុង បន្ទប់ «លបសម្លាប់» ត្រីមានតែផ្លូវមួយគត់ គឺហែលចូលក្នុង «លប» ទីដែលអ្នកនេសាទប្រមូលផលចាប់ត្រី។
 
កាលពីដើម ឫស្សី ត្រូវបានគេប្រើជាសម្ភារៈចាំបាច់សម្រាប់ការផលិត «លប» និងកូនឈើតូចៗ សម្រាប់ដំឡើងជាឆ្អឹងអមរបាំងព្រួលឱ្យចេញជារូបរាងដូចព្រួញ។ ក្នុងនោះផងដែរ ឫស្សីក៏ធ្លាប់ត្រូវបានគេប្រើធ្វើជា របាំងព្រួលកណ្តាល របាំងព្រួលចាប់ លបសម្លាប់ និងតួលប។ ចំណែកឯកូនឈើ ត្រូវបានគេប្រើធ្វើជាបង្គោលទប់របាំងព្រួល និងរចនាសម្ព័ន្ធនៃលបឡុកទាំងមូល។
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឫស្សីមិនសូវសម្បូរ ធ្វើឱ្យការផ្គត់ផ្គង់ថយចុះ។ ការដំឡើងរបាំងព្រួល និងផលិតលបពីឫស្សី ត្រូវបានគេកត់សម្គាល់ឃើញថា វាត្រូវការពេលវេលាច្រើន បានធ្វើឱ្យការចំណាយកើនឡើង។ ដោយសារបញ្ហាទាំងអស់នេះ អ្នកនេសាទក៏សម្រេចចិត្ត ប្រើប្រាស់សំណាញ់នីឡុង ដែលមានតម្លៃថោកជាង ងាយស្រួលប្រើជាង និងងាយរកជាងនៅតាមទីផ្សារ យកមកប្រើជំនួសឬស្សី។
 
ទោះយ៉ាងណាក៏ដោយទោះបីសំណាញ់នីឡុង បានបង្កលក្ខណៈងាយស្រួលដល់អ្នកនេសាទ ចំណាយក៏តិច ងាយស្រួលរក ប៉ុន្តែ វាពុំមានផលល្អដល់បរិស្ថានឡើយ វាអាចបណ្តាលឱ្យមានបញ្ហាជាច្រើនដល់បឹងទន្លេសាប ដោយសារតែទំហំក្រឡាតូចៗ របស់វាអាចចាប់បានកូនត្រីតូចៗ គ្រប់ប្រភេទ។ លើសពីនេះ សំណាញ់នីឡុង មានធាតុផ្សំពីប្លាស្ទិកជាវត្ថុធាតុដើម ដែលមិនរលាយពុកផុយក្នុងធម្មជាតិ និងអាចស្ថិតនៅក្នុងបរិស្ថានដោយគ្មានពេលកំណត់។ នៅពេលដែលវាមិនត្រូវបានគេបោះចោលត្រឹមត្រូវ ឬវាត្រូវបានបាត់ដោយចៃដន់ក្នុងពេលប្រើប្រាស់ វានឹងក្លាយទៅជាសំណាញ់-មងខ្មោច អណ្តែតចូលទៅក្នុងព្រៃលិចទឹក និងនៅក្នុងលំហផ្ទៃទឹក ហើយបន្តប្រសិទ្ធិភាពចាប់ត្រី និងវារីសត្វផ្សេងៗ ជាប់ងាប់ចោលឥតប្រយោជន៍។ ដើម្បីស្វែងយល់បន្ថែមអំពី «សំណាញ់-មងខ្មោច» សូមមើលចូលទៅទស្សនានូវការចុះផ្សាយកាលពីមុនរបស់គម្រោង ដែលមានចំណងជើងថា « មងខ្មោច៖ ឃាតកលាក់មុខ» ។
 
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមអំពាវនាវដល់អ្នកនេសាទនៅក្នុងប្រទេសកម្ពុជា ទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ចំពោះការបោះចោល មង-សំណាញ់ ដែលពួកគេឈប់ប្រើ។ សូមកុំបោះចោលទៅក្នុងទឹក ឬតាមបណ្តោយមាត់ច្រាំងបឹង-ទន្លេ។ សូមរកកន្លែងសមរម្យដើម្បីបោះចោលមង-សំណាញ់ទាំងនោះ។ សូមចូលរួមគាំពារនិរន្តរភាព និងសុខុមាលភាពបឹងទន្លេសាប និងទន្លេមេគង្គទាំងអស់គ្នា។ 
 
សូមតាមដានជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងសូមជួយចែករំលែកអត្ថបទនេះ ដើម្បីឱ្យមានការយល់ដឹងបន្ថែមទៀត អំពីផលប៉ះពាល់ដែលមង-សំណាញ់ និងវត្ថុប្រើប្រាស់ផ្សេងៗ ផលិតពីប្លាស្ទិក ដែលមាននៅលើប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com