ជាតិ
សង្គមជាតិ
ដល់ពេលដែលឪពុកម្តាយត្រូវគ្រប់គ្រងការប្រើប្រាស់អ៊ីនធឺណិតរបស់កូនតូច
27, May 2021 , 10:34 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ការខ្វះពេលគ្រប់គ្រាន់ក្នុងការតាមដានការសិក្សាអនឡាញរបស់កូន និងខ្វះការគ្រប់គ្រងលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា គឺធ្វើឲ្យកុមារប្រឈមនឹងការរំលោភបំពានក្នុងរូបភាពផ្សេងៗ តាមបណ្តាញអ៊ីនធឺណិត។ តើឪពុកម្តាយគួរតែគ្រប់គ្រង និងទប់ស្កាត់ហានិភ័យពេលកូនរៀនអនឡាញបែបណា?

 
តើមានឪពុកម្តាយប៉ុន្មានដែលចាប់អារម្មណ៍ថា មានការរំលោភបំពានលើកុមារតាមរយៈបណ្ដាញសង្គម? តើមានអាណាព្យាបាលប៉ុន្មាននាក់ដែលដឹងថា មានជនមិនស្គាល់មុខ អាចចូលមកលួងលោមកុមារក្នុងបំណងអាក្រក់ តាមរយៈបណ្ដាញសង្គម?
របាយការណ៍របស់អង្គការសកម្មភាពដើម្បីកុមារ (Aple Cambodia) បានបង្ហាញថា កុមារា កុមារីកម្ពុជាមួយចំនួនបានក្លាយជាជនរងគ្រោះនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ កុមារតូចខ្លះ ត្រូវបានសម្លុតគំរាមពីអ្នកដទៃ ឬមិត្តភក្តិតាមរយៈសារនៅក្នុងបណ្តាញសង្គម ដោយឪពុកម្តាយមិនបានដឹង។ នៅពេលកុមារតូចលេងហ្គេមតាមទូរសព្ទ ពួកគេអាចជួបនឹងមនុស្សដែលបន្លំខ្លួនកុមារ ហើយលួងលោមថតរូបអាក្រាតរបស់កុមារតូចទាំងនោះ។ 
 
លោក សំលៀង សិលា នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារបានផ្តល់អនុសាសន៍ថា៖«ឪពុកម្តាយ ឬអាណាព្យាបាលដែលមានកូនតូចៗ គួរតែកំណត់កម្មវិធីសុវត្ថិភាពក្នុងទូរសព្ទដៃ និងកុំព្យូទ័រ ឬប្រព័ន្ធWIFI ដែលមាននៅក្នុងផ្ទះ។ ក្នុងករណីឪពុកម្តាយដែលមានកូនវ័យជំទង់ គឺគួរតែណែនាំពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសង្គមនានា»។
គ្រប់ពេលដែលកូនប្រុសស្រី២នាក់ របស់អ្នកស្រី យឹម សុធារី រៀនតាមអនឡាញរយៈពេល១ឆ្នាំកន្លះនេះ គឺតែងតែមានវត្តមានអ្នកស្រី សុធារី នៅក្បែរជានិច្ច។ សម្រាប់អ្នកមា្តយវ័យ៣៧ឆ្នាំរូបនេះ ការនៅក្បែរកូន ការបង្រៀនកូន និងការណែនាំកូន គឺជាកាតព្វកិច្ចដ៏ចាំបាច់ សម្រាប់ឪពុកម្តាយគ្រប់រូប ក្នុងការទប់ស្កាត់ហានិភ័យផ្សេងៗដល់កូន នៅពេលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ 
 
ស្តី្រដែលមានជំនាញចិត្តសាស្ត្រជាង១៥ឆ្នាំរូបនេះ បានអះអាងថា ដោយសារខ្លួនបារម្ភ ខ្លាចតែកូនប្រើប្រាស់ទូរសព្ទដោយខុសទិសដៅ និងមានហានិភ័យផ្សេងៗ ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ទើបអ្នកស្រីសុធារី បែងចែក និងកំណត់ពេលវេលា ថាតើពេលណា កូនត្រូវរៀនអនឡាញ ហើយពេលណា កូនប្រើប្រាស់ទូរសព្ទសម្រាប់កម្សាន្ត។  
 
ក្នុងទូរសព្ទដៃរបស់អ្នកស្រី យឹម សុធារី គឺមានតែកម្មវិធី ដែលទាក់ទងនឹងការសិក្សារបស់កូនប្រុសស្រី២នាក់ និងកម្មវិធី ដែលទាក់ទងនឹងការងាររបស់អ្នកស្រី។ កម្មវិធីនីមួយៗ ដែលមាននៅក្នុងទូរសព្ទដៃរបស់អ្នកស្រី សុធារី គឺសុទ្ធតែមានការគ្រប់គ្រង ដោយដាក់លេខសម្ងាត់យ៉ាងត្រឹមត្រូវ ដែលមិនងាយឲ្យកូនរបស់អ្នកស្រី អាចប្រើប្រាស់តាមទំនើងចិត្តឡើយ។ 
 
អ្នកស្រី យឹម សុធារី បានពន្យល់ពីវិធីកំណត់ពេលវេលា ប្រើប្រាស់ទូរសព្ទសម្រាប់កូនដូច្នេះថា៖«ទូរសព្ទខ្ញុំ ភាគច្រើនឲ្យទៅគាត់តែម៉ោងរៀនតាម Zoom និងមើលវីដេអូដែលគ្រូឲ្យមើល។ ចំពោះការមើលវីដេអូបែបកម្សាន្ត គឺខ្ញុំលៃឲ្យគាត់មើល តែមួយថ្ងៃយូរបំផុត គឺមួយម៉ោង។ កូនខ្ញុំ និងខ្ញុំ គឺអង្គុយក្នុងបន្ទប់រៀនជាមួយគ្នា។ ខ្ញុំបានឮ ខ្ញុំបានដឹង នូវអ្វីដែលគាត់កំពុងមើល»។ 
 
របៀបការពារហានិភ័យ ពេលកូនប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតសម្រាប់រៀនរបស់អ្នកស្រី ខៀវ ធីតា ក៏មិនខុសប្លែកពីអ្នកស្រី យឹម សុធារីដែរ។ ស្រី្តស្ថាបនិក និងនាយកគ្រប់គ្រងក្រុមហ៊ុន សូឡាហ្រ្គ័នខេមបូឌារូបនេះ បានបញ្ជាក់ថា ក្នុងចំណោមកូនទាំង៤នាក់របស់អ្នកស្រី គឺមានកូន៣នាក់ ដែលមានអាយុក្រោម២០ឆ្នាំ មានទូរសព្ទ និងកុំព្យូទ័រ សម្រាប់រៀនអនឡាញ ក្នុងបរិបទកូវីដ-១៩។ ជាមួយគ្នានេះដែរ កូន៣នាក់នោះ ក៏មានគណនីហ្វេសប៊ុកផងដែរ។ ចំណែកកូនពៅម្នាក់ទៀត ដែលមិនអាចប្រើប្រាស់ទូរសព្ទបានឡើយ។ 
 
ស្ត្រីវ័យ៤១ឆ្នាំរូបនេះ បានអះអាងថា ការអនុញ្ញាតឲ្យកូនប្រើប្រាស់គណនីហ្វេសប៊ុក សម្រាប់កូនប្រុសស្រី ទាំង៣នាក់នោះ គឺដើម្បីឲ្យកូននីមួយៗ អាចសិក្សា និងទទួលចំណេះដឹងផ្សេងៗ។ អ្នកស្រី ធិតា បានរៀបរាប់ដូច្នេះថា៖«ទើបពេលដែលកូវីដ-១៩នេះទេ ដែលគាត់ប្រើហ្វេសប៊ុក។ ពីព្រោះគ្រូ ត្រូវឲ្យមានហ្វេសប៊ុក ដើម្បីចូលរួមរៀននៅសាលា។ ការពិតខ្ញុំក៏អត់ចង់ឲ្យកូនមានហ្វេសប៊ុកដែរ ព្រោះតែតម្រូវឲ្យមាន ដើម្បីជាការរៀនសូត្ររបស់គាត់ និងដើម្បីផ្ញើឯកសារ ឬកិច្ចការសាលាចុះឡើងៗ»។  
 
ថ្វីដ្បិតការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ផ្តល់គុណសម្បត្តិច្រើន ប៉ុន្តែវាក៏បង្កជាគ្រោះថ្នាក់ផ្សេងៗ ដល់កូនផងដែរ។ បើកាលណាមាតាបិតា មិនបានកំណត់ពេលវេលាត្រឹមត្រូវ អប់រំ និងពន្យល់ ពីផលអាក្រក់នៃការប្រើប្រាស់ទូរសព្ទ និងប្រព័ន្ធអ៊ីនធឺណិតដល់កូន។ 
 
ត្រង់បញ្ហានេះអ្នកស្រី ខៀវ ធិតា ក៏បានយល់ច្បាស់ដែរ។ «ខ្ញុំឧស្សាហ៍ចូលមើលក្នុងគេណនីហ្វេសប៊ុករបស់ពួកគាត់ដែរ ភាគច្រើនខ្ញុំឃើញពួកគាត់ និងព្យាយាមមើលដែរ បើគាត់ចែករំលែកពីរឿងអ្វី ពាក់ព័ន្ធនឹងគ្រួសារ។ ខ្ញុំព្យាយាមប្រាប់ពួកគាត់ ពីហានិភ័យផ្សេងៗ ឬការគំរាមកំហែងផ្សេងៗ ដែលទាក់ទងនឹងផ្លូវភេទ»។ នេះជាការលើកឡើងរបស់អ្នកស្រី ធិតា ដោយបន្តថា ទោះបីបញ្ហានេះអាចទប់ស្កាត់បាន តាមរយៈការអប់រំ និងណែនាំពីឪពុកម្តាយ ប៉ុន្តែអ្នកស្រី ធិតា នៅតែព្រួយបារម្ភពីបញ្ហាសុខភាពភ្នែករបស់កូន។ 
 
បើសិនជា កុមារបានជួបហានិភ័យដូចបានរៀបរាប់ខាងលើ អ្នកជំនាញដដែល បានលើកទឹកចិត្តឱ្យឪពុកម្តាយ ប្រើវិធីសាស្ត្រទន់ភ្លន់ អប់រំកូនៗរបស់ពួកគេ ជាជាងការស្ដីបន្ទោស។ 
លោក សំលៀង សិលា បានពន្យល់យ៉ាងដូច្នេះថា៖«បើគាត់ស្តីបន្ទោសកូន ធ្វើឲ្យកូនលែងមានអារម្មណ៍ក្នុងការពិភាក្សា និងជជែករកដំណោះស្រាយជាមួយឪពុកម្តាយ។ បើមានរឿងអី កូននឹងបន្តលាក់។ ករណីខ្លះដែលនាំឲ្យធ្វើអត្តឃាត និងធ្វើបាបខ្លួនដោយសារសម្ពាធក្នុងគ្រួសារ និងឪពុកម្តាយស្តីបន្ទោស។ អ៊ីចឹងឪពុកម្តាយ ត្រូវប្រើមធ្យោបាយបើកជំហ​ ដើម្បីលើកទឹកចិត្តកូន ឲ្យពិភាក្សារាល់កំហុសដែលកូនមាន»។ 
 
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកត់សម្គាល់ថា ការរំលោភបំពាន តាមបណ្តាញអ៊ីនធឺណិតចំពោះកុមារ មានសន្ទុះកើនឡើងកាន់តែខ្លាំង នៅទូទាំងសាកលលោក ហើយកម្ពុជាក៏ជួបបញ្ហានេះផងដែរ។ 
 
បើតាមលោករដ្ឋមន្ត្រី ក្នុងចំណោមអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតនៅកម្ពុជា មាន២៦ភាគរយ ធ្លាប់ទទួលបានការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត ដោយក្នុងនោះកុមារ គឺជាជនរងគ្រោះខ្លាំងជាងគេ។ 
 
ដោយមើលឃើញពីបញ្ហានេះ លោក ជា វ៉ាន់ដេត បានដាស់តឿនដល់ឪពុកម្តាយ ត្រូវតែរួមគ្នាទប់ស្កាត់ និងតាមដានកម្មវិធីទំព័រហ្វេសប៊ុក «គិតគូរកូន» ឬក្រសួងពាក់ព័ន្ធ ដើម្បីទទួលបានចំណេះដឹង ក្នុងការការពារកូន ពីការំលោភបំពាននានាពីប្រព័ន្ធអនឡាញ។ 
 
ជាមួយគ្នានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានមានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ពិតជាមានសារប្រយោជន៍សម្រាប់ការសិក្សារបស់កុមារ។ ប៉ុន្តែស្របពេលនោះដែរ មាតាបិតា អាណាព្យាបាល និងគ្រូគួរតែយកចិត្តទុកដាក់លើពួកគេ ដើម្បីជៀសវាងហានិភ័យផ្សេងៗ។ 
 
«ពេលដែលសិស្សានុសិស្សប្រើប្រាស់ប្រព័ន្ធអនឡាញ គឺអាចប្រឈមជាមួយហានិភ័យមួយចំនួនដូចជា ការគំរាមកំហែង ការឆបោក ការបៀតបៀនផ្លូវភេទ និងការជួបប្រទះមាតិកាមិនសមរម្យជាដើម។ សូមសិស្សានុសិស្សទាំងអស់ ប្រុងប្រយ័ត្ន និងប្រាប់មាតាបិតា អាណាព្យាបាល ឬគ្រូបង្រៀន បើសិនជាជួបបញ្ហាខាងលើ»។ នេះជាការសាររបស់រដ្ឋមន្ត្រីអប់រំ ដែលផ្សាយក្នុងទំព័រហ្វេសប៊ុកឈ្មោះ«គិតគូរកូន Kit Kou Kon»។
 
វិធីបង្ការ និងការពារកូន ពីបញ្ហានៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតរបស់ឪពុកវិញ ក៏មិនខុសប្លែកពីអ្នកម្តាយទំាងពីររូបខាងលើដែរ។ ដោយសារលោក រឹម រដ្ឋា មមាញឹកនឹងការបង្រៀនសិស្សថ្នាក់ទី១១ និងទី១២ នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខេត្តកណ្តាល។ ទើបលោកបែងចែកកាលវិភាគ ជាមួយភរិយាសម្រាប់បង្រៀន និងមើលថែកូន។  
 
កូនប្រុសតូច២នាក់ របស់ លោកគ្រូ រឹម រដ្ឋា គឺអាចប្រើប្រាស់ទូរសព្ទសម្រាប់រៀន និងកម្សាន្ត បានតែពេលនៅជាមួយលោក និងប្រពន្ធរបស់លោក នៅពេលយប់ប៉ុណ្ណោះ។ 
ចំពោះកូនប្រុសច្បងរបស់លោកម្នាក់ទៀត អាចប្រើទូរសព្ទបាន ប៉ុន្តែមានការឃ្លាំមើលពីលោកផ្ទាល់។ 
 
ហេតដូច្នេះ លោកគ្រូ  រដ្ឋា មិនសូវមានកង្វល់ និងព្រួយបារម្ភពីការគំរាមកំហែង និងការបៀតបៀនផ្សេងៗ ដែលកើតមាននៅក្នុងប្រព័ន្ធអ៊ីនធឺណិតឡើយ។ លោកគ្រូវ័យ៤១ឆ្នាំរូបនេះបានរៀបរាប់ដូច្នេះថា៖«ដល់ម៉ោង៧ ដល់ម៉ោង៩យប់ ភាគច្រើនខ្ញុំបើកកម្មវិធីរបស់ក្រសួងអប់រំ ដើម្បីឲ្យគាត់រៀន។ ប៉ុន្តែកូនប្រុសច្បង គាត់រៀនទី១២ អ៊ីចឹង គាត់ត្រូវប្រើទូរសព្ទច្រើន ប៉ុន្តែខ្ញុំរៀងតឹងតែងជាមួយគាត់»៕ 
 
 
 
 

Tag:
 ឪពុកម្តាយ
 សិស្ស
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com