ជាតិ
សង្គមជាតិ
អាជ្ញាធរបញ្ជូនបុរសម្នាក់ ដែលរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទៅពន្ធនាគារ
27, May 2021 , 11:26 am        
រូបភាព
រូបភាពពីលោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
រូបភាពពីលោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ដោយ:
ភ្នំពេញ៖ អាជ្ញាធរបានបញ្ជូនអ្នកជំងឺកូវីដ-១៩ម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាល កាលពីថ្ងៃទី២២ ខែឧសភា ទៅពន្ធនាគារព្រៃស។ ការបញ្ជូននេះ ធ្វើឡើងក្រោយពីបុរសនោះ បានជាសះស្បើយពីជំងឺកូវីដ-១៩។ នេះបើតាមលោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបញ្ជាក់នៅក្នុងហ្វេសប៊ុក។

 
លោក រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា អាជ្ញាធរបានបញ្ជូនបុរសនោះទៅពន្ធនាគារព្រៃស តាមដីការបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរ រស់ សាម៉ឺឌី កាលពីថ្ងៃទី២៦ ខែឧសភា ។ 
 
កាលពីថ្ងៃទី២២ ខែឧសភា បុរសរូបនោះបានរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លំាង។ ក្រោយពីបុរសនោះរត់បាន១៥នាទី ក្រុមសមត្ថកិច្ចក៏បានដេញចាប់មកវិញ នៅត្រង់ចំណុចផ្លូវ៣៧១ កែងនឹងផ្លូវ២០០២ ដើម្បីយកមណ្ឌលព្យាបាលជំងឺកូវីដ-១៩វិញ។ ក្រោយព្យាបាលជាសះស្បើយហើយ អាជ្ញាធរក៏បញ្ជូនបុរសនោះ ទៅឃុំខ្លួននៅពន្ធនាគារ ដើម្បីបន្តនីតិវិធីច្បាប់។
 
បើតាមលោក រ័ត្ន ស្រ៊ាង បុរសរូបនោះ បានល្មើសពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ «អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែល វិជ្ជមានជំងឺកូវីដ-១៩ សូមមេត្តាចូលរួមអនុវត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការ អត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដ៏ទៃក្នុងក្រុមគ្រួសារនិងសហគមន៍ផង និង ត្រូវមានទោសទណ្ឌ ជាប់ពន្ធនាគាររយៈពេលវែងផងដែរ»។ នេះបើតាមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
 
យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បើបុគ្គលណារត់ចេញពីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បុគ្គលនោះ នឹងត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល។ ក្នុងករណីបុគ្គលនោះបានចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ៕ 
 
 
 

Tag:
 ពន្ធនាគារ
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com