ជាតិ
កម្ពុជា កំណត់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅចុងខែវិច្ឆិកា ក្រោយខកខាននៅឆ្នាំមុន
27, May 2021 , 8:29 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកាខាងមុខ។ នេះបើតាមលិខិត របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៦ ឧសភា។


រដ្ឋលេខាធិការក្រសួងការបរទេស លោក លុយ ដាវីត បានបញ្ជាក់ថា គណកម្មការលោកកំពុងរៀបចំដំណើរការកិច្ចប្រជុំនេះហើយ។ អនុប្រធានប្រចាំការ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបរូបនេះ បានបន្ថែមថា ភាគីសមាជិកASEMទាំងអស់ ក៏ដូចជាកម្ពុជា សុទ្ធតែមានបំណងចង់ឱ្យរៀបចំកិច្ចប្រជុំផ្ទាល់ទល់មុខគ្នា ប៉ុន្តែចំណុចនេះ ត្រូវរង់ចាំមើលកិច្ចពិគ្រោះយោបល់ និងលទ្ធភាពនៃការគ្រប់គ្រងស្ថានភាពកូវីដ-១៩ ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ រដ្ឋលេខាធិការក្រសួងការបរទេសរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំនៅតែមានសេចក្តីសង្ឃឹមអ៊ីចឹងថា យើងនៅតែអាចរៀបចំ(កិច្ចប្រជុំទល់មុខគ្នា)បាន។ ហើយខាងខ្ញុំនេះ នឹងបន្តសហការជាមួយនឹងខាងគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដើម្បីពិនិត្យថាតើវិធានការសុខាភិបាលមួយណា ដែលយើងនឹងយកមកដាក់អនុវត្តនៅពេលដែលគណៈប្រតិភូគេមក»។
 
សម្រាប់លោក លុយ ដាវីត ការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺវាជាឱកាសធំ ដែលអាចឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ។ «(កិច្ចប្រជុំនេះ) យើងអាចទាក់ទាញបានការចាប់អារម្មណ៍ទៅលើពិភពលោក ពីពិភពលោកថា កម្ពុជាយើងមានការរីកចម្រើនដល់ណាហើយ ឱ្យគេឃើញផ្ទាល់ភ្នែក។ ហើយវាក៏បញ្ជាក់ពីតួនាទីរបស់កម្ពុជា ក្នុងការដើរតួនៅលើឆាកអន្តរជាតិ និងតំបន់ផងដែរ»។ នេះបើតាមអនុប្រធានប្រចាំការ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប។
 
ដំបូងឡើយ កម្ពុជា គ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅរាជធនីភ្នំពេញ នាថ្ងៃទី១៦ និង១៧ វិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែដោយសារតែជំងឺកូវីដ-១៩ រាតត្បាតខ្លាំង ទើបសម្រេចពន្យាពេល មកធ្វើនៅពាក់កណ្ដាលឆ្នាំ២០២១នេះ ។ តែស្ថានភាពជំងឺកូវីដ-១៩បច្ចុប្បន្ន នៅតែបន្តគំរាមកំហែងនោះ ទើបសម្ដេចនាយករដ្ឋមន្រ្តី កំណត់ឱ្យរៀបចំកិច្ចប្រជុំ នៅចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។
 
ជុំវិញកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ សម្ដេច ហ៊ុន សែន ចាត់ទុកជាប្រវត្តិសាស្ត្រការទូតធំបំផុត សម្រាប់កម្ពុជា ក្នុងការចូលរួមស្វែងរកកាលានុវត្តភាព នៃសេដ្ឋកិច្ចពិភពលោក។ឭ សម្ដេច ហ៊ុន សែន បាននិយាយកន្លងមកថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ វាជាឱកាសសម្រាប់កម្ពុជា បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយម និងការដោះស្រាយបញ្ហាប្រឈមជាសាកលផងដែរ។ បើតាមប្រមុខរដ្ឋាភិបាល កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិកាដែលផ្ដល់កាលានុវត្តភាពជាច្រើនដល់កម្ពុជា នូវការជំរុញសមាហរណកម្មខ្លួន កាន់តែរហ័សនិងស៊ីជម្រៅ នៅក្នុងតំបន់ និងពិភពលោក។
 
កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) បានបង្កើតឡើង នៅឆ្នាំ១៩៩៦ ដើម្បីផ្សាភ្ជាប់អាស៊ីនិងអឺរ៉ុប តាមរយៈវេទិកាសន្ទនា និងសហប្រតិបត្តិការួមគ្នា។ កម្ពុជា បានក្លាយជាសមាជិកASEM នៅឆ្នាំ២០០៤។ កម្ពុជា គឺជាប្រទេសទី៤ ក្នុងចំណោមប្រទេសតំបន់អាស៊ាន បន្ទាប់ពីប្រទេសថៃ (១៩៩៦) វៀតណាម(២០០៤) និងឡាវ (២០១២) ដែលក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ,គណៈកម្មាធិការអឺរ៉ុប និងសមាគមន៍អាស៊ាន។
 
បើគិតចាប់តាំងពីឆ្នាំ១៩៩៦មក កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) បានរៀបចំចំនួន១២លើកហើយ ដោយក្នុងនោះធ្វើឡើងនៅប្រទេសថៃ (១៩៩៦) អង់គ្លេស (១៩៩៨) កូរ៉េខាងត្បូង (២០០០) ដាណាម៉ាក (២០០២) វៀតណាម (២០០៤) ហ្វាំងឡង់ (២០០៦) ចិន (២០០៨) បែលហ្ស៊ិក (២០១០) ឡាវ (២០១២) អ៊ីតាលី (២០១៤) ម៉ុងហ្គោលី (២០១៦) និងបែលហ្ស៊ិកម្តងទៀត នាឆ្នាំ២០១៨ ។ 
បច្ចុប្បន្នប្រទេសដែលជាសមាជិក ASEM មាន៥១ប្រទេស ក្នុងនោះមាន អូស្ត្រាលី, អូទ្រីស, បង់ក្លាដែស, បែលហ្ស៊ិក, ប្រ៊ុយណេ, ប៊ុលហ្គារី, កម្ពុជា, ចិន, ក្រូអាត, សាធារណរដ្ឋឆែក, ដាណឺម៉ាក, អេស្តូនី, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, ក្រិក, ហុងគ្រី, ឥណ្ឌា, ឥណ្ឌូណេស៊ី, អៀរឡង់, អ៊ីតាលី, ជប៉ុន, កាហ្សាក់ស្ថាន, កូរ៉េខាងត្បូង, ឡាវ, ឡេតូនី, លីទុយអានី, លុចសំបួ, ម៉ាឡេស៊ី, ម៉ាល់ត៍, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, ហូឡង់, នូវែលសេឡង់, ន័រវេស, ប៉ាគីស្ថាន, ហ្វីលីពីន, ប៉ូឡូញ, ព័រទុយហ្គាល់, រុស្ស៊ី, សិង្ហបុរី, ស្លូវ៉ាគី, ស្លូវេនី, អេស្ប៉ាញ, ស៊ុយអែត, ស្វ៊ីស, ថៃ, ចក្រភពអង់គ្លេស និងវៀតណាម។ សហភាពអឺរ៉ុប និងអាស៊ាន ជាអង្គការប្រចាំតំបន់ដែលចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ៕
 
 

Tag:
 ASEM Meeting
© រក្សាសិទ្ធិដោយ thmeythmey.com