សុខភាព
អន្តរជាតិ
WHO៖ អត្រា​ជំងឺគ្រុនចាញ់​ធ្លាក់ចុះ ប៉ុន្តែការប្រយុទ្ធប្រឆាំង​ដ៏​ធំ​នៅតែ​បន្ត
12, Dec 2013 , 6:54 pm        
រូបភាព
អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ការប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺគ្រុនចាញ់​បាន​សង្គ្រោះ​ជីវិត​ចំនួន៣,៣លាន​នាក់​ទូទាំង​ពិភពលោក បើ​គិត​ចាប់តាំងពី​ឆ្នាំ២០០០ ប៉ុន្តែ ជម្ងឺ​ដែល​កើតឡើង​ដោយសារតែ​សត្វ​មូស​មួយ​នេះ​នៅតែ​បានសម្លាប់​ជីវិត​មនុស្ស៦២៧.០០០នាក់​កាលពី​ឆ្នាំមុន ជាពិសេសក្មេងៗនៅ​អាហ្វ្រិក។ 


បើ​យោងទៅតាម​របាយការណ៍​ស្តីពី​ជម្ងឺគ្រុនចាញ់​ប្រចាំឆ្នាំ២០១៣ របស់ WHO ការខ្វះខាត​នូវ​មូលនិធិ និង​ឧបករណ៍​ការពារ​ជា​មូលដ្ឋាន​ដូចជា​ម៉ុង​សម្រាប់​ដេក បង្ហាញថា ជម្ងឺគ្រុនចាញ់​នៅតែ​ជា​ក្តីបារម្ភ​ដ៏​ចម្បង ជាពិសេស​ក្នុង​ទ្វីបអាហ្វ្រិក និង​អាស៊ីអាគ្នេយ៍។

លោក Margaret Chan ប្រធាន WHO បាន​និយាយថា៖ «អ្វីដែល​ច្បាស់​នោះ​គឺថា មនុស្ស​ជាច្រើន​នាក់​បាន​ឈឺ​ជម្ងឺ​នេះ ហើយ​ការស្លាប់​ដោយ​មូស​ខាំ ជា​សោកនាដកម្ម​មួយ​ក្នុងចំណោម​សោកនាដកម្ម​ដ៏​ធំ​បំផុត​នៃ​សតវត្សរ៍​ទី២១»។

WHO បាន​បញ្ជាក់ថា ការ​កើន​នូវ​មូលនិធិ​ពិភពលោក​ក្នុង​រយៈពេល១ទសវត្សរ៍​កន្លងទៅនេះ បានផ្តល់​ឲ្យ​មានការ​ប្រយុទ្ធប្រឆាំង​យ៉ាងខ្លាំង​ក្លា​ទៅលើ​ជម្ងឺគ្រុនចាញ់ ប៉ុន្តែ បើទោះបី​កម្រិត​មូលនិធិ​កើន​រហូតដល់២,៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១២ ក៏ដោយ ប៉ុន្តែ វា​នៅតែ​ជា​ចំនួន​ពាក់កណ្តាល​ប៉ុណ្ណោះ​ចំពោះ​អ្វីដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា អ្នក​ដែល​ងាយ​រងគ្រោះ​ដោយ​ជម្ងឺ​នេះ បានទទួល​ឱកាស​ជួយសង្គ្រោះ៕

ប្រែ​សម្រួល​ដោយ ផេង សំណាង

   

© រក្សាសិទ្ធិដោយ thmeythmey.com