ជាតិ
ត្រី៖ ប្រភព​អាហារូបត្ថម្ភ​​មិនអាច​ខ្វះ​បាន​សម្រាប់​កម្ពុជា​គន្លឹះ​ទប់ស្កាត់​​ការ​ខ្វះ​អាហារូបត្ថម្ភ​និង​សន្តិសុខ​ស្បៀង​អាហារ​
28, May 2021 , 11:29 pm        
រូបភាព
ត្រី​តូចៗ​​​ដែល​អ្នក​នេសាទ​ ​​នេសាទ​បាន​ពី​​​ទន្លេ​មេគង្គ​ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​​​​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។​ (កាន់ វិច្ឆិកា/វីអូអេ) Photo: VOA Khmer
ត្រី​តូចៗ​​​ដែល​អ្នក​នេសាទ​ ​​នេសាទ​បាន​ពី​​​ទន្លេ​មេគង្គ​ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​​​​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។​ (កាន់ វិច្ឆិកា/វីអូអេ) Photo: VOA Khmer
ដោយ: VOA
ភ្នំពេញ-នៅ​រសៀល ម៉ោង​១ ​ថ្ងៃទី​២២ ខែឧសភា​អ្នកស្រី ច្វា​ រីយ៉ា កំពុង​លើក​ត្រី​ដែល​នេសាទ​បាន​ពី​ទន្លេ​មេគង្គ យក​ទៅដាក់​លក់​នៅ​ក្បែរ​ផ្លូវ​ជិត​មាត់​ទន្លេ​ក្នុង​សង្កាត់ជ្រោយ​ចង្វារ រាធានី​ភ្នំពេញ។ ស្រ្តី​វ័យ​២៣​ឆ្នាំ​រូប​នេះ​និយាយ​ថា ក្នុង​រយៈពេល​ជាង​២០ ​ឆ្នាំ​នេះ អ្នក​ស្រីនិង​ក្រុម​គ្រួសារ​បរិភោគ​ត្រី​ជា​ប្រចាំ​ថ្ងៃ ហើយ​ពឹង​ផ្អែក​លើ​ត្រី​ដែល​នេសាទ​បាន​ពី​ទន្លេដើម្បី​ប្រកប​របរចិញ្ចឹម​ជីវិត​។

 
អ្នកស្រី ច្វា​ រីយ៉ា ថ្លែង​ថា៖ «ខ្ញុំ​យក​មក​លក់​ខ្លះ​ទៅបង ត្រី​ណា​ទុក​ហូប​ យើង​ទុក​ហូប​ដែរ​ទៅ។ (ធ្វើម្ហូប) ច្រើន​ដែរ​បង​អើយ យើង​អត់​មាន​អីធ្វើ​ម្ហូប យក​ត្រី​ហ្នឹង​ហើយ​ធ្វើ​ម្ហូប​ហ៎រ»។
 
ជាទូទៅ​អ្នកស្រី រីយ៉ា ​និង​ក្រុម​គ្រួសារ បរិភោគ​ត្រី​តូចៗ​ស្ទើ​តែ​រាល់​ថ្ងៃ​ដោយសារ​វា​មាន​តម្លៃ​ធូរ​ថ្លៃ និង​ដោយសារ​អ្នក​ស្រី​ត្រូវ​យក​ត្រី​ធំៗ​ទៅ​លក់​ឲ្យ​អតិថិជន ដែល​និយម​ត្រី​មាន​សាច់។
 
អ្នកស្រី​ថ្លែង​ថា៖ «ត្រី​ឆ្អឹង ត្រី​អី ត្រី​ឆ្កែង ត្រី​រៀល អីអ៊ី​ចឹង អាហ្នឹង​និយាយ​រួម​វា​ឆ្ងាញ់។ វា​មាន​ជាតិ​ជាង​ត្រី​សាច់​យើង អាត្រី​ឆ្លាំង ត្រី​អី​អ៊ី​ចឹង។ តែ​អ្នក​ខ្លះ​អត់​ដឹង អ៊ី​ចឹងរក​តែ​ត្រី​សាច់​ទេ»។
 


អ្នកស្រី ច្វា រីយ៉ា​ កំពុង​អង្គុយលក់​ត្រី​នៅ​ក្បែរ​ផ្លូវ​ជិត​មាត់​ទន្លេ​ក្នុង​សង្កាត់ជ្រោយ​ចង្វារ រាធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។​ (កាន់ វិច្ឆិកា/វីអូអេ)
 
មាន​មុខ​របរ​ដូចគ្នា​នឹង​អ្នកស្រី រីយ៉ា ដែរ​ អ្នកស្រី យ៉ា រ៉យ៉ាន អាយុ​ ៣០​ឆ្នាំ​និង​អ្នកស្រី រ៉ ហ្សា អាយុ ២៦​ឆ្នាំ​បាន​ប្រាប់​ VOA ថា អ្នកស្រី​ទាំង​ពីរ​នាក់ និង​ក្រុម​គ្រួសារ បរិភោគ​ត្រី​ដែល​នេសាទ​បាន​ជាពិសេស​ត្រី​តូចៗ​ជា​ប្រចាំ។
 
អ្នកស្រី រ៉ ហ្សា បាន​ថ្លែង​ថា៖ «រាល់ដង​ញ៉ាំ​ត្រី​ច្រើនជាង​សាច់ ព្រោះ​ត្រីវា​មាន​វីតាមីន​ច្រើន​ជាងវា​មាន​ជាតិ​បំប៉ន ដូចជា​ឆ្អឹងត្រី​ឆ្អឹង​អី»។
 
ស្ត្រី​ទាំង​បី​នាក់​នេះ​ទំនង​ជា​មិន​បាន​ដឹង​ស៊ីជម្រៅ​ថា ពួកគេ​និង​ក្រុម​គ្រួសារ​កំពុង​បរិភោគ​អាហារ ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ចម្រុះ ដែល​អ្នក​ស្រាវជ្រាវ​នៅ​ជុំវិញ​ពិភពលោក​បាន​រក​ឃើញ​ថា ជា​ប្រភព​នៃ​ការ​ទ្រទ្រង់​សុខភាព​រាងកាយ​និង​ការ​លូតលាស់​ផ្នែក​ខួរ​ក្បាល​របស់​មនុស្ស។ បន្ទាប់​ពី​អង្ករ ត្រី​គឺជា​អាហារ​ដែល​ត្រូវ​បាន​ទទួល​ទាន​ច្រើន​បំផុតទី​២ ដោយ​ប្រជាជន​នៅ​កម្ពុជា ដែល​មាន​ប្រជាជន​ប្រមាណ ១៦​លាន​នាក់។
 
អ្នកស្រី Shakuntala Haraksingh Thilsted គឺ​ជា​អ្នកជំនាញ​ផ្នែក​ត្រី និង​អាហារូបត្ថម្ភ​នៃ​អង្គការ​World Fish Center ដែល​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​ស្បៀង​អាហារ​ពិភពលោក​សម្រាប់​ឆ្នាំ ២០២១ ដែល​ពាន​រង្វាន់​នេះ​មាន​តម្លៃ​ស្មើ​នឹង​ពានរង្វាន់​ណូបែល (Nobel Prize)។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ VOA អ្នកស្រីលើក​ឡើង​ថា ត្រី​សម្បូរ​ទៅ​ដោយ​វីតាមីន​ជាតិ​រ៉ែ និង​អាស៊ីត​ខ្លាញ់​សំខាន់ៗ ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ខួរក្បាល និង​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​កង្វះ​អាហារូបត្ថម្ភ។ អ្នកស្រី​បញ្ជាក់​ទៀត​ថា ត្រីតូចៗ មាន​អត្ថប្រយោជន៍​ច្រើន​ជាង​ត្រី​ធំៗ ដោយសារ​គេ​អាច​បរិភោគ​ទាំង​ក្បាល និង​ឆ្អឹង ដែល​ជា​ផ្នែកមាន​សារធាតុ​ចិញ្ចឹម​ច្រើន។
 


ស្ត្រី​កំពុង​ធ្វើ​ត្រី​ដែលនេសាទ​បាន​ពី​ទន្លេ​មេគង្គ​ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀលថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។​ (កាន់ វិច្ឆិកា/វីអូអេ)
 
អ្នកស្រី Shakuntala ថ្លែង​ថា៖ «នៅ​ពេល​ដែល​អ្នក​បរិភោ​គ​ត្រីតូចៗ​ទាំង​នេះ​អ្ន​ក​នឹង​ទទួល​បាន​សារ​ធាតុចិញ្ចឹម​វីតាមីន និង​ជាតិ​ខនិជ និង​អាស៊ីត​ខ្លាញ់​សំខាន់ៗ ដូច្នេះ​អ្ន​ក​នឹង​មាន​ប្រយោជន៍​ទាំង​នេះ​សម្រាប់​សុខភាព​របស់​អ្នក សម្រាប់​ការចិញ្ចឹម​កូន​របស់​អ្នក។ វាល្អ​សម្រាប់​ការលូត​លាស់​ខួរក្បាល និង​ការ​យល់​ដឹងរបស់កុមារ ដូច្នេះ​នេះ​ជា​មូលហេតុ​ដែល​ត្រូវ​បរិភោគត្រី​តូចៗ»។
 
អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ថា មិន​មាន​អាហារ​ណា​មួយ​ដែល​អាចជំនួស​អត្ថប្រយោជន៍​របស់ត្រី​បាន​នោះ​ទេ ជាពិសេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​កម្ពុជា។
 
ការ​ស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញ​ពី​គុណ​តម្លៃ​អាហារូបត្ថម្ភ​របស់​ត្រី ដោយសារត្រី​ជា​ប្រភេទអាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ ជាមួយ​នឹង​កំហាប់​ខ្ពស់នៃ​វីតាមីន A វីតាមីន B12 វីតាមីន C និង វីតាមីន D កាល់ស្យូម ជាតិដែក ស័ង្កសី អាស៊ីត​ខ្លាញ់ សេលេញ៉ូម និង​ប្រូតេអ៊ីន។
 
បើ​តាម​របាយការណ៍​របស់​ជល​ផល​កម្ពុជា ប្រជាជន​កម្ពុជា​គឺជា​ជនជាតិ​មួយ​ក្នុង​ចំណោម​ជនជាតិ​ជាច្រើន ដែល​បាន​ហូប​ត្រី​ច្រើន​ជាងគេ​លើ​ពិភពលោក។ ប្រជាជន​កម្ពុជា​ម្នាក់ៗ​ហូបត្រី​ស្រស់​ជា​មធ្យម​ក្នុង​បរិមាណ ៣៧,៥ គីឡូក្រាម​ក្នុង​រយៈពេល​មួយ​ឆ្នាំ។
 
នៅ​តំបន់​វាល​ទំនាប​ជុំវិញ​បឹងទន្លេសាប​និង​ទន្លេមេគង្គ ប្រជាជន​កម្ពុជា​ម្នាក់ៗ ហូបត្រី​អស់ ៦៧ គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ។ នេះ​គឺ​ជា​អត្រា​បរិភោគ​ត្រី​ខ្ពស់​ជាង​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​ដែលប្រជាជន​ម្នាក់ៗ​ហូបត្រី​ជា​មធ្យម​ត្រឹម​១៥​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ។
 


ក្មេង​ស្រី​ម្នាក់​កំពុង​ដង​ត្រី​ចេញ​ពី​ទូក​ចាក់​ចូល​កញ្ច្រែង​ដែលនេសាទ​បាន​ពី​ទន្លេ​មេគង្គ​ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀលថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។​ (កាន់ វិច្ឆិកា/វីអូអេ)
 
 
 
 
ទ្រទ្រង់​ជីវភាព​រស់នៅ និង​សេដ្ឋកិច្ច​ជាតិ
 
វិស័យ​ជលផល​ជា​ប្រភព​អាហារូបត្ថម្ភ​យ៉ាង​ចាំបាច់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ និង​ជា​ប្រភព​ប្រាក់​ចំណូល​យ៉ាង​សំខាន់។ វិស័យ​នេះ បាន​និង​កំពុង​ផ្តល់​មុខរបរ​ដល់​ប្រជា​ពលរដ្ឋ​ជាង​៦ ​លាន​នាក់ ដែល​ស្មើនឹង​៤៥,៥% នៃ​ប្រជាជន​ទូទាំង​ប្រទេស ១០,៥% សម្រាប់​ការនេសាទ​ជា​លក្ខណៈអាជីព និង ៣៥% សម្រាប់​ការ​នេសាទ​ចិញ្ចឹម​ជីវិត។ នេះ​បើតាម​របាយការណ៍​របស់​ជលផ​ល​កម្ពុជា។​
 
ដោយ​ឡែក ជលផល​ទឹកសាប​គឺជា​ផ្នែក​សំខាន់​មួយ​នៃវប្បធម៌​សេដ្ឋកិច្ច និង​សន្តិសុខ​ស្បៀងអា​ហារ​របស់​កម្ពុជា។ វិស័យ​ជលផល​ទឹកសាប​នេះ ផ្តល់​ការងា​រ​ដល់​ប្រជាជន​ចំនួន ២ ​លាននាក់ ដែល​ក្នុងនោះ​ប្រជាជន ១ ម៉ឺន​នាក់​ធ្វើការ​ក្នុង​វិស័យ​ជល​ផល​សមុទ្រ។ នៅ​ឆ្នាំ ២០១៤ ផលិតកម្ម​ត្រី​សរុប​របស់​ប្រទេស​កម្ពុជា មាន​ចំនួន ៧៤៥.០៦៥ តោន ក្នុងនោះ​វារីវប្បកម្ម​រួម​ចំណែក​ ១​ភាគ​៦ គឺ​ស្មើ​នឹង ១២០.០៥៥ តោន និង​មាន​តម្លៃ​ជា​ទឹកប្រាក់​២៤០ លាន​ដុល្លារ។ នេះ​បើ​យោង​តាម​សេចក្តី​របាយការណ៍​របស់​អង្គ​ការ​ World Fish Center។
 
ប៉ុន្តែ គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​នៅលើ​ផ្ទៃ​និង​តាម​ដង​ទន្លេ​មេគង្គ និងទន្លេសាប​នៅក្នុង​ប្រទេស​កម្ពុជា សកម្មភាព​នេសាទ​ហួស​កម្រិត​និង​ខុស​ច្បាប់ និង​ការ​ប្រែប្រួល​អាកាសធាតុ កំពុង​គំរាម​កំហែង​ដល់​ទិន្នផល​ត្រី​ដែល​ជា​ប្រភព​របប​អាហារ​ប្រចាំ​ថ្ងៃ​ដ៏​សំខាន់របស់​ប្រជាជន​កម្ពុជា។
 


ត្រី​តូចៗ​ដែល​អ្នក​នេសាទ​ នេសាទ​បាន​ពី​ទន្លេ​មេគង្គ​ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀលថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។​ (កាន់ វិច្ឆិកា/វីអូអេ)
 


អ្នកស្រី យ៉ា រ៉យ៉ាន​ ពលរដ្ឋ​ម្នាក់​ដែលប្រកបមុខ​របរ​នេសាទ​ កំពុង​អង្គុយ​ធ្វើ​ត្រីរៀលនៅ​ខាង​មុខផ្ទះ​ក្បែរ​មាត់​ទន្លេ​ក្នុង​សង្កាត់​ជ្រោ​យ​ចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។​ (កាន់ វិច្ឆិកា/វីអូអេ)
 
កំពុង​អង្គុយ​ធ្វើ​ត្រីរៀលនៅ​ខាង​មុខផ្ទះ​ក្បែរ​មាត់​ទន្លេ​ក្នុង​សង្កាត់​ជ្រោ​យ​ចង្វារ អ្នកស្រី យ៉ា រ៉យ៉ាន​ពលរដ្ឋ​ម្នាក់​ដែលប្រកបមុខ​របរ​នេសាទ​បាន​ប្រាប់ VOA ​ថា អ្នក​ស្រី​ប្រកប​របរ​នេសាទ​ជាង​២០ ​ឆ្នាំ​មក​ហើយ។ អ្នកស្រី​ថា ឆ្នាំ​មុនៗ​អ្នក​ស្រី​អាច​រក​ត្រី​បាន​ប្រមាណជា​១០​ គីឡូ​មួយ​ព្រឹក ប៉ុន្តែនៅ​ឆ្នាំ​នេះ​អ្នក​ស្រី​រក​ត្រី​មិនសូវ​បាន​នោះ​ទេ។
 
អ្នកស្រី​ថ្លែង​ថា៖ «ឆ្នាំ​ហ្នឹង​ដាច់​ត្រី​មែន​ទែន​តែ​ម្តង សឹង​តែ​រក​លុយ​ទិញ​អង្ករ​អត់​បាន​តែម្តង»។
 
អ្នកស្រី រ៉ ហ្សា ជា​អ្នកនេសាទកំពុង​អង្គុយ​លក់​ត្រី​នៅម្តុំ​មាត់​ទន្លេ​នៃ​សង្កាត់​ជ្រោយ​ចង្វា​រាជធានី​ភ្នំពេញ។ អ្នកស្រីប្រាប់​ VOA ថា គ្រួសារ​អ្នក​ស្រី​ដែល​មាន​កូន​តូចៗ​ពីរ​នាក់ និង​ប្តី​ជា​អ្នក​នេសាទ​ក្នុង​បឹង​ទន្លេ​សាប តែង​បរិភោគ​ត្រី​ស្ទើ​តែ​រៀង​រាល់​ថ្ងៃ ដោយ​ចៀន និង​ស្លរ​ម្ជូរ​ជាមួយ​បាយ​ហើយ​ទុក​ត្រី​ធំៗ​ដើម្បី​លក់។ ត្រី​តូចៗ​មួយ​ចំនួន​ដូចជា​ត្រី​រៀល​ជា​ដើម ជាប្រភេទ​ត្រីដែល​មាន​ប្រូ​តេអ៊ីន​ខ្ពស់​ជាង​ត្រី​ផ្សេងៗ​ទៀត។
 


អ្នកស្រី រ៉ ហ្សា​ កំពុង​អង្គុយលក់​ត្រី​នៅ​ក្បែរ​ផ្លូវ​ជិត​មាត់​ទន្លេ​ក្នុង​សង្កាត់ជ្រោយ​ចង្វារ រាធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។​ (កាន់ វិច្ឆិកា/វីអូអេ)
 
អ្នកស្រី រ៉ ហ្សា ក៏​បាន​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​អំពី​កង្វះ​ធនធាន​ត្រី។ អ្នកស្រី​ថា នៅ​ឆ្នាំ​នេះ​អ្នកស្រី​រក​ត្រី​មិន​សូវ​បាន​ដោយ​សារត្រី​កាន់​តែ​ខ្សត់ ហើយ​អ្នកស្រី​ក៏​បាន​សង្កេត​ឃើញ​ថា ការ​បូម​ខ្សាច់​នៅ​តាម​ទន្លេ​មេគង្គ​និង​ទន្លេសាប​ទី​ដែល​អ្នកស្រី​និង​ក្រុមគ្រួសារ​នេសាទ​នៅ​តែ​បន្ត​កើត​មាន​ជា​ប្រចាំ។ អ្នក​ស្រី​សង្កត់​ធ្ងន់​ថា សកម្មភាព​បូមខ្សាច់​នេះ​រំខាន​ដល់​ការ​ប្រមូលផល​នេសាទ​របស់​អ្នកស្រី និង​អ្នក​នេសាទ​ជាច្រើន​នាក់​ទៀត​នៅក្នុង​សហគមន៍។​
 
អ្នកស្រី រ៉ ហ្សា ថ្លែង​ថា៖ «និយាយ​រួម​ទៅ​របៀប​ថា គេ​បូម​ខ្សាច់​ បូម​អីអ៊ី​ចឹង​វា​ផ្អើល។ វាទៅ​តាម​ដី​ខ្សាច់​ខ្លះអី​អ៊ីចឹង​ទៅ វា​ផ្អើល។ ហើយ​ណាមួយ​អត់​សូវ​មាន​ត្រី​ដូច​ឆ្នាំ​មុន​ទេ​បង»។
 
និរន្តរភាព​ជលផល​ត្រី​
 
ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នានា​លើ​ពិភពលោក​ដែល​សំបូរ​ប្រភេទ​ត្រី​ទឹកសាប និងទឹកប្រៃ​ដែល​មាន​ចំនួន​ជាង ១២០០​ប្រភេទ​ក្នុងនោះ​ប្រភេទ​ត្រី​ទឹក​សាប​មាន​ជាង​៥០០​ប្រភេទ និង​ត្រីទឹកប្រៃ​មានជាង ៧០០​ប្រភេទ។ បឹង​ទន្លេសាប ជាបឹងមួយ​ធំជាងគេ និង​សំបូរ​ត្រី​ជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ បឹងនេះ​មាន​ត្រី​ជាង​២០០​ប្រភេទ ដែល​បាន​ផ្តល់​ផលិតផល​ត្រី​ជាង ៦០​ភាគរយ​នៃ​ផលិតផល​ត្រី​ទឹក​សាប​សរុប​នៃ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​របាយការណ៍​របស់​ជល​ផល​កម្ពុជា។
 
សម្រាប់​កម្ពុជា ដើម្បី​ធានា​បានចំនួនត្រី និង​ការចិញ្ចឹម​ត្រី​មាន​និរន្តរភាព លុះ​ត្រា​តែមានការ​គ្រប់គ្រង​ជលផល​ល្អ ដូចជា​រក្សាជម្រក​ត្រី​គ្រប់គ្រង​ជលផល​តាម​ឆ្នេរសមុទ្រ​ឱ្យ​បាន​ល្អ កុំ​លក់​ត្រីតូចៗ​ទៅ​បរទេស​ដើម្បីធ្វើ​ជា​ចំណី​សត្វ ឬ​ត្រី​ធំៗ និងត្រូវអភិវឌ្ឍន៍​វារី​វប្បកម្ម​ខ្នាត​តូច។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Shakuntala Haraksingh Thilsted ​អ្នកជំនាញ​ផ្នែក​ត្រី និង​អាហារូបត្ថម្ភ​នៃ​អង្គការ​ World Fish Center។​
 


អ្នក​នេសាទ​កំពុង​ចេញ​ទូក​ទៅ​នេសាទនៅ​ទន្លេ​មេគង្គ​ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀលថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។​ (កាន់ វិច្ឆិកា/វីអូអេ)
 
អ្នកស្រី Shakuntala ថ្លែង​ថា៖ «ការ​គ្រប់​គ្រង​ឱ្យ​បាន​ត្រឹមត្រូវ ការ​រក្សា​ការ​បើក​ផ្លូវ​ទឹក និង​ទីជម្រក​ត្រី​សហគមន៍ ធ្វើ​ឱ្យ​ប្រាកដ​ថា​មិនមាន​ប្លាស្ទិច​បិទ​ផ្លូវ​ទឹក​ដែល​អាច​ឲ្យវា​រក្សា​ភាព​ស្អាតគ្រប់​វិធានការ​ទាំង​អស់ នោះ​គឺ​មាន​សារៈ​សំខាន់ណាស់»។​
 
អ្នកស្រី ​Shakuntala បាន​បន្ថែម​ថា ប្រសិន​បើ​មិនមាន​ការ​យក​ចិត្ត​ទុកដាក់​ក្នុងការ​ការពារ និង​ទប់​ស្កាត់​ការ​បាត់​បង់​ផល​ត្រី នោះ​ការ​បាត់​បង់​ធំៗ​ផ្សេង​ទៀត​នឹង​កើត​មាន។
 
អ្នកស្រី​ថ្លែង​ថា៖ «អ្នក​នឹង​មិន​ត្រឹម​តែបាត់បង់​អាហារ​នោះ​ទេ ប៉ុន្តែ​បរិស្ថាន​នឹង​រងគ្រោះ វប្បធម៌​របស់​អ្នក អត្តសញ្ញាណ​របស់​អ្នកនឹង​មាន​បញ្ហាជាច្រើន​ដែល​នឹង​រងគ្រោះ ព្រោះ​វិស័យជលផលនៅ​ប្រទេស​កម្ពុជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​វប្បធម៌ អត្តសញ្ញាណ ជីវភាព​រស់នៅ ប្រាក់​ចំណូល និង​ស្បៀង​អាហារ និងសន្តិសុខ​ស្បៀងរបស់​ប្រជាជន​កម្ពុជា»។
 
លោក ឱម សាវ៉ាត នាយកប្រតិបត្តិ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជល​ផល​ប្រាប់ VOA ថា បច្ចុប្បន្នត្រី​ធម្មជាតិ​មានការ​ថយ​ចុះ ប៉ុន្តែ​ត្រី​ចិញ្ចឹម​មានការ​កើន​ឡើងដោយសារប្រជា​ពលរដ្ឋចិញ្ចឹម​ច្រើន។ លោក​បន្ថែមថា ការ​ថយ​ចុះ​នៃ​ទិន្នផល​ត្រី​ដោយ​សារ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ការ​បាត់​បង់​ព្រៃ​លិច​ទឹក ការ​បម្លាស់​ទី​របស់​ត្រីការ​ប្រែ​ប្រួល​កម្រិត​ទឹក​ដោយសារ​ការសាងសង់​ទំនប់​វារី​អគ្គិសនីជាដើម។លោក ឱម សាវ៉ាត បន្ថែម​ថា រដ្ឋាភិបាល​និង​អ្នក​ពាក់​ព័ន្ធ​ត្រូវ​រួម​គ្នា​ទប់​ស្កាត់​ការបាត់​បង់​ត្រី​និង​ត្រូវ​ជំរុញ​ឲ្យ​មានការ​បំពេញ​នូវ​កង្វះ​ខាត​ត្រី។​
 
លោក សាវ៉ាត ថ្លែង​ថា៖ «ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​ពាក់​ព័ន្ធ​ពិសេសខាងក្រសួង​កសិកម្ម​របស់​យើង​ដែល​លោ​ក​មាន​តួនាទី​សំខាន់​ក្នុងការ​រួម​ចំណែក​ធ្វើ​ឲ្យ​បរិមាណ​ទាំង​ត្រី ទាំង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត​មាន​និរន្តរភាព។​អ៊ីចឹង​ហើយ​បាន​ជា​យើង​ត្រូវ​តែ​ជំរុញ​បើ​សិនជា​បរិមាណ​ត្រី​ធម្មជាតិ​ថយ​ចុះ​យើង​ត្រូវ​តែ​បង្កើន​វារីវប្បកម្មបាន​ន័យ​ថា​ការ​ចិញ្ចឹម​ត្រី​ហ្នឹងផ្សព្វផ្សាយ​ពី​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​ហ្នឹងឲ្យ​បាន​ច្រើន​ថែម​ទៀត»។
 
ការ​ថយ​ចុះ​ទិន្នផល​ត្រី​នៅ​កម្ពុជាជាបន្ត​បន្ទាប់​នេះ ធ្វើ​ឲ្យ​អ្នកស្រី ច្វា រីយ៉ា​ដែល​កំពុង​អង្គុយ​លក់​ត្រី​នៅ​មាត់​ទន្លេ​សង្កាត់​ជ្រោយ​ចង្វារ​បារម្ភ​ពី​អនាគត​នៃ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី​និង​ក្រុម​គ្រួសារ។
 
អ្នកស្រី ច្វា រីយ៉ា​ ថ្លែង​ថា៖ «យើង​ធ្លាប់រក​ស៊ី​ត្រីអ៊ី​ចឹង គ្រាន់តែបើ​អត់​មាន​ត្រី​អ៊ីចឹងទៅ​យើង​ក៏​ពិបាក​រក​ស៊ី​ដែរ។ មិន​ដឹង​ថា​ទៅ​រក​ស៊ី​អី​បើ​យើង​ធ្លាប់​តែ​រក​ស៊ីក្នុង​ទឹក​តាំង​ពី​តូច​មក​ហើយ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com