អត្ថបទពាណិជ្ជកម្ម
លោកគ្រូនាយកសាលាចូលនិវត្តន៍ ឡុញ នាង ទទួលបានជ័យលាភីពីកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០
31, May 2021 , 5:02 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១៖ ជ័យលាភី នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ គឺជាលោកគ្រូនាយកសាលាចូលនិវត្តន៍វ័យ ៦០ឆ្នាំ ឡុញ នាង ដែលរៃអង្គាសប្រាក់ដើម្បីជួយកុមារក្រីក្រ និងកុមារកំព្រា ដើម្បីឱ្យពួកគេទទួលបានឱកាសបន្ដការសិក្សា។ 
 
លោកគ្រូ ឡុញ នាង ដែលបានត្រូវបានជ្រើសរើស ដោយគណៈកម្មការ ដែលមានសមាសភាព៣រូប ក៏រៃអង្គាសប្រាក់ ជួយសហគមន៍របស់គាត់ផងដែរ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ លោកគ្រូ ត្រូវបានជ្រើសតាំង ជាជ័យលាភីនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ ដែលត្រូវបានជ្រើសរើស ក្នុងចំណោមបេក្ខជន និងបេក្ខនារី វគ្គផ្តាច់ព្រ័ត្រចំនួន ១០នាក់។ លោកគ្រូ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១០.០០០ដុល្លារ ព្រមទាំងពានរង្វាន់មួយផងដែរ។
 
 ក្នុងពេលទទួលពានរង្វាន់  លោក លោកគ្រូ ឡុញ នាង បានមានប្រសាសន៍ថា៖ “ខ្ញុំបាទមានចិត្តរំភើបរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបានទេ គឺថាខ្ញុំរំភើបណាស់ មិនមែនរំភើបថា នឹងទទួលបានជាពានរង្វាន់ ឬជាប្រាក់អីទេ ប៉ុន្តែវាជាអំពើល្អ ដែលខ្ញុំបានខិតខំ រយៈពេលជីវិតជាគ្រូបង្រៀន ៤០ឆ្នាំមកនេះ ត្រូវបានទទួលស្គាល់។ អ្វីដែលខ្ញុំទទួលបានលទ្ធផលថ្ងៃនេះ អ្វីដែលជោគជ័យ ក្នុងការជួយឧបត្ថម្ភសិស្សក្រីក្រនេះ គឺមានការសហការជាច្រើន ជាមួយសហការី លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន សប្បុរសជន សហគមន៍ រួមទាំងព្រះសង្ឃផងដែរ ដោយបានចូលរួមខិតខំកៀរគរ ស្វែងរកថវិកាឧបត្ថម្ភ ដោយផ្តោតអារម្មណ៍ខ្លាំងទៅលើសិស្សក្រីក្រ ព្រោះថាសិស្សក្រីក្រនេះ គឺជាមុខសញ្ញាមួយ ដែលងាយរងគ្រោះក្នុងការបោះបង់ការសិក្សា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្មវិធីពលរដ្ឋគំរូ Smart ដែលបានជ្រើសរើសខ្ញុំជាជ័យលាភី”។


 
មុនពេលប្រកាសក្លាយជាអ្នកឈ្នះ លោកគ្រូ ឡុញ នាង បានថ្លែងថា លោកនឹងប្រើប្រាស់ប្រាក់រង្វាន់នេះ ដើម្បីជួយដល់សហគមន៍របស់លោក។ លោកបានបន្ថែមថា លោក ក៏នឹងជួយគ្រូបង្រៀនក្រីក្រ និងសិស្សក្រីក្រផងដែរ។
 
កម្មវិធីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart Axiata គឺជាផ្នែកមួយនៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន ដែលមានគោលបំណង លើកស្ទួយសាមគ្គីភាព រវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅទូទាំងប្រទេស។ យុទ្ធនាការនេះ ក៏មានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ និងបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចម្រៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗទៀត និងពានរង្វាន់ពលរដ្ឋគំរូ Smart នេះ។
 
នៅក្នុងសុន្ទរកថាបើកកម្មវិធីវគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកជ័យលាភីនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart នេះ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “បើទោះជាយើងដឹងហើយថា នឹងមានអ្នកឈ្នះតែម្នាក់ក្តី នៅពេលយើងចាប់ផ្តើមកម្មវិធីនេះ នៅខែធ្នូឆ្នាំមុន អ្វីដែលយើងបានរកឃើញ នៅក្នុងពេលដំណើរការកម្មវិធីនេះគឺថា មានពលរដ្ឋកម្ពុជាជាច្រើន ដែលកំពុងធ្វើអំពើល្អ និងសកម្មភាពល្អ ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយនៅក្នុងសង្គម ហើយនេះ គឺជាអ្វីដែលកម្មវិធីនេះចង់បាន ដោយទទួលស្គាល់អ្នកដែលលះបង់ជួយយកអាសារអ្នកដទៃ ជាពិសេសក្នុងអំឡុងពេលដ៏លំបាកបែបនេះ”។
 
គណៈកម្មការរបស់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ គឺអ្នកគ្រូ នាង ផល្លា ដែលជាអតីតបេក្ខភាពមួយរូប ក្នុងចំណោមបេក្ខភាពទាំង១០ រូបនៃពានរង្វាន់គ្រូបង្រៀនពិភពលោក និងជាគ្រូបង្រៀនសិស្សពិការភ្នែកដំបូងគេ។ លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូបនៅកម្ពុជា និងជាអ្នកឆ្លើយឆ្លងឲ្យទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុន និងលោកស្រី តេង សុផាន់ណា ជាប្រធានផ្នែកធនធានមនុស្ស របស់ក្រុមហ៊ុន Smart Axiata។
 



លោក ពុយ គា តំណាងគណៈកម្មការទាំងបីរូប បានមានប្រសាសន៍ថា៖ “ពានរង្វាន់ពលរដ្ឋគំរូនេះ នឹងជះឥទ្ធិពលធំណាស់ដល់សង្គមទាំងមូល តាមរយៈការរួមចំណែក ពីបុគ្គលម្នាក់ៗដែលអាចធ្វើបាន ទោះបីជាជីវភាពខ្លួនឯងជួបការលំបាកក៏ដោយ ក៏នៅតែអាចធ្វើអំពើល្អ ជាគំរូដល់អ្នកដទៃ ហើយគំរូបែបនេះ នឹងអង្រួនទឹកចិត្តយុវជន និងអ្នកដែលមានលទ្ធភាពនិងធនធានឲ្យ ចូលរួមជួយសង្គមកាន់តែច្រើនៗឡើង”។
 
ក្នុងរយៈពេល ៦ខែ នៃដំណើរការកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart នេះ អ្នកជ្រើសតាំង ត្រូវបានអនុញ្ញាតឱ្យជ្រើសតាំងបេក្ខជន បេក្ខនារី តែម្នាក់ប៉ុណ្ណោះ ហើយអ្នកជ្រើសតាំង ត្រូវបានស្នើឱ្យផ្តល់ព័ត៌មានទំនាក់ទំនងលម្អិត របស់អ្នកដែលត្រូវបានជ្រើសតាំង និងការពិពណ៌នាសង្ខេប អំពីអំពើល្អដែលអ្នកដែលត្រូវបានជ្រើសតាំងបានធ្វើ។ ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់ បានជ្រើសតាំងអ្នកដែលពួកគេយល់ឃើញថា បានធ្វើអំពើល្អ។
 
អ្នកដែលត្រូវបានជ្រើសតាំង ដែលសាកសមបំផុត ត្រូវបានទាក់ទងដោយអ្នករៀបចំកម្មវិធី ដើម្បីស្វែងរកព័ត៌មានបន្ថែម អំពីប្រវត្តិ និងអំពើល្អ ដែលជួយឱ្យពួកគេត្រូវបានជ្រើសតាំង។ ក្រោយមក អ្នករៀបចំកម្មវិធី បានចេញផ្សាយព័ត៌មានលម្អិត របស់អ្នកដែលត្រូវបានជ្រើសតាំងទាំងនោះ។
 
យុទ្ធនាការនេះ ក៏រួមមានពានរង្វាន់ប្រជាប្រិយភាពផងដែរ ដែលត្រូវបានសម្រេចដោយការបោះឆ្នោត ពីសាធារណជន។ ជ័យលាភីពានរង្វាន់ប្រជាប្រិយភាព របស់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាត ឆ្នាំ២០២០ បានទៅលើអ្នកនាង សឿង សុថារី ដែលនឹងទទួលបានប្រាក់រង្វាន់ ចំនួន ១.០០០ដុល្លារ។
 
អ្នកនាង សឿង សុថារី បានជាប់ជាបេក្ខនារី ដែលមានប្រជាប្រិយភាពនេះ ដោយសារការងាររបស់គាត់ ពាក់ព័ន្ធនឹងការការពារបរិស្ថាន ការផ្សព្វផ្សាយអំពីបរិស្ថាន ការបង្កើតផលិតធុងសំរាមបរិស្ថាន ពីសម្បកកង់រថយន្តចាស់ៗ និងការជួយយកអាសារដល់ចាស់ជរា។
 
យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  របស់ក្រុមហ៊ុន   Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ «ឆ្ពោះទៅមុខរួមគ្នា»។ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ក៏បានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ។
 
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com