កីឡាជាតិ
ជាតិ
លោក Lee Tae Hoon ជាអ្នកចាត់ការថ្មី នៃក្លិបកងយោធពលខេមរភូមិន្ទ
01, Jun 2021 , 11:25 am        
រូបភាព
ដោយ៖ ធឿន បញ្ញាឫទ្ធិ
ភ្នំពេញ៖ លោក Lee Tae Hoon ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មី របស់ក្លិបកងយោធពលខេមរភូមិន្ទ ជាផ្លូវការ ដោយចុះកិច្ចសន្យារយៈពេល២ឆ្នាំ នៅថ្ងៃទី១ មិថុនា។


មុនមកដឹកនាំក្លិបកងយោធពលខេមរភូមិន្ទនេះ លោក Lee បានទៅដឹកនាំក្លិប HOANG ANH Gia Lai FC នៅក្របខណ្ឌលីគទី១ របស់វៀតណាម រយៈពេល១រដូវកាល គឺ២០១៩-២០២០  ដោយកាន់តួនាទី ជានាយកបច្ចេកទេសក្លិប។
 
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ក៏ជាអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជាផងដែរ។ លោក Lee ធ្លាប់បានដឹកនាំជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០១០-២០១២ ។ ក្រោយមកគ្រូបង្វឹកវ័យ៦១ឆ្នាំរូបនេះ ត្រូវបានតែងតាំងដឹកនាំជម្រើសជាតិកម្ពុជា ម្ដងទៀតនៅឆ្នាំ២០១៣ ដល់២០១៦ មុននឹងមកដឹកនាំជម្រើសជាតិអាយុក្រោម១៥ឆ្នាំ ពីឆ្នាំ ២០១៦ ដល់២០១៨។ លោក Lee ក៏ជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់នារីកូរ៉េខាងត្បូង នៅឆ្នាំ២០០៥ និង២០០៩ ផងដែរ។

បច្ចុប្បន្ននេះ ក្លិបកងយោធពលខេមរភូមិន្ទ ឈរលេខ៦ មាន៨ពិន្ទុក្នុងដៃ ក្រោយយកឈ្នះ២ ស្មើ២ និងចាញ់ប្រកួត នៃពានរង្វាន់មិត្តហ្វូន ២០២១នេះ។ ជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ ក៏ត្រូវមានការប្រកួតផ្សេងទៀត នៅក្នុងពានLeague Cup 2021 ដែលទើបបង្កើតថ្មីផងដែរ។ ពានថ្មីនេះ គឺមាន៨ក្រុមចូលរួមប្រកួត៕

Tag:
 Lee Tae Hoon
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com