ជាតិ
លោក ប៉ូ សុវីនដា ៖ កម្ពុជានៅតែមានតម្លៃសម្រាប់អាមេរិក ហើយកម្ពុជា ក៏មិនមែនជាកូនអុកចិនដែរ
02, Jun 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមកទស្សនកិច្ចនៅកម្ពុជារយៈពេលខ្លី កាលពីថ្ងៃទី១ មិថុនា។ ដំណើរទស្សនកិច្ចប្រើពេលមិនដល់១០ម៉ោងនេះ លោកស្រី Wendy Sherman បានជួបពិភាក្សាទ្វេភាគីជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយក៏ឆ្លៀតជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលទៀតផង។ ដំណើរទស្សនកិច្ចរយៈពេលខ្លីនេះ ត្រូវបានគេមើលឃើញថា កម្ពុជា នៅតែមានតម្លៃសម្រាប់អាមេរិក។


លោក ប៉ូ សុវីនដា អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព មើលឃើញថា ទោះកម្ពុជា ជាប្រទេសតូចក្តី ប៉ុន្តែកម្ពុជា នៅមានសារសំខាន់នៅក្នុងគោលដៅនយោបាយការបរទេសអាមេរិក ។ នៅត្រង់ចំណុចនេះលោក សុវីនដា ចង់ពន្យល់ថា គោលនយោបាយការបរទេស នៅក្នុងរដ្ឋបាលលោក ចូ បៃឌិន សម្លឹងមកចាប់ប្រទេសនៅភូមិសាស្ត្រប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ ដូច្នេះកម្ពុជា ដែលកំពុងស្និទជាមួយចិននេះ នៅតែសំខាន់ ក្នុងក្រសែភ្នែកអាមេរិក នៃភូមិសាស្រ្តនយោបាយក្នុងតំបន់នេះ។
 
សូមស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ប៉ូ សុវីនដា អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព ដូចតទៅ៖





ដ្បិតកម្ពុជា មានតម្លៃសម្រាប់អាមេរិកក្តី ប៉ុន្តែកម្ពុជា មិនអាចស្និទអាមេរិកនោះឡើយ។ នោះក៏ព្រោះតែអាមេរិក គ្រាន់តែចង់ប្រជែងអំណាចជាមួយចិន នៅក្នុងភូមិសាស្ត្រនយោបាយខ្លួនប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏រឹតតែធ្វើឱ្យកម្ពុជា និងអាមេរិក នៅតែឃ្លាតឆ្ងាយពីគ្នាដែរ។ នេះបើតាមលោក ប៉ូ សុវីនដា។
 
បើតាមអ្នកសិក្សាស្រាវជ្រាវលើនយោបាយការបរទេសអន្តរជាតិរូបនេះ មូលហេតដែលកម្ពុជា មិនអាចខិតជិតជាមួយអាមេរិកបាន ដោយសារភាគីទាំងពីរនេះ ឱ្យតម្លៃលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក្នុងរូបភាពពីរផ្សេងគ្នា។ ប៉ុន្តែភាគីទាំងពីរ នឹងបន្តពិភាក្សា និងដោះស្រាយលើបញ្ហានេះ។
 
សម្រាប់លោក សុវីនដា ការឃ្លាតឆ្ងាយពីអាមេរិក និងអឺរ៉ុបនេះហើយ ដែលជាមូលហេតុនាំឱ្យកម្ពុជា ខិតជិតទៅរកចិន។ ត្រង់ចំណុចនេះ លោក សុវីនដា មើលឃើញថា កម្ពុជា ខិតជិតទៅរកចិននេះ ក៏មិនមែនជាកំហុសរបស់កម្ពុជាដែរ។
 
និយាយរឿងងាកទៅរកចិននេះ លោក សុវីនដា ក៏មើលឃើញថា វាផ្ដល់ប្រយោជន៍ដល់កម្ពុជាច្រើន សម្រាប់ការអភិវឌ្ឍន៍ និងរីកចម្រើន ហើយកម្ពុជាក៏មិនក្លាយជា«កូនអុក»ចិនដែរ។ ក្នុងន័យនេះលោក សុវីនដា បានពន្យល់ដោយលើកឧទាហរណ៍ថា កម្ពុជាក៏ធ្លាប់ត្រូវបានគេចោទថាជា«កូនអុក»វៀតណាម ប៉ុន្តែកម្ពុជាក៏បានពង្រឹងខ្លួន ដោយមិនឱ្យស្ថិតនៅក្រោមសម្ពាធវៀតណាមឡើយ។ ដូច្នេះមេដឹកនាំកម្ពុជា ប្រាកដជាយល់ពីពាក្យថា «កូនអុក» ដែលមិនឱ្យចិន យកធ្វើជាល្បែងនយោបាយការបរទេសនោះទេ៕
 

Tag:
 ប៉ូ សុវីនដា
  ភូមិសាស្រ្តនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com