ជាតិ
អាជ្ញាធរខេត្តកំពង់ធំ ស្ដារបឹងទន្លេឆ្មាឡើងវិញ ដើម្បីពង្រឹងការអភិរក្សសត្វស្លាប និងមច្ឆជាតិចម្រុះ
03, Jun 2021 , 9:59 pm        
រូបភាព
បឹងទន្លេឆ្មា នឹងក្លាយជារមណីយដ្ឋានទេសចរណ៍សត្វស្លាបដ៏ទាក់ទាញឡើងវិញ ក្នុងខេត្តកំពង់ធំ ក្រោយអាជ្ញាធរ ស្ដារបឹងនេះ។ បឹងទន្លេឆ្មា បានរីងស្ងួតបន្តិចៗម្ដងដោយសារបម្រែបម្រួលអាកាសធាតុ។ 

 
បឹងទន្លេឆ្មា មានផ្ទៃដី៨៣០០ហិកតាលាតសន្ធឹងជាប់បឹងទន្លេសាប ដែលជាជម្រកសត្វស្លាបរាប់ពាន់ក្បាល ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង។ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា បឹងទន្លេឆ្មា ជាតំបន់អភិរក្សសត្វស្លាប និងមច្ឆជាតិចម្រុះ ដែលគ្រប់គ្រងដោយក្រសួងកសិកម្ម និងក្រសួងបរិស្ថាន។ បម្រែបម្រួលអាកាសធាតុក្ដៅខ្លាំងនៅរដូវប្រាំង បានធ្វើឲ្យទឹកបឹងទន្លេឆ្មារីងស្ងួត ដូច្នេះក្រសួងពាក់ព័ន្ធ បានចាត់ចែងក្រុមការងារបច្ចេកទេស ដើម្បីរៀបចំស្តារឡើងវិញ។
 
កន្លងមក បឹងទន្លេឆ្មា បានរីងស្ងួតជាច្រើនលើកមកហើយ ដោយសារអាកាសធាតុក្ដៅខ្លាំង និងភ្លើងឆេះព្រៃ ដែលបណ្ដាលត្រីជាច្រើនតោនងាប់ និងសត្វស្លាប ថយចុះជាងមុន។ ការស្ដារឡើងវិញនេះ អាចរក្សាទឹកបានច្រើន ដើម្បីឲ្យត្រី និងសត្វស្លាបទាំងនោះ មានជម្រក។


រូបភាពលោក វេង​ សាខុន ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

«ក្រោយស្ដារឡើងវិញ យើងនឹងរៀបចំតំបន់ហ្នឹងទៅជារមណីយដ្ឋានធម្មជាតិ»។ នេះជាការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ប្រាប់ ThmeyThmey25 ដែលបន្តថា បឹងជម្រកសត្វដ៏ធំនេះ សក្តិសមសម្រាប់អ្នកទេសចរ ដ្បិតថា សម្បូរធនធានធម្មជាតិចម្រុះ ដូចជាសត្វស្លាប និងមច្ឆជាតិផងដែរ។
 
ចំពោះការងារស្ដារឡើងវិញនេះ ក្រុមការងារនឹងចាប់ផ្ដើមអនុវត្តតែផ្នែកណាមួយប៉ុណ្ណោះ។ ដោយឡែក ការស្ដារឡើងវិញទាំងស្រុងនៃបឹងទន្លេនេះ គឺត្រូវការរយៈពេលយូរ និងចំណាយថវិកាច្រើន។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបង្កើតក្រុមការងារបច្ចេកទេស ដើម្បីរៀបចំគម្រោងស្ដារបឹងទន្លេឆ្មាឡើងវិញ។  ក្នុងនោះ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម ជាប្រធានក្រុមបច្ចេកទេស និងសមាជិកចំនួន១០នាក់ទៀត ដែលជាមន្រ្តីនៃក្រសួងកសិកម្ម និងបណ្ដាស្ថាប័នមួយចំនួនទៀត។
 
ទន្ទឹមនឹងនេះ ក្នុងសេចក្ដីសម្រេចរបស់ក្រសួងកសិកម្ម បានបញ្ជាក់ថា ក្រុមការងារទាំងអស់ទទួលបន្ទុករៀងខ្លួន ក្នុងការសិក្សា និងរៀបចំគម្រោងស្ដារបឹងទន្លេឆ្មាឡើងវិញដើម្បីធានាបាននូវផលប្រយោជន៍ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានឲ្យនៅកម្រិតទាបបំផុត៕
 
 
 

Tag:
 បឹងទន្លេឆ្មា កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com