COVID-19
អន្តរជាតិ
ចិន អនុញ្ញាតឱ្យចាក់វ៉ាក់សាំង Sinovac លើមនុស្សអាយុពី៣ឆ្នាំទៅ១៧ឆ្នាំ
05, Jun 2021 , 12:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
រដ្ឋាភិបាលចិន បានផ្ដល់ការអនុញ្ញាតបន្ទាន់ឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinovac លើមនុស្សអាយុពី៣ឆ្នាំទៅ១៧ឆ្នាំ។ ប្រធានក្រុមហ៊ុន Sinovac លោក Yin Weidong ប្រាប់ទូរទស្សន៍រដ្ឋបែបនេះនៅយប់ថ្ងៃទី៤ ខែមិថុនា។ នេះជាវ៉ាក់សាំងដំបូងដែលទទួលបានការអនុញ្ញាតឱ្យចាក់លើក្រុមមនុស្សវ័យក្មេងនៅចិន។

 
កន្លងមក ចិនផ្ដល់ការអនុញ្ញាតឱ្យផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងអស់ សម្រាប់មនុស្សអាយុ១៨ឆ្នាំឡើងប៉ុណ្ណោះ។ មកទល់ពេលនេះ វ៉ាក់សាំងប្រមាណ៥ប្រភេទដែលទទួលបានការអនុញ្ញាតបន្ទាន់ ត្រូវបានចាក់ច្រើនជាង៧០០លានដូសហើយ។ 
 
ពេលនេះ ចិន គ្រោងបន្តពង្រីកប្រជាជនគោលដៅរបស់ខ្លួនដើម្បីទទួលបានវ៉ាក់សាំង បន្ទាប់ពីអនុញ្ញាតឱ្យផ្ដល់វ៉ាក់សាំងរបស់ Sinovac លើកុមារ និងជំទង់ដែលមានអាយុពី៣ឆ្នាំទៅ១៧ឆ្នាំ។ ប្រធានក្រុមហ៊ុន Sinovac លោក Yin Weidong ប្រាប់ទូរទស្សន៍រដ្ឋចិនក្នុងកិច្ចសម្ភាសយប់ថ្ងៃទី៤ ខែមិថុនា ថា ពេលវេលាចាប់ផ្ដើមប្រើប្រាស់វ៉ាក់សាំងនេះលើក្រុមមនុស្សថ្មី ពឹងផ្អែកលើយុទ្ធនាការចាក់វ៉ាក់សាំងរដ្ឋតែប៉ុណ្ណោះ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ការសិក្សាបឋមរកឃើញថា ក្នុងការធ្វើតេស្តដំណាក់កាលទីមួយ និងទីពីរ វ៉ាក់សាំងបានរំញោចការឆ្លើយតបប្រព័ន្ធភាពស៊ាំក្នុងចំណោមអ្នកចូលរួមដែលមានអាយុ៣ឆ្នាំទៅ១៧ឆ្នាំ។ ចំណែកផលប៉ះពាល់វិញ ច្រើនមានសភាពស្រាលប៉ុណ្ណោះ។ 
 
ស្របការខិតជិតដល់ការចាក់វ៉ាក់សាំងលើក្រុមមនុស្សវ័យក្មេង លោក Yin បញ្ជាក់ថា Sinovac ក៏កំពុងសាកល្បងការចាក់វ៉ាក់សាំងដូសទីបីផងដែរ ដើម្បីជំរុញប្រព័ន្ធភាពស៊ាំ។ ប្រធានក្រុមហ៊ុនឱសថឯកជនមួយនេះបន្ថែមថា ការសាកល្បងដំណាក់ទីពីរ បានបញ្ចប់ ហើយលទ្ធផលបង្ហាញថា អ្នកចូលរួមមានកម្រិតអង្គបដិបក្ខកើនឡើង១០ដងធៀបក្នុងពេលមួយសប្ដាហ៍ និង២០ដងក្នុងពេលកន្លះខែ។ ប៉ុន្តែលោកក៏ណែនាំដែរថា ក្រុមហ៊ុនត្រូវការពេលតាមដានអង្គបដិបក្ខបន្ថែមទៀត មុននឹងចេញការណែនាំលើការចាក់ដូសទីបី។
 
ក្រៅពីវ៉ាក់សាំងរបស់ Sinovac វ៉ាក់សាំងរបស់ក្រុមហ៊ុនចិនពីរទៀតក៏កំពុងសាកល្បងលើកុមារ និងមនុស្សជំទង់ដែរ។ វ៉ាក់សាំងមួយដូសរបស់ CanSino Biologics បានឈានដល់ការសាកល្បងដំណាក់ទីពីរលើក្រុមមនុស្សអាយុចន្លោះ៦ឆ្នាំទៅ១៧ឆ្នាំ។ ចំណែកក្រុមហ៊ុនរដ្ឋ Sinopharm វិញ ក៏បានដាក់ឯកសារសុំការអនុញ្ញាតបន្ទាន់ដើម្បីចាក់វ៉ាក់សាំងលើក្មេងចន្លោះ៣ឆ្នាំទៅ១៧ឆ្នាំដែរ៕  
 

Tag:
 ចិន
  Sinovac
© រក្សាសិទ្ធិដោយ thmeythmey.com