COVID-19
ជាតិ
មគ្គុទ្ទេសក៍នៅសៀមរាប ស្នើអាជ្ញាធរឱ្យពន្លឿនការចាក់វ៉ាក់សាំងដល់ក្រុមខ្លួន ដើម្បីត្រៀមទទួលទេសចរនៅចុងឆ្នាំ
06, Jun 2021 , 5:19 pm        
រូបភាព
សៀមរាប៖ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប បានបង្ហាញអារម្មណ៍សាទរចំពោះផែនការទទួលទេសចរចាក់វ៉ាក់សាំងរួច មកតំបន់ខេត្តសៀមរាប ដែលអាចធ្វើឡើងនៅចុងឆ្នាំ២០២១ខាងមុខនេះ។ យ៉ាងណាពួកគេបានបង្ហាញការព្រួយបារម្ភ ខណៈដែលពលរដ្ឋភាគច្រើន ក៏ដូចជាមគ្គុទ្ទេសក៍ និងប្រតិបត្តិការទេសចរ មិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។

 
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា-ចិន លោក ទៀ គីឡេង បានបង្ហាញការព្រួយបារម្ភ ចំពោះហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ អំឡុងពេលទទួលភ្ញៀវទេសចរនាចុងឆ្នាំនេះ។ លោក ទៀ គីឡេង អះអាងថា មគ្គុទ្ទេសក៍ទេសចរណ៍មួយផ្នែកធំនៅក្នុងខេត្តសៀមរាប មិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។ យ៉ាងណា មគ្គុទ្ទេសក៍ភាសាចិនរូបនេះ រំពឹងថា រាជរដ្ឋាភិបាល និងពន្លឿនការចាក់វ៉ាក់សាំងដល់អ្នកប្រឈមផ្ទាល់ជាមួយទេសចរ ក៏ដូចជាសម្រាប់ពលរដ្ឋខេត្តសៀមរាបទូទៅ។  
 
«កាលពីចុងខែមីនា យើងបានសុំទៅក្រសួងទេសចរណ៍ សុឱ្យរដ្ឋាភិបាលជួយសម្រួលឱ្យមគ្គុទ្ទេសក៍ ចាក់វ៉ាក់សាំង ដូចអ្នកដែលនៅជួរមុខដែរ ដើម្បីត្រៀមខ្លួនទទួលទេសចរនៅត្រីមាសទី៤ តែបច្ចុប្បន្នអត់ទាន់ទេ ជាការព្រួយបារម្ភ...ខ្ញុំសង្ឃឹមថា រដ្ឋបញ្ជូនវ៉ាក់សាំងដល់មគ្គុទ្ទេសក៍ និងប្រតិបត្តិករ ឬប្រជាជនទូទៅក្នុងខេត្ត ព្រោះខេត្តនេះសំខាន់សម្រាប់ទេសចរណ៍ក្នុងប្រទេស បើមានអ្នកខ្លះចាក់ និងខ្លះមិនចាក់ ក៏ហានិភ័ហាភ័យដែរ»។
 
ក្រុមភ្នាកងារទេសចរនៅតាមប្រាសាទក្នុងតំបន់អង្គរ ក៏បានបង្ហាញការព្រួយបារម្ភលើចំណុចនេះដែរ។ ភ្នាក់ងារមួយរូបដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ថា ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានស្រង់ឈ្មោះខ្លួន និងក្រុមការងារឯទៀត ដើម្បីចាក់វ៉ាក់សាំងជំងឺកូវីដ១៩ តាំងពីដើមខែ មេសា មក ហើយមកដល់ពេលនេះ ពួកគេមិនទាន់បានចាក់នៅឡើយ។ វាជាការប្រឈមខ្លាំង សម្រាប់ភ្នាក់ងារទេសចរដែលប្រចាំការតាមប្រាសាទ និងជួបមនុស្សជាច្រើន។
 
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានបដិសេធតាមសំណើររបស់ក្រសួងនិងស្ថាប័នមួយចំនួន ដែលចង់បែងចែកវ៉ាក់សាំងចាក់តាមខេត្តគោលដៅ ឬស្ថាប័នខ្លះ ដោយអះអាងថា រាជរដ្ឋាភិបាលនឹងចាក់តាមផែនការដែលបានរៀបចំរួច។ រាជរដ្ឋាភិបាល កំពុងសម្រុកចាក់វ៉ាក់សាំងដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅតំបន់ផ្ទុះខ្លាំងនៃជំងឺកូវីដ១៩។
 
អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក្រ្ដ មានប្រសាសន៍ថា ការព្រួយបារម្ភរបស់មគ្គុទ្ទេសក៍ទេសចរណ៍ មិនមានបញ្ហាចោទអ្វីទេ។ លោកពន្យល់ថា ក្រសួងកំពុងប្រឹងប្រែងធ្វើកិច្ចការនេះ ហើយនឹងរៀបចំចាក់វ៉ាក់សាំងដល់ប្រតិបត្តិករទេសចរទាន់ពេលវេលា មុននឹងការទទួលទេសចរដែលបានចាក់វ៉ាក់សាំងរួចនៅចុងឆ្នាំនេះ។ លោកបន្ថែមថា៖«ដោយសាររាជរដ្ឋាភិបាល សម្រុកចាក់វ់ាក់សាំងដល់ពលរដ្ឋ ពិសសដំបូងនៅភ្នំពេញ នៅសល់មិនច្រើនទេ តាមក្រសួងទទួលបាន អាច២ខែទៀត នឹងរួចរាល់ បន្ទាប់មករដ្ឋាភិបាលអាចចាក់តាមគោលដៅសំខាន់ៗហើយ អាចទៅសៀមរាប ឬខេត្តគោលដៅផ្សេងទៀត...ខ្ញុំគិតថា មិនអីទេ ពេលវេលាទាន់ សមស្របតាមការរៀបចំរបស់រដ្ឋាភិបាល សូមរង់ចាំបន្ដិចសិន»។
 
អភិបាលខេត្តសៀមរាប លោក ទៀ សីហា លើកឡើងថា មគ្គុទ្ទេសក៍ និងប្រតិបត្តិករទេសចរ ស្ថិតក្នុងបញ្ជីដែលបានដាក់ស្នើចាក់វ៉ាក់សាំងទៅគណៈកម្មការចំពោះកិច្ច។ យ៉ាងណាលោកពន្យល់ថា ដោយសារប្រមុខរាជរដ្ឋាភិបាលសម្រុកចាក់អ្នកនៅតំបន់ប្រឈមខ្លាំងសិន ទើបសំណើរសុំវ៉ាក់សាំងមកចាក់នៅខេត្តសៀមរាប ត្រូវផ្អាក។ លោកអភិបាលខេត្តបន្ត៖« វាពាក់ព័ន្ធនឹងចំនួនវ៉ាក់សាំងទេ តើយើងទទួលបានអត់ ព្រោះសំណើរមកច្រើនណាស់នៅរដ្ឋបាលខេត្ត ខ្ញុំព្យាយាមដែរ»។
 
លោក ទៀ សីហា ពន្យល់ថា តាមផែនការរបស់ខេត្ត ប្រសិនស្ថានការបានធូរស្រាលហើយនោះ ខេត្តទេសចរណ៍មួយនេះនឹងបើកទទួលទេសចរ តែបច្ចុប្បន្ននេះ ខេត្តកំពុងរៀបចំផែនការជាក់លាក់មួយ ពិសេសពិចារណទៅលើទីតាំងណាខ្លះ ដែលគួរអនុញ្ញាតឱ្យបើកអាជីវកម្ម ទទួលទេសចរបាន។ លោកពន្យល់ថា៖« តំបន់ណាដែលអាចឱ្យគាត់ទៅទស្សនា ព្រោះអត់អាចបើកទាំងអស់ទេ នាំតែខាតពួកគាត់ទេ បើមានផ្ទុះមួយគាត់ត្រូវបិទទៀត អ៊ីចឹងបារម្ភ កុំឱ្យគាត់ចំណាយថវិកាបើកភោជនីយដ្ឋាន ឬតំបន់ពួកគាត់ឥតប្រយោជន៍...តាមពិតគាត់បើកបច្ចុប្បន្ន ទាំងប្រថុយប្រថាន តែយើងបានណែនាំហើយ...»។ 
 
រដ្ឋបាលខេត្ត នឹងចុះពិនិត្យតាមទីតាំងអាជីវកម្ម ឬរមណីយដ្ឋានទេសចរណ៍ ដែលគោរពតាមវិធានសុខាភិបាល ទើបអនុញ្ញាតឱ្យបើកដំណើរការធម្មតា អំឡុងពេលរាជរដ្ឋាភិបាលបើកទទួលភ្ញៀវទេសចរអន្ដរជាតិដែលបានចាក់វ៉ាក់សាំងរួច ចូលមកតំបន់ខេត្តសៀមរាប។
 
ក្រៅពីបារម្ភចំពោះបញ្ហាវ៉ាក់សាំងថាមានភាពយឺតយ៉ាវ ក្នុងនោះមគ្គុទ្ទេសក៍ក៏បារម្ភពីការប៉ះពាល់ផ្នែកអារម្មណ៍ដល់ទេសចរដែលមកទស្សនាក្នុងខេត្តនេះ នៅពេលគម្រោងអភិវឌ្ឍន៍ផ្លូវ៣៨ខ្សែ ត្រូវបានគេមើលឃើញថា ហាក់យឺតយ៉ាវ។ លោក ទៀ គីឡេង មគ្គុទ្ទេសក៍ទេសចរភាសាចិន មើលឃើញថា ផ្លូវខ្លះមិនទាន់ស្ថាបនារួច ខ្លះមានការជីកកកាយដាក់លូជាដើម ដែលការណ៍នេះនឹងប៉ះពាល់អារម្មណ៍ទេសចរ ដែលត្រៀមចូលមកទស្សនានៅចុងឆ្នាំនេះ។ លោកបន្ថែម៖« អាចមានបញ្ហាផ្នែកចរាចរណ៍...ផ្លូវធ្វើយឺតមែនទែន កន្លែងខ្លះធ្វើបន្ដិចហើយទុកចោលតែម្ដង»។
 
ទាក់ទងនឹងបញ្ហានេះ អភិបាលខេត្តសៀមរាប លោក ទៀ សីហា ទទួលស្គាល់ពីភាពយឺតយ៉ាវក្នុងការអនុវត្តគម្រោង តែលោកសុំការយោគយល់ ហើយក្រុមការងារកំពុងសម្រុកធ្វើដើម្បីឱ្យទាន់ផែនការដែលរំពឹងទុក។ លោកមានប្រសាសន៍ថា៖« ផ្លូវថ្នល់នេះ វាត្រូវទទួលស្គាល់ថា វាប៉ះពាល់ដល់សតិអារម្មណ៍ដល់អ្នកដំណើរ តែប៉ុន្មានថ្ងៃនេះ ទេសចរក្នុងស្រុក មកដើរលេងតាមហ្នឹង... គម្រោងអាចចប់ខែធ្នូ តែអាចពន្យារពេល១ខែ ២ខែ»។
 
លោកអភិបាលខេត្តពន្យល់ពីមូលហេតុខ្លះៗដែលធ្វើឱ្យគម្រោងស្ថាបនាផ្លូវមានភាពយឺតយ៉ាវ ឬខ្លះទុកត្រូវទុកចោល៖« វាស្មុគស្មាញដែរ ការជីកលូមិនមិនដាក់លូទេ យើងដាក់លូទឹកស្អាត លូទឹកភ្លៀង លូទឹកកខ្វក់ ពិសេសស្មុគស្មាញខ្សែកាបក្រោមដី ខ្សែកាបអគ្គិសនិ មានផែនការហើយតែការចុះអនុវត្តមិនស្របគ្នា...ចឹងអ្នកជីកមុនអ្នកជីកក្រោយ ធ្វើឱ្យប៉ះទង្គិចគ្នា..ពេលអត់សម្រេចគ្នា ទុកចោល ប៉ះពាល់មុខផ្ទះប្រជាជនហ្នឹងឯង»។
 
សូមបញ្ជាក់ថា ខេត្តសៀមរាបបានទទួលវ៉ាក់សាំងកូវីដ១៩ពីរាជរដ្ឋាភិបាល ដែលបានចាក់លើមន្រ្តី ប្រជាពលរដ្ឋ និងអតីតយុទ្ធជន សរុបបានប្រមាណជាង៣ម៉ឺននាក់រួចមកហើយ ក្នុងនោះមានក្រុមអ្នកបើកបររថយន្តតាក់ស៊ី និងអ្នករត់កង់បីប្រមាណ៥០០នាក់ផងដែរ។ ដំណាក់កាលទី៣ ខេត្តសៀមរាបបានស្នើសុំវ៉ាក់សាំងបន្ថែមទៀត ដែលអាចចាក់ដល់ពលរដ្ឋប្រមាណ៣ម៉ឺននាក់ទៀត ក្នុងនោះមានមគ្គុទ្ទេសក៍ និងមន្រ្តី បុគ្គលិក  និងភ្នាក់ងារទេសចរតាមប្រាសាទជាដើម៕

Tag:
 វ៉ាក់សាំង
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com