ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកនិពន្ធប្រលោមលោក គឹម ឌីណា ៖«ត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីបញ្ឈប់ការលួចស្នាដៃដើម»
06, Jun 2021 , 5:59 pm        
រូបភាព
ភ្នំពេញ៖ «មិនត្រូវនៅស្ងៀម ចំពោះការលួចស្នាដៃដើមឡើយ»។ «ហេតុអ្វីខ្ញុំត្រូវគិតថា ការលួចស្នាដៃ គឺជារឿងធម្មតា»? «បើនៅតែបន្តបែបនេះ ដូចយើងកំពុងតែប្រាប់ជំនាន់ក្រោយរបស់យើង ថាការលួចគឺជារឿងស្របច្បាប់»។ «បើអ៊ីចឹងមែន តើខំបង្កើតស្នាដៃថ្មីមានន័យអីទៀត»? «ខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីបញ្ឈប់អំពើអសីលធម៌នេះ»។ ទាំងនេះគឺជាពាក្យពេចន៍ របស់អ្នកនិពន្ធប្រលោមលោក កញ្ញា គឹម ឌីណា  ដែលត្រូវបានគេលួចស្នាដៃ យកទៅធ្វើអាជីវកម្ម ដោយពុំបានសុំការអនុញ្ញាត។


 
កញ្ញា គឹម ឌីណា គឺជាអ្នកនិពន្ធប្រលោមលោកមួយរូប ដែលមានប្រតិកម្មខ្លាំងចំពោះការលួចស្នាដៃប្រលោមលោក មិនត្រឹមតែជារបស់នាង ប៉ុន្តែក៏ជារបស់អ្នកនិពន្ធដទៃ យកទៅធ្វើអាជីវកម្ម ដោយគ្មានការអនុញ្ញាត។ នារីដែលមានដើមកំណើតក្នុងរាជធានីភ្នំពេញរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា នាងនឹងមិននៅស្ងៀមចំពោះបញ្ហានេះទៀតឡើយ។
 
ប្រឡូកក្នុងវិស័យតែងនិពន្ធ តាំងពីឆ្នាំ២០១៧ នារីវ័យ៣០រូបនេះ ទើបតែបានបោះពុម្ពផ្សាយប្រលោមរបស់ខ្លួន បាន៤ចំណងជើងប៉ុណ្ណោះ។ ហើយរឿងទាំង៤ ដែលមានចំណងជើងថា “ភរិយាខ្ញុំអាយុ១៨ឆ្នាំ” “ស្នេហ៍អស់ពីហឫទ័យ” “ផ្ការីកវិញទេ”? និងរឿង”មនុស្សបាក់ទឹកចិត្ត” សុទ្ធតែត្រូវបានគេយកទៅអាន ហើយថតបង្ហោះលើបណ្ដាញសង្គមយូធូប ក្នុងបំណងស្វែងរកប្រាក់ចំណូលទាំងអស់។
 
បើទោះបីជារឿងទាំងអស់ របស់អ្នកនិពន្ធសម្បុរសសើចស្រស់រូបនេះ បានចុះបញ្ជីបញ្ជាក់កម្មសិទ្ធបញ្ញារួចហើយក៏ដោយចុះ ក៏ក្នុងដំណាក់កាលដំបូងនេះ នាងជ្រើសយកវិធីចរចាជាអាទិភាពដែរ ដើម្បីឱ្យភាគីម្ខាងទៀតបញ្ឈប់សកម្មភាពរបស់ខ្លួន។


 
«ក្រោយពីខ្ញុំទាក់ទងទៅអ្នកដែលបានអានរឿងរបស់ខ្ញុំបង្ហោះនៅយូធូប គេក៏ព្រមលុបវីដេអូទាំងអស់ចេញវិញ។ អ្វីដែលខ្ញុំភ្ញាក់ផ្អើល វីដេអូស្នាដៃរបស់អ្នកនិពន្ធផ្សេងៗទៀត ដែលគេបានអាន ក៏គេដកចេញដែរ។ ខ្ញុំសរសើរគាត់ ត្រង់ចំណុចចេះភ្ញាក់រលឹក។ សម្រាប់ខ្ញុំ ប្រសិនបើខ្ញុំប្រាប់គេហើយ គេនៅតែបន្តរំលោភបំពានទៀត ខ្ញុំនឹងប្ដឹង ដើម្បីទុកជាការព្រមាន»។ នេះគឺជាការបញ្ជាក់របស់កញ្ញា គឹម ឌីណា។
 
បន្ទាប់ពីជួបបញ្ហាខាងលើ នារីរូបស្រស់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុរូបនេះ បាននឹងកំពុងសិក្សាស្វែងយល់បន្ថែមពីច្បាប់កម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែល ក៏ដូចជាច្បាប់ពាក់ព័ន្ធនានា។ ការសិក្សាពីផ្លូវច្បាប់នេះ ត្រូវបានអ្នកនិពន្ធបញ្ជាក់ថា ដើម្បីត្រៀមខ្លួនទុកជាមុន។
 
«អ្នកខ្លះយកសៀវភៅរបស់អ្នកនិពន្ធទៅអាន ហើយដាក់គណនីABA ឱ្យអ្នកមើលជួយឧបត្ថម្ភ ហើយគេនឹងបន្តអានសៀវភៅផ្សេងៗទៀត។ នេះគេកំពុងធ្វើស្រែលើខ្នងអ្នកនិពន្ធហើយ។ រឿងនេះកើតឡើងយូរហើយ តែមិនដែលមានប្រតិកម្មខ្លាំង ទើបបានជាវាចេះតែបន្តរហូតដល់ពេលនេះ។ ប្រហែលជាមិនទាន់មានអ្នកជាប់ទោស ព្រោះតែការលួចស្នាដៃហ្នឹងហើយមើលទៅ បានជាមិនមានអ្នកខ្លាច»។
 
កញ្ញា គឹម ឌីណា ដែលជាអតីតពិធីការិនីប៉ុស្ដិ៍ទូរទស្សន៍ ក៏ទទួលស្គាល់ថា ទាំងអ្នកនិពន្ធ និងសាធារណជនទូទៅ នៅពុំទាន់បានដឹងពីច្បាប់កម្មសិទ្ធិបញ្ញាច្រើនឡើយ។ ម្ចាស់ប្រលោមលោករឿង “ភរិយាខ្ញុំអាយុ១៨ឆ្នាំ” រូបនេះ ថាជំហ៊ានដំបូង ត្រូវតែលើកកម្ពស់ការយល់ដឹងពីច្បាប់កម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែល ឱ្យបានទូលំទូលាយ។
 
កញ្ញាបន្ថែម៖«មានអ្នកខ្លះគាត់បញ្ចេញមតិថា គ្រាន់តែគេយកទៅអាន ដើម្បីផ្សព្វផ្សាយបន្ត មានអ្វីត្រូវខុស។ បើគេគ្រាន់តែយកផ្នែកខ្លះ ក្នុងន័យជួយផ្សព្វផ្សាយ ខ្ញុំមិនថាទេ តែនេះគេយកទៅអានទាំងស្រុង ខ្ញុំទទួលយកមិនបានទេ។ អ្នកខ្លះគាត់មិនដឹងថា អ្វីដែលខ្លួនធ្វើជារឿងខុសផង។ ខ្ញុំទទួលស្គាល់ថាអ្នកនិពន្ធខ្លះ ក៏ធ្លាប់បានមើលរំលងពីច្បាប់ស្ដីពីសិទ្ធិរបស់ខ្លួនដែរ។ កន្លងមក ខ្ញុំដឹងខ្លះៗប៉ុណ្ណោះ ពីច្បាប់កម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែល។ ទើបតែពេលជួបបញ្ហានេះ ទើបខ្ញុំសិក្សាពីវាលម្អិត»។
 
អ្នកនិពន្ធប្រលោមលោកប្រភេទស្នេហា គឹម ឌីណា បន្ថែមថា ដើម្បីឱ្យព័ត៌មានពាក់ព័ន្ធនឹងច្បាប់កម្មសិទ្ធិបញ្ញា ដឹងបានទូលំទូលាយ ក្រសួងមានសមត្ថកិច្ចនានា គួរតែមានយុទ្ធនាការផ្សព្វផ្សាយជារឿយៗ នឹងជាញឹកញាប់ ដែលប្រកបដោយប្រសិទ្ធភាព។


 
ឌីណា ពន្យល់៖«ក្រសួងគួរតែធ្វើយុទ្ធនាការផ្សព្វផ្សាយ ហើយកំណត់ពេលវេលាណាមួយ ដើម្បីអនុវត្តិច្បាប់នេះឱ្យបានតឹងរឹង។ ដល់ពេលនោះ អ្នកអនុវត្តិច្បាប់ ឈប់ទទួលពាក្យលេសថា “ខ្ញុំអត់បានដឹងពីច្បាប់ហ្នឹង” ទៀតហើយ ដូច្នេះត្រូវតែដាក់ទោស ទើបគាត់រាង»។
 
នារីដែលបានដើរលើវិថីតែងនិពន្ធ អស់រយៈពេលប្រមាណ៥ឆ្នាំរូបនេះ ថាប្រសិនបើនៅតែបន្តស្ងៀមស្ងាត់ចំពោះការលួចស្នាដៃអក្សរសិល្ប៍ទៀត នោះការបង្កើតស្នាដៃថ្មី ក៏មិនមានន័យអ្វីដែរ។ កញ្ញាថា ចាប់ពីថ្ងៃនេះទៅ នាងនឹងមិននៅស្ងៀមទៀតឡើយ ហើយនាងនឹងបង្ហាញការមិនពេញចិត្ត លើបណ្ដាញសង្គមរបស់ខ្លួនគ្រប់រូបភាព ដើម្បីជំរុញចលនាការពារសិទ្ធិអ្នកនិពន្ធ។
 
«អ្នកនិពន្ធខ្លះត្រូវបានគេរំលោភបំពានមករាប់ឆ្នាំមកហើយ។ ទាំងការលួចចម្លងស្នាដៃ ទាំងការយកស្នាដៃរបស់អ្នកនិពន្ធទៅបោះពុម្ព ដោយឱ្យតម្លៃទាប ទាំងការធ្វើស្រែលើខ្នងអ្នកនិពន្ធផ្សេងៗទៀត។ ហេតុអ្វីខ្ញុំត្រូវគិតថា ការលួចគឺជារឿងធម្មតា? មកពីយើងគិតថា នេះគឺជារឿងធម្មតា អ្នកណាក៏គេលួចចម្លងដែរ ទើបរឿងនេះនៅតែបន្ត។ បើយើងមិនធ្វើអ្វីម្យ៉ាង នោះមានន័យថា យើងកំពុងបង្ហាញជំនាន់ក្រោយថា ការលួចគឺជារឿងស្របច្បាប់។ សម្រាប់ខ្ញុំ ខ្ញុំមិនមានទឹកចិត្តបោះពុម្ពសៀវភៅថ្មីទៀតទេ ព្រោះខ្ញុំដឹងថាគេនឹងលួចស្នាដៃរបស់ខ្ញុំតទៅទៀត។ ខ្ញុំឈឺចាប់»។ 
 
ទោះជាយ៉ាងណាក៏ដោយ អ្នកនិពន្ធជាស្ត្រីវ័យ៣០ឆ្នាំរូបនេះ ថាប្រសិនបើច្បាប់មិនមានប្រសិទ្ធភាព នោះការលួចចម្លងស្នាដៃនៅតែបន្តកើតមាន។ អះអាងថាសំឡេងរបស់ខ្លួនតែម្នាក់ មិនមានឥទ្ធិពលក្នុងសង្គម ដូច្នេះ ឌីណា ផ្ដល់ទំនុកចិត្តខ្ពស់លើក្រសួងពាក់ព័ន្ធនានា ដើម្បីជួយអន្តរាគមន៍។ បន្ថែមពីនោះ ម្ចាស់ស្នាដៃរឿង “ផ្ការីកវិញទេ?” រូបនេះ ក៏សង្ឃឹមថាអ្នកនិពន្ធទាំងអស់នឹងរួបរួមគ្នា ដើម្បីបញ្ឈប់អំពើរលួចចម្លងស្នាដៃតទៅទៀត។


 
«ខ្ញុំមានតែពឹងលើច្បាប់ លើក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធផ្សេងទៀតទេ ព្រោះខ្ញុំតែម្នាក់សំឡេងខ្សោយណាស់។ ខ្ញុំមិនអាចនៅទ្រាំទេ។ ប្រសិនបើមានការរួមគ្នា នោះទើបថ្នាក់លើមើលឃើញ។ ខ្ញុំឃើញគេលួចស្នាដៃរបស់ខ្ញុំ និងស្នាដៃអ្នកនិពន្ធដទៃទៀត ខ្ញុំកកទឹកភ្នែក។ បើចង់បានរឿងរបស់ខ្ញុំ ត្រូវតែសុំសិទ្ធិពីខ្ញុំសិន»។ 
 
តាមពិតទៅ ការលួចចម្លងស្នាដៃអក្សរសិល្ប៍ ដូចជាប្រលោមលោក ឬស្នាដៃបទចម្រៀងជាដើម នៅក្នុងប្រទេសកម្ពុជា មិនមែនជារឿងថ្មីឡើយ។ ទោះមានការមិនពេញចិត្ត ចំពោះកិរិយាអសីលធម៌បែបនេះ យ៉ាងណាក្ដី ប៉ុន្តែរឿងនេះនៅតែមិនមានអ្វីប្រសើរ រហូតមកដល់បច្ចុប្បន្ន។
 
សូមបញ្ជាក់ថា ច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានប្រកាសឱ្យប្រើប្រាស់ ដោយព្រះរាជក្រម ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៣។ កន្លងមកក្រសួងវប្បធម៌ ធ្លាប់បានទទូចឱ្យអ្នកពាក់ព័ន្ធ ឈប់រំលោភច្បាប់កម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែលតទៅទៀត បើពុំនោះទេក្រសួងនឹងចាត់វិធានការតាមច្បាប់៕
 

Tag:
 អក្សរសិល្ប៍
  អក្សរសាស្ត្រ
  កម្មសិទ្ធិបញ្ញា
  ស្នាដៃ
© រក្សាសិទ្ធិដោយ thmeythmey.com