កីឡាជាតិ
ជាតិ
កម្ពុជាចាញ់អ៊ីរ៉ាក់ ៤-១ ហើយត្រូវធ្លាក់ទៅលេងវគ្គ Play-Off ជម្រុះ Asian Cup វិញ
07, Jun 2021 , 11:21 pm        
រូបភាព
សៀង ចន្ធា នៃក្រុមជម្រើសជាតិកម្ពុជា ប្រជែងយកបាល់ពីខ្សែបម្រើ Bashar Resan។ រូបថត FFC
សៀង ចន្ធា នៃក្រុមជម្រើសជាតិកម្ពុជា ប្រជែងយកបាល់ពីខ្សែបម្រើ Bashar Resan។ រូបថត FFC
ដោយ: រួបរួម
កម្ពុជាបន្តចាញ់អ៊ីរ៉ាក់ ៤-១ នាជំនួបលើកទីពីរពូល C នៃវគ្គជម្រុះ World Cup ជុំទីពីរប្រចាំអាស៊ីនៅកីឡដ្ឋាន Al Muharraq ប្រទេសបារ៉ែន។ បរាជ័យនេះ មានន័យថា កម្ពុជាក្រុមលេខ៥នៅក្នុងពូល ដោយត្រូវធ្លាក់នៅលេងនៅវគ្គ Play-Off ពានរង្វាន់ AFC Asian Cup វិញ ខណៈគោព្រៃនៅសល់ការប្រកួតបង្គ្រប់ក្នុងយុទ្ធនាការ World Cup ជាមួយអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា។

 
បើប្រៀបធៀបនឹងជំនួបពេលចាញ់បារ៉ែន ៨-០ គ្រូជប៉ុនលោក Ryu Hirose រួមជាមួយលោក Keisuke Honda បានដាក់ សឿយ វិសាល ធ្វើជាប្រធានក្រុមជំនួស ទេស សម្បត្តិ។ សមាសភាពពីរនាក់ដែលស្ថិតក្នុងជម្រើសដំបូង មាន ប្រាក់ មុនីឧត្តម និង លឹម ពិសុទ្ធ ដែលជំនួស សេត រ៉ស៊ីប និងគួច សុគម្ភៈ។ នេះជាការបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ លើកដំបូងបំផុតរបស់ ពិសុទ្ធ ផងដែរ។
 
នៅ១នាទីដំបូង Mohanad Ali ស៊ុតបាល់បញ្ចូលទីបើកឆាក១គ្រាប់ ហើយអ៊ីរ៉ាក់រកបាន២គ្រាប់ទៀត ដែលសម្រេចបានដោយ Bashar Resan នាទី២៣ និង Ali Adnan ដែលជាការទាត់ប៉េណាល់ទីនៅទី២៧ ក្រោយ ប្រាក់ មុនីឧត្តម បង្កកំហុសនៅក្នុងតំបន់គ្រោះថ្នាក់។
 
នៅក្នុងតង់ទីមួយ បើទោះបីជាអ៊ីរ៉ាក់គ្រប់គ្រងបាល់បានច្រើនក៏ដោយ កម្ពុជាក៏មានឱកាសវាយសម្រុកវិញមួយ ចំនួនផងដែរ ប៉ុន្តែ លឹម ពិសុទ្ធ, សៀង ចន្ធា និង កែវ សុខផេង ធ្វើមិនបានសម្រេចផលនោះឡើយ។ អ៊ីរ៉ាក់នាំមុខ ៣-០។
 
ឈានដល់តង់ទីពីរ កម្ពុជាដូរសមាសភាពពីរនាក់ ដោយ កែន ច័ន្ទសុភ័ក្ត្រ ជំនួស សារ៉េត គ្រីយ៉ា រីឯ សេត រ៉ស៊ីប ជំនួស ប្រាក់ មុនីឧត្តម។ នៅនាទី៥៤ កម្ពុជាវាយបកបាន១គ្រាប់វិញ ដែលជាការតែតបញ្ចូលទីរបស់ប្រធានក្រុម សឿយ វិសាល ក្រោយការទាត់ហ្វ្រីឃីត របស់ សេត រ៉ស៊ីប។

នៅនាទី៧៨ ឡេង ណូរ៉ា ដែលជាកីឡាករវ័យក្មេងជាងគេនៅក្នុងក្រុម បង្ហាញខ្លួនជាលើកដំបូងបំផុតក្នុងក្រុមជម្រើសជាតិ ដែលចូលជំនួស សៀង ចន្ធា។

មុនបញ្ចប់ការប្រកួតពោលគឺនៅនាទី ៩០+៣ កីឡាករបម្រុង Hadi Al-Furaiji តែតបាល់បញ្ចូលទីបាន១គ្រាប់ទៀត ដើម្បីនាំជ័យជម្នះ ៤-១ សម្រាប់អ៊ីរ៉ាក់។
 
 ជ័យជម្នះនេះ នាំឲ្យអ៊ីរ៉ាក់ឡើងឈរលេខ១បណ្តោះអាសន្ន ដោយមាន១៤ពិន្ទុពីការប្រកួត៦លើក បារ៉ែនស្ថិតនៅលេខ២ មាន១២ពិន្ទុ ខណៈអ៊ីរ៉ង់លេខ៣ មាន៩ពិន្ទុ តែទើបប្រកួតបាន៥ប្រកួត។ ហុងកុងឈរនៅលេខ៤ ដោយមាន៥ពិន្ទុពីការប្រកួត៦លើក។
 
កម្ពុជាដែលមានតែ១ពិន្ទុ ជាក្រុមចំណាត់ថ្នាក់លេខ៥ក្នុងពូល C។ តាមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីប អាស៊ី (AFC) ក្រុមដែលមានចំណាត់ថ្នាក់ទាបនៃពូលនីមួយៗ នៅមានឱកាសចូលលេងក្នុងវគ្គ Play-off នៃការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2023។
 
វគ្គ Play-off នេះ មាន១២ក្រុមចូលរួម រវាងក្រុមលេខ៤ចំនួន៤ក្រុមដែលមានចំណាត់ថ្នាក់ទាបជាងគេនៃពូលនីមួយៗ និងក្រុមចំណាត់ថ្នាក់លេខ៥ចំនួន៨ក្រុម។ ការប្រកួតនឹងប្រព្រឹត្តទៅ២ជើង។ ក្រុមដែលឆ្លងផុតវគ្គ Play-off នឹងបានកៅអីវគ្គជម្រុះជុំទី៣ Asian Cup។
 
ជម្រើសដំបូងកម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), សារ៉េត គ្រីយ៉ា (កែន ច័ន្ទសុភ័ក្រ្ត ៤៦), សឿយ វិសាល (ប្រធានក្រុម), អ៊ុក សុវណ្ណ, ឆេង ម៉េង, សុះ ស៊ូហាណា, អ៊ន ចាន់ប៉ូលីន (ទេស សម្បត្តិ ៧០), លឹម ពិសុទ្ធ, ប្រាក់ មុនីឧត្តម (សេត រ៉ស៊ីប ៤៦), កែវ សុខផេង (វុធ តុលា ៦៣), សៀង ចន្ធា (ឡេង ណូរ៉ា ៧៨)។
 
ជម្រើសដំបូងអ៊ីរ៉ាក់៖ Jalal Gassan (អ្នកចាំទី, ប្រធានក្រុម), Ahmed Ibrahim Khalaf, Ali Adnan Al-Tameemi, Hussein Al-Saedi, Aymen Hussein, Humam Tareq, Bashar Resan Bonyan, Amjed Attwan, Alaa Ali Mhawi, Mohanad Ali Kadhim, Maytham Jabbar៕
 

© រក្សាសិទ្ធិដោយ thmeythmey.com