ជាតិ
ម្រេចកំពតមានតម្លៃថេរអំឡុងវិបត្តិកូវីដ-១៩ ខណៈការនាំចេញម្រេចគ្រប់ប្រភេទកើនឡើង២០០ភាគរយ
10, Jun 2021 , 7:59 am        
រូបភាព
កម្ពុជានាំចេញម្រេចទៅកាន់ទីផ្សារអឺរ៉ុបកើនឡើង២០០ភាគរយ ខណៈម្រេចកំពត មានតម្លៃថេរ បន្ទាប់ពីស្ថានភាពកូវីដ-១៩នៅអឺរ៉ុប ធូរស្រាយជាងមុន។ ប៉ុន្តែកសិករមួយចំនួន ប្រមូលផលបានតិច ដ្បិតថាទីតាំងដាំម្រេច មានទំហំតូច។

 
យោងតាមក្រសួងកសិកម្ម ការនាំចេញម្រេចទៅកាន់ទីផ្សារបរទេសមានចំនួន៧,៤៦១តោនរយៈពេល៥ខែក្នុងឆ្នាំ២០២១។ ការនាំចេញនេះ កើនឡើងចំនួន១៩៥តោន ធៀបនឹងរយៈពេល៥ខែនាឆ្នាំ២០២០។ ក្នុងនោះ ម្រេចកំពត អាចនាំចេញអាចបាន៧០តោនក្នុងមួយឆ្នាំ។ ឆ្នាំនេះ ម្រេចកំពត មានតម្លៃជិត៣០ដុល្លារក្នុងមួយគីឡូក្រាម។
 
ម្រេចកំពត ដែលបានចុះបញ្ជីការពារភូមិសាស្រ្តពីអឺរ៉ុបកាលពីឆ្នាំ២០១៦ ពឹងផ្អែកលើទីផ្សារបរទេសស្ទើរតែទាំងស្រុង ដ្បិតថា ទីផ្សារក្នុងស្រុក នៅមានកម្រិត។ ម្រេចកំពត អាចប្រមូលផលបានក្នុងរង្វង់៩០តោន ហើយការនាំចេញអាចបាន៧០តោនក្នុងមួយឆ្នាំ។ ដោយឡែក ម្រេចស មានតម្លៃ ចន្លោះ ២៦-២៨ដុល្លារ ក្នុងមួយគីឡូក្រាម។ កម្រេចក្រហម មានតម្លៃ ចាប់ពី ២៥-២៦ដុល្លារ ក្នុងមួយគីឡូក្រាម។ រីឯ ម្រេចខ្មៅវិញ មានតម្លៃ ពី១៥-១៦ដុល្លារ ក្នុងមួយគីឡូក្រាម។
 
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពត បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ៖ «កសិករមិនអាចប្រើប្រាស់ថ្នាំពុលខុសគោលការណ៍ ឬបន្លំដាក់ជីលើដំណាំ។ ដូច្នេះទិន្នផលទទួលបានមិនសូវខ្ពស់ ទើបធ្វើឲ្យកសិករខ្លះ មិនចង់ដាំ»។
 
កាលពីឆ្នាំ២០២០ ម្រេចកំពត លក់មិនចេញ ព្រោះតែទីផ្សារសំខាន់ជាងនៅអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប មានវិបត្តិជំងឺកូវីដ-១៩ធ្ងន់ធ្ងរ។ មូលហេតុនៃការនាំចេញកើនឡើងវិញ និងម្រេចកំពត មានតម្លៃថ្លៃបន្តិចនេះ ដោយសារវិបត្តិកូវីដ-១៩ នៅអឺរ៉ុប បានស្រាកស្រាន្តឡើងវិញ។
 


លោក គៀន សុភា ប្រធាននាយកដ្ឋានដំណាំរួមផ្សំ នៃក្រសួងកសិកម្ម

«ម្រេចកំពត ដាំតាមគោលការណ៍ទីផ្សារនាំចេញ នៅតាមហាងអាហារក្នុងស្រុក មិនសូវប្រើម្រេចកំពតនោះទេ។ បើទីផ្សារខាងក្រៅមានបញ្ហានឹងប៉ះពាល់ដល់កសិករ។ កន្លងមកដោយសារបញ្ហាកូវីដ ធ្វើឲ្យតម្រូវការម្រេចពីខាងក្រៅធ្លាក់ចុះ ដែកធ្វើឲ្យម្រេចកំពត មួយចំនួននៅសល់»។ នេះជាការលើកឡើងរបស់លោក ចាន់ រិទ្ធិ។
 
ទោះបីកូវីដ-១៩ នៅបន្តរាលដាលជុំវិញពិភពលោក ម្រេចកំពតរបស់កម្ពុជា មានទីផ្សារល្អ ដែលធ្វើឲ្យកសិករសប្បាយចិត្តជាងឆ្នាំមុន។ លោក ហែម ត្រូ ដែលជាសមាជិកសមាគមលើកកម្ពស់ម្រេចកំពត រយៈពេលជិត២០ឆ្នាំមកហើយ បានសាទរចំពោះតម្លៃម្រេចឆ្នាំនេះ។
 
ស្ថិតក្នុងទីតាំងភូមិសាស្រ្ត ដែលមានសក្ដានុពល លើដំណាំម្រេច កសិករវ័យចំណាស់រូបនេះ បានចុះឈ្មោះចូលជាមាជិកសមាគមលើកកម្ពស់ម្រេចកំពត នៅឆ្នាំ២០០៨។ លោក ដាំម្រេច១,០០០គុម្ព អាចផ្ដល់ផលប្រមាណ ៥០០ទៅ៧០០គីឡូក្រាមក្នុងមួយឆ្នាំ។
 
កសិករវ័យ៥៣ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖«យើងមិនអាចដាក់ជីផ្ដេសផ្ដាសនោះទេ អ៊ីចឹងទិន្នផលក៏មិនសូវខ្ពស់ដែរ។ ម្រេចកំពត មិនផ្ដល់អាចផ្ដល់ផលច្រើនជាងខេត្តដទៃ តែជាតំបន់សក្ដានុពល ដែលធ្វើឲ្យម្រេចកំពតទទួលបានតម្លៃបន្ថែម និងមានតម្លៃខ្ពស់ជាងម្រេចទូទៅ។ របរដាំម្រេចពិតជាល្អ វានឹងប្រសើរបើយើងមានផ្ទៃដីដាំដុះបន្ថែម »។
 
ជាមួយគ្នានេះ តំបន់ដែលអាចផលិតម្រេចកំពតបាន លុះត្រាស្ថិតក្នុងស្រុក ឬក្រុងមួយចំនួននៃខេត្តកំពត និងខេត្តកែប។ តំបន់ទាំងនោះ រួមមាន៖ ស្រុកកំពង់ត្រាច ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពតនៃខេត្តកំពត ព្រមទាំងស្រុកដំណាក់ចង្អើរ និងក្រុងកែបខេត្តកែប។
 
លោក គៀន សុភា ប្រធាននាយកដ្ឋានដំណាំរួមផ្សំ នៃក្រសួងកសិកម្ម យល់ថា ការកំណត់ទីតាំងដំណាំភូមិសាស្រ្ត ពិតជាសំខាន់ ព្រោះអាចឲ្យកសិផលមានទីផ្សារខ្ពស់ ជាងនៅតំបន់ដទៃ។ លោកបានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា កសិករបច្ចុប្បន្ន មិនសូវខ្វល់ខ្វាយពីលក្ខណៈភូមិសាស្រ្តនោះទេ។ កសិករ ដាំដុះដំណាំតាមគ្នាច្រើន ដែលជាមូលហេតុមួយធ្វើឲ្យកសិផលខ្វះទីផ្សារ។ 


លោក ហែម ត្រូ អ្នកដាំម្រេច ក្នុងខេត្តកំពត 

នៅកម្ពុជា ម្រេច ត្រូវបានកសិករដាំដុះច្រើននៅតាមខេត្តកំពង់ចាម, ត្បូងឃ្មុំ, កែប និងកំពត។ ប៉ុន្តែម្រេចកំពត គឺល្បីល្បាញជាងគេ។ អ្នកជំនាញកសិកម្មរូបនេះ រៀបរាប់ដូច្នេះ៖«កសិករ ដែលមានលទ្ធភាព ពួកគាត់មិនសូវគិតពីតំបន់ភូមិសាស្រ្តនោះទេ ហើយក៏មិនត្រូវការការប្រឹក្សាពីក្រសួងដែរ។ តំបន់ខ្លះដាំទៅ ឲ្យផលច្រើនសក្ដានុពលមែន តែបើនិយាយពី រសជាតិ និងក្លិន មិនអាចឈ្នះនៅតំបន់ដែលបានកំណត់ឡើយ។ ឧទាហរណ៍ ដូចជា ម្រេច និងទុរេន កំពត ជាដើម»។
 
ម្រេចកំពត ត្រូវបានចុះបញ្ជីការពារម៉ាកសម្គាល់នៅអឺរ៉ុបក្នងឆ្នាំ២០១៦។ លោក គៀន សុភា គាំទ្រចំពោះការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តដំណាំ។ ប៉ុន្តែលោក សុភា បញ្ជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តដំណាំនីមួយៗ មិនមែនជារឿងងាយនោះទេ គឺតម្រូវឲ្យក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ត្រូវសិក្សាឲ្យបានលម្អិតពីទីតាំងភូមិសាស្រ្តជាមុនសិន។
 
សូមបញ្ជក់ថា ដើម្បីអាចចូលជាសមាជិកសមាគមម្រេចកំពត ទីតាំងដាំម្រេចត្រូវស្ថិតក្នុងតំបន់ដែលបានកំណត់ទីតាំងភូមិសាស្រ្តដំណាំម្រេច។ បន្ទាប់មកក្រុមអ្នកជំនាញ នឹងចុះពិនិត្យវាយតម្លៃ លើបច្ចេកទេសដាំដុះដំាំណាំម្រេច និងមានលក្ខខណ្ឌ ៤២ចំណុចផ្សេងទៀត៕  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com