ជាតិ
រៀនត្រឹមថ្នាក់ទី១២ចេះ៤ភាសា កញ្ញា ឆន ស្រីណេត ចង់ឃើញស្ត្រីខ្មែរកម្ពុជាក្រោមរៀនបានខ្ពស់
10, Jun 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ កញ្ញា ឆន ស្រីណេត ដែលមានឈ្មោះដើមថា សឺង ស៊ីណេត ត្រូវបានប្រជាជនកម្ពុជាស្គាល់ តាមរយៈការចុះឈ្មោះប្រកួតក្នុងកម្មវិធី Miss Universe Cambodia។ ស្ថិតក្នុងវ័យ២៤ឆ្នាំនេះ ស្រីណេត ពុំទាន់បានបញ្ចប់ការសិក្សាថ្នាក់ទី១២ឡើយ ប៉ុន្តែនាងអាចនិយាយបាន៤ភាសា គឺភាសាខ្មែរ វៀតណាម ថៃ និងអង់គ្លេស។ កញ្ញា ឆន ស្រីណេត ចង់ឱ្យស្រ្តីខ្មែរកម្ពុជាក្រោមដទៃទៀត រៀនសូត្របានខ្ពង់ខ្ពស់។



ជាស្ត្រីខ្មែរកម្ពុជាក្រោម ដែលឈប់រៀនត្រឹមថ្នាក់ទី១២ ទាំងមិនទាន់បានប្រឡងផង កញ្ញា ឆន ស្រីណេត មានសេចក្ដីក្លាហាន ដាក់ពាក្យប្រកួតប្រជែកក្នុងកម្មវិធី Miss Universe Cambodia ដែលជាកម្មវិធីលំដាប់ថ្នាក់ជាតិនិងអន្តរជាតិ។ បើទោះបីជាបានសិក្សាក្នុងសាលាត្រឹមកម្រិតវិទ្យាល័យក្ដី ប៉ុន្តែនារីវ័យ២៤ឆ្នាំរូបនេះ នៅតែប្រឹងប្រែងស្វ័យសិក្សាដោយខ្លួនឯង និងបន្តពង្រឹងភាសាបរទេសជានិច្ច។ 
 
តាមពិតទៅ គ្រូបង្ហាត់ប្រាណរូបនេះ ខកខានការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យរបស់ខ្លួន ក៏ព្រោះតែជំងឺរបេងខួរឆ្អឹងជើង។ នាងត្រូវរស់នៅជាមួយនឹងជំងឺប្រមាណ៤ឆ្នាំ ដោយត្រូវទៅព្យាបាលនៅប្រទេសវៀតណាម និងប្រទេសថៃផង។


 
កញ្ញា ឆន ស្រីណេត បញ្ជាក់៖«ដំបូងពេទ្យនៅវៀតណាមឱ្យខ្ញុំកាត់ជើង តែខ្ញុំមិនកាត់ទេ ខ្ញុំសុខចិត្តស្លាប់ បន្ទាប់មកគេឱ្យខ្ញុំទៅព្យាបាលនៅប្រទេសថៃ។ កាលនោះខ្ញុំមិនចង់ទៅទេ ព្រោះខ្ញុំអត់មានប្រាក់ ប៉ុន្តែបងប្អូនខ្មែរគាត់ជួយអំពាវនាវតាមហ្វេសប៊ុក ខ្ញុំក៏ទទួលបានជំនួយពីបងប្អូនខ្មែរទាំងក្នុងស្រុកនិងក្រៅប្រទេស។ ហើយម៉ែរបស់ខ្ញុំគាត់លក់ដីខ្លះផង ខ្ញុំក៏បានទៅព្យាបាល។ ព្យាបាលនៅថៃជិត៣ឆ្នាំ ខ្ញុំចំណាយប្រហែល៥ម៉ឺនដុល្លារ»។ 
 
ត្រឡប់ទៅចាប់អារម្មណ៍អំពីការដាក់ពាក្យក្នុងកម្មវិធី Miss Universe Cambodia របស់កញ្ញា ឆន ស្រីណេត វិញ។ នារីខ្មែរកម្ពុជាក្រោមដែលកើតក្នុងគ្រួសារកសិករមានជីវភាពមធ្យមរូបនេះ ថាគោលបំណងសំខាន់ដែលនាង ដាក់ពាក្យប្រកួតក្នុងកម្មវិធី Miss Universe Cambodia គឺដើម្បីផ្ដល់ជាគំរូសម្រាប់ស្រ្តីខ្មែរកម្ពុជាក្រោមដទៃទៀត ឱ្យមានសេចក្ដីក្លាហានដែរ។

បន្ថែមពីនោះ នាងចង់ឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពិភពលោកថា ខ្មែរកម្ពុជាក្រោមគឺជាខ្មែរ ដែលនៅរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់និងភាសារបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន។



នារីដែលត្រូវជិះកង់ចម្ងាយប្រមាណ១៦គីឡូម៉ែត្រ ទៅសាលារៀនរាល់ថ្ងៃរូបនេះ ថាវត្តមានរបស់នាងក្នុងកម្មវិធី Miss Universe Cambodia គឺជាផ្លូវមួយជួយជំរុញចិត្តនារីខ្មែរកម្ពុជាក្រោមដទៃទៀត ឱ្យហ៊ានផ្លាស់ប្ដូរជីវិតខ្លួនឯង។
 
ស្រីណេត បញ្ជាក់៖«ឈាមខ្ញុំជាខ្មែរ ខ្ញុំស្រឡាញ់ខ្មែរ ទោះខ្ញុំនៅទីណាក៏ខ្ញុំនៅតែជាខ្មែរ។ ស្ត្រីខ្មែរកម្ពុជាក្រោមរៀនបានតិច ភាគច្រើនរៀនបានត្រឹមថ្នាក់ទី១២ ព្រោះកត្តាជីវភាព ហើយសាលាឆ្ងាយ។ ការរៀនភាសាខ្មែរ បានកាន់តែតិចទៀត។ ទាល់តែសាលាវៀតណាមវិស្សមកាល៣ខែ ទើបយើងបានទៅរៀនអក្សរខ្មែរនៅវត្ត។ ក្មេងស្រីជួនអាយុ១៥ឬ១៦ឆ្នាំរៀបការហើយ។ ពួកគេនៅតែមួយកន្លែង មិនដឹងថាពិភពលោកធំយ៉ាងណាទេ។ ចំណែកមនុស្សប្រុសពេលអាយុ២១ឆ្នាំ គេតម្រូវឱ្យបួសដើម្បីបំពេញភិក្ខុ ដូច្នេះមនុស្សប្រុសរៀនបានច្រើនជាង»។


 
បើទោះបីជាពេលនេះ កម្មវិធី Miss Universe Cambodia ពុំទាន់ផ្ដល់ដំណឹងពីការជាប់ជម្រើសរបស់នាងក្ដី ក៏នារីសកម្មជនខ្មែរកម្ពុជា ដែលមានបងប្អូន៣នាក់រូបនេះ មានក្ដីសង្ឃឹមយ៉ាងមុតមាំថា ខ្លួននឹងជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធី ដ្បិតអីនាងជឿជាក់លើសមត្ថភាពខ្លួនឯង។ ស្រីណេត ពន្យល់៖«ខ្ញុំសង្ឃឹមជាប់៨០ភាគរយ ព្រោះខ្ញុំជឿជាក់លើសេចក្ដីក្លាហាន និងសមត្ថភាពរបស់ខ្ញុំ»។ 
 
បានមកដល់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា កាលពីឆ្នាំ២០១៨ ស្រីណេត បានចាប់ការងារដំបូងជាអ្នកបកប្រែភាសាវៀតណាម មកភាសាខ្មែរ។ បន្ទាប់មក នាងបានធ្វើជាគ្រូបង្រៀនហាត់ប្រាណ និងក្រោយមកទៀត ចូលធ្វើការជាអ្នកដើរម៉ូត។ ប្រសិនបើជាប់លេខ១ក្នុងប្រទេសកម្ពុជាមែន នារីដើរម៉ូតរូបនេះ នឹងយកប្រាក់ដែលឈ្នះ ទៅជួយប្រជាជននៅតំបន់ដាច់ស្រយាល និងជនពិការ។

 
នារីសកម្មជនខ្មែរកម្ពុជាក្រោមរូបនេះ លើកទឹកចិត្តស្ត្រីទូទៅ ជាពិសេសស្ត្រីខ្មែរកម្ពុជាក្រោម ឱ្យខំព្យាយាមសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ហ៊ានចេញពីផ្ទះ ដើម្បីស្វែងយល់ពីពិភពលោក។ នាងក៏លើកទឹកចិត្តដល់ស្ត្រីខ្មែរកម្ពុជាក្រោមគ្រប់រូប គួរគិតរឿងវិជ្ជមានឱ្យបានច្រើន ចេះលើកទឹកចិត្តខ្លួនឯង ស្រឡាញ់ខ្លួនឯង និងត្រូវមានក្ដីសង្ឃឹមជានិច្ច។ 
កញ្ញា ឆន ស្រីណេត ពន្យល់៖«មុនយើងធ្វើអ្វីមួយ យើងត្រូវគិតដល់សង្គម ត្រូវមានចិត្តស្រឡាញ់ជាតិ និងស្រឡាញ់ទឹកដីរបស់ខ្លួនឱ្យបានច្រើន»៕ 
 
 

Tag:
 ខ្មែរកម្ពុជាក្រោម
  ការអប់រំ
  សិល្បៈ
  ភាសា
  ស្រ្តី
 
© រក្សាសិទ្ធិដោយ thmeythmey.com