មនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់ ក្នុងករណីធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ា
អន្តរជាតិ
មនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់ ក្នុងករណីធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ា
10, Jun 2021 , 4:19 pm        
រូបភាព
យន្តហោះយោធាមីយ៉ាន់ម៉ាមួយគ្រឿង នៅថ្ងៃទី១០ ខែមិថុនា បានធ្លាក់ក្បែរទីក្រុង Mandalay ដោយសារអាកាសធាតុមិនល្អ។ មនុស្សយ៉ាងហោចណាស់ ១២នាក់ បានបាត់បង់ជីវិត ដោយក្នុងនោះរួមមានព្រះសង្ឃផង។


 
យន្តហោះយោធាមួយគ្រឿង បានចេញដំណើរពីទីក្រុងណៃពិដោ ទៅទីក្រុង Pyin Oo Lwin ដោយមានវត្តមានយោធា និងព្រះសង្ឃ បានធ្លាក់នៅម៉ោង ៨ព្រឹក (ម៉ោងក្នុងស្រុក)។ យន្តហោះមួយនេះ មានអ្នកជិះ ១៤នាក់ ដោយមនុស្ស ១២នាក់បានបាត់បង់ជីវិត និងមនុស្ស២នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ 
 
ក្រុមយោធា និងព្រះសង្ឃ ត្រូវចូលរួមក្នុងពិធីបុណ្យសាសនាព្រះពុទ្ធមួយ ដែលត្រូវរៀបចំនៅក្នុងក្រុង Pyin Oo Lwin ក្បែរទីក្រុងធំ Mandalay ។ 
 
យន្តហោះខាងលើ បានធ្លាក់នៅចម្ងាយ៣០០ម៉ែត្រ ពីរោងចក្រដែក ដែលស្ថិតនៅក្បែរក្រុង Pyin Oo Lwin។ ហេតុការណ៍ធ្លាក់យន្តហោះនេះ មានបានធ្វើឱ្យប្រជាជននៅលើដីរងគ្រោះឡើយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Myawaddy ។ 
 
សូមបញ្ជាក់ថា វិស័យអាកាសចរណ៍មីយ៉ាន់ម៉ា ហាក់មិនបានធ្វើទំនើបកម្មឡើយ និងខ្វះស្តង់ដារផ្នែកសុវត្ថិភាព។ បញ្ហានេះ កើតឡើងតាំងពីមុនរដ្ឋប្រហារយោធាមកម្លេះ៕ 
 

Tag:
 មីយ៉ាន់ម៉ា
  ធ្លាក់យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com