ជាតិ
ជំងឺគ្រុនឈីកផ្ទុះឡើង ជាង៥០០ករណី នៅ១៣ខេត្ត
12, Jun 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការផ្ទុះឡើងនៃជំងឺគ្រុនឈីក ដោយគិតត្រឹមថ្ងៃទី ទី ៩ មិថុនា ក្រសួង រកឃើញអ្នកជំងឺគ្រុនឈីក ចំនួន៥១៤ករណី ក្នុងនោះមានស្រ្តី២៦០នាក់។ ជំងឺនេះ បានផ្ទុះឡើងនៅខេត្តចំនួន១៣ ហើយខេត្តដែលកើតមានច្រើនជាងគេគឺ រតនគីរី មណ្ឌលគិរី បាត់ដំបង និងខេត្តក្រចេះ។

 
 
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ បានជាសះស្បើយអស់ហើយ និងមិនមានករណីស្លាប់ទេ។ ទោះបីពេលនេះ ក្រសួងអាចគ្រប់គ្រងស្ថានភាពនៃជំងឺនេះបាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅតែអំពាវនាវឱ្យអង្គការ និងអង្គភាពពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម  ដើម្បីទប់ស្កាត់ពីការចម្លងជំងឺគ្រុនឈីកដែលផ្ទុះឡើង ចូលសហគមន៍ឱ្យមានប្រសិទ្ធភាព។ 
 
រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះ ក៏បានណែនាំពីវិធានការ៥ចំណុច ដើម្បីទប់ស្កាត់ជំងឺគ្រុនឈីកដែលកំពុងផ្ទុះឡើងក្នុងខេត្តចំនួន១៣ រួមមាន៖  វិធានការទី១៖ មាតាបិតា អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក។ វិធានការទី ២៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ជាពិសេសអំឡុងពេលថ្ងៃ ត្រូវស្លៀកសម្លៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ និងមិនត្រូវអង្គុយលេងនៅទីងងឹតឡើង។
 
 រីឯវិធានការទី៣៖ ករណីមានរោគសញ្ញាក្ដៅខ្លួនខ្លាំង ត្រូវប្រញាប់នាំអ្នកជំងឺជួបគ្រូពេទ្យជំនាញ និងកុំសាកល្បងព្យាបាលអ្នកជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាម។ វិធានការទី៤៖ គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវចាត់ចែងសេវា និងកន្លែងសម្រាកព្យាបាលជំងឺគ្រុនឈីកឱ្យបានល្អ និងត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងទៀត ក្នុងករណីមានអ្នកជំងឺច្រើន។ និងវិធានការទី៥៖ គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវសហការជាមួយផ្នែកពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីផ្សព្វផ្សាយសារអប់រំសុខភាពទប់ស្កាត់ជំងឺគ្រុនឈីក។
 
គួរជម្រាបថា ជំងឺគ្រុនឈីក បង្កឡើងដោយមេរោគឈីក ហើយវាចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ តាមរយៈមូសខ្លាញីខាំ។ រោគសញ្ញានៃជំងឺនេះ មានដូចជា ក្តៅខ្លួន មានកន្តួលក្រហមលើស្បែក និងឈឺសន្លាក់ដៃ-ជើងជាដើម។ ជំងឺគ្រុនឈីក មិនធ្វើឱ្យប៉ះពាល់ដល់ជីវិតអ្នកជំងឺទេ តែវាប៉ះពាល់ដល់សន្លាក់ធ្ងន់ធ្ងរ ប៉ុន្តែក្នុងករណីមានជំងឺប្រចាំកាយ ដូចជាខ្សោយបេះដូង រលាកខួរក្បាល ឬមានជំងឺគ្រុនឈាម គ្រុនចាញ់នោះ អ្នកជំងឺអាចស្លាប់បាន។
 
ជំងឺគ្រុនឈីក បានកើតឡើងដំបូងបំផុតនៅទ្វីបអាហ្វ្រិក ក្នុងឆ្នាំ១៩៥៣។ ដោយឡែក នៅកម្ពុជារកឃើញជំងឺគ្រុនឈីកនេះ នៅក្នុងឆ្នាំ១៩៦១ និងនៅឆ្នាំ២០១១ ក៏មានការបញ្ជាក់ពីករណីនេះ នៅខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ហើយជំងឺឈីកនេះ ធ្លាប់មានអត្រាឆ្លងរោគរហូតដល់៦០-៧០ភាគរយ ក្នុងប្រទេសកម្ពុជា នាទសវត្សរ៍ទី៦០។ ជំងឺនេះ ធ្លាប់រាតត្បាតខ្លាំងផងដែរ ក្នុងឆ្នាំ២០១១-២០១២ នៅរាជធានីភ្នំពេញ ខេត្តព្រះវិហារ កំពង់ស្ពឺ  កំពង់ចាម តាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្តាល និង ខេត្តកំពត៕ 
 

Tag:
 គ្រុនឈីក
© រក្សាសិទ្ធិដោយ thmeythmey.com