ជាតិ
សុខភាព
សម្តេច ហ៊ុន សែន៖ កម្ពុជាអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋ១០លាននាក់នៅត្រឹមខែវិច្ឆិកា
15, Jun 2021 , 7:59 pm        
រូបភាព
លោក Martin Vávra ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា(ឆ្វេង) កំពុងជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៤មិថុនា
លោក Martin Vávra ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា(ឆ្វេង) កំពុងជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៤មិថុនា
ភ្នំពេញ៖ ត្រឹមថ្ងៃទី១៤មិថុនា កម្ពុជាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ពលរដ្ឋបានជាង៣លាននាក់ហើយ។ ចំនួននេះគឺស្មើនឹងប្រមាណ៣០ភាគរយនៃផែនការរដ្ឋាភិបាល ដែលគ្រោងចាក់វ៉ាក់សាំងកូវីដ-១៩ដល់ពលរដ្ឋឱ្យបាន១០លាននាក់ នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។

 
ផែនការចាក់វ៉ាក់សាំងកូវីដ-១៩ដល់ពលរដ្ឋឱ្យបាន១០លាននាក់ នៅត្រឹមខែវិច្ឆិកាខាងមុខនេះ គឺត្រូវបានលើកឡើងដោយសម្តេច ហ៊ុន សែន នៅចំពោះមុខលោក Martin Vávra ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា។  ក្នុងពិធីជំនួបជាមួយលោក Martin Vávra នាថ្ងៃទី១៤មិថុនា សម្តេច ហ៊ុន សែន  មានប្រសាសន៍ដូច្នេះ៖« កម្ពុជា កំពុងតែជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹងចាក់រហូតដល់១០លាននាក់ នៅត្រឹមខែវិច្ឆិកាខាងមុខនេះ»។ 
 
ជាមួយនឹងគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចូលដឹកនាំ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ដោយផ្ទាល់ ដែលមានឧបនាយករដ្ឋមន្ត្រីចំនួន៥រូប ជាអនុប្រធានសម្រាប់រៀប ចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩។ 
 
ឧបនាយករដ្ឋមន្ត្រីចំនួន៥រូប ដែលជាអនុប្រធានសម្រាប់រៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩នោះ មាន សម្តេច ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេច ទៀ បាញ់ ជាមន្ត្រីក្រសួងការពារជាតិ, លោក ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី,  លោក អូន ព័ន្ធមុនីរ័ត្ន   ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ម ប៊ុនហេង  រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ 
 
ក្នុងថ្ងៃចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈគម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ថ្ងៃទី១៤មិថុនា ឆ្នាំ២០២១ សម្តេច ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្មករ-កម្មការិនី និងជនបរទេសនៅខណ្ឌចំនួន៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ 


គ្រូពេទ្យរបស់ក្រសួងការពារជាតិ​កំពុងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់ពលរដ្ឋ។ រូបថត៖ ក្រសួងការពារជាតិ

ខណ្ឌចំនួន៦ ដែលក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងដល់ពលរដ្ឋនោះ មានខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ។ ក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលជាអតីតតំបន់ក្រហម កាលពីថ្ងៃទី១ឧសភា ដោយបានបញ្ចប់នាដើមខែមិថុនានេះ។
 
 
កាលពីថ្ងៃទី៧មិថុនា កម្ពុជាដាក់ផែនការយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ-១៩ ជាបីជំហានតាមអភិក្រម «ផ្ការីក» យកមកអនុវត្តក្នុងផែនការយុទ្ធសាស្ត្រ បង្កើតភាពស៊ាំសង្គម-សេដ្ឋកិច្ច តាមរយៈការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយផ្តើមចេញពីចំណុចកណ្តាលកម្ពុជា។ ផែនការចាក់វ៉ាក់សាំង ចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់តំបន់ទីប្រជុំជនសំខាន់ៗជុំវិញរាជធានី និងពង្រីកជំហាន ទៅកាន់តំបន់ផ្សេងទៀត។
 
អនុលោមតាមអភិក្រម «ផ្ការីក»នេះ កម្ពុជាដាក់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជាបីតំបន់ទៅតាមលំដាប់អាទិភាព ហើយតំបន់អាទិភាពខ្ពស់ ត្រូវតែបញ្ចប់ឱ្យបានក្នុងឆ្នាំ២០២១។
 
ទិន្នន័យរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤មិថុនា បាបនបង្ហាញថា កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋបានសរុប ៣,០០០,២៦៤នាក់ ដោយក្នុងនោះមានមនុស្សជាង២,៥លាននាក់ បានចាក់នូវដូសទី២រួចហើយ។ បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន៣ប្រភេទ ស្មើនឹង ៨,០២៤,០០០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងចំណោមវ៉ាក់សាំងទាំងជាង ៨លានដូសនោះមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ចំនួន៣,២លានដូស ដែលកម្ពុជាទទួលបានពីជំនួយរបស់រដ្ឋាភិបាលចិន។ បន្ទាប់មកកម្ពុជា ក៏ទទួលបានវ៉ាក់សាំង COVISHIELD ចំនួន៣២៤,០០០ដូស ជាជំនួយរបស់កម្មវិធី COVAX និង ៤,៥លានដូសទៀត ជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ដែលកម្ពុជាបញ្ជាទិញពីចិន៕
 
 
 

Tag:
 COVID-19
  វ៉ាក់សាំង
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com