COVID-19
ជាតិ
សង្គមជាតិ
ចិន២នាក់ ដែលចែកចាយវ៉ាក់សាំងស៊ីណូវ៉ាក់ខុសច្បាប់ ត្រូវបានពិន័យពី៥លាន ទៅ១០លានរៀល
17, Jun 2021 , 6:45 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បុរសជនជាតិចិន២នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងទទួលពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ១០លានរៀល ពីបទចែកចាយវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន៦៥ដូស ដែលខុសច្បាប់ស្តីពីការគ្រប់គ្រងឱសថ។ នេះបើតាមលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង ដែលបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗ។

 
លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានបញ្ជាក់ថា ជនជាតិចិនទាំងពីរនាក់នេះ មានគោលបំណងចង់យកវ៉ាក់សំាងស៊ីណូវ៉ាក់ទៅចាក់ឲ្យមិត្តភក្តិពួកគេ ដែលជាជនជាតិចិនដែរ។ ប៉ុន្តែត្រូវបានអាជ្ញាធរចុះឃាត់ទាន់ពេលវេលា កាលពីថ្ងៃទី១៦ មិថុនា។ 
 
បើតាមលោក អេង ចាន់ភារ៉ា ការចុះឃាត់ខ្លួនបុរសទាំងពីរនាក់ គឺមិនមែនដោយសារតែការចែកចាយ វ៉ាក់សាំងស៊ីណូវ៉ាក់ក្លែងក្លាយនោះទេ គឺដោយសារបុរសទាំងពីរនោះចែកចាយវ៉ាក់សាំងកូវីដ-១៩ ខុសនឹងច្បាប់ស្តីពីការគ្រប់គ្រងឱសថ។  
 
«ពេលយើងចុះត្រួតពិនិត្យទៅ វ៉ាក់សាំងទាំងនោះគឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ពិតប្រាកដមែន។ ប៉ុន្តែការដែលពួកគាត់យកមកចែកចាយហ្នឹង គឺវាអត់មានច្បាប់ក្នុងការអនុញ្ញាត និងចុះបញ្ជីការក្រសួងសុខាភិបាល»។ នេះជាការរៀបរាប់របស់លោក អេង ចាន់ភារ៉ា។ 
 
បើតាមលោក អេង ចាន់ភារ៉ា បុរសជនជាតិចិនទាំងពីរនាក់នោះ ត្រូវបានមន្ទីរសុខាភិបាលខេត្តពិន័យជាទឹកប្រាក់ពី៥លានរៀល ទៅ១០លានរៀល និងឲ្យជនជាតិចិននោះធ្វើកិច្ចសន្យាបញ្ឈប់ការចែកចាយវ៉ាក់សំាងកូវីដ-១៩ រួមទាំងដកហូតនូវវ៉ាក់សាំងទាំងនោះទៅកម្ទេចចោលផងដែរ៕
 
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com