ជាតិ
សេដ្ឋកិច្ច
បារាំង សន្យាបង្កើនកម្ចីប្រចាំឆ្នាំពី១០០-១២០លានអឺរ៉ូ ឱ្យកម្ពុជាស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩
23, Jun 2021 , 8:59 pm        
រូបភាព
លោកស្រី EVA Nguyen Binh កំពុងប្រជុំពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន តាមប្រព័ន្ធអនឡាញ(Zoom)នាថ្ងៃទី២១មិថុនា ឆ្នាំ២០២១។
លោកស្រី EVA Nguyen Binh កំពុងប្រជុំពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន តាមប្រព័ន្ធអនឡាញ(Zoom)នាថ្ងៃទី២១មិថុនា ឆ្នាំ២០២១។
រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានសន្យាបង្កើនទំហំប្រាក់កម្ចីដល់កម្ពុជា ក្នុងចន្លោះពី១០០ ទៅ១២០លានអឺរ៉ូ (ប្រមាណ១១០ ទៅ១៤០លានដុល្លារ) ក្នុងមួយឆ្នាំ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីជំនួបពិភាក្សាការងារ រវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជាមួយលោកស្រី EVA Nguyen Binh ឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំកម្ពុជា នាថ្ងៃទី២១មិថុនា តាមប្រព័ន្ធអនឡាញ។

 
នៅក្នុងជំនួបនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ លោកស្រី EVA ដែលបានកសាងស្នាដៃ និងសមិទ្ធផលជាច្រើន នៅក្នុងរយៈបំពេញបេសកកម្មការទូតនៅកម្ពុជា រយៈពេល៤ឆ្នាំមកនេះ ពោលគឺពីឆ្នាំ២០១៧-ឆ្នាំ២០២១នេះ។ សម្រាប់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បេសកកម្មការទូតរបស់លោក EVA បានចូលរួមចំណែកដល់សកម្មភាពអភិវឌ្ឍដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ពិសេសវិស័យសុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាសម្រេចបាននូវគម្រោងវិនិយោគសាធារណៈជាច្រើនទៀត។
 
លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា បារាំង មិនត្រឹមជាប្រទេសដែលបានចូលរួមក្នុងសកម្មភាព នាំសុខសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃ ដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា។
 
សេចក្តីប្រកាសព័ត៌មានដដែល បានស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះដូច្នេះ៖
«ជាក់ស្តែង
តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់កន្លងមក ដែលដឹកនាំដោយលោកស្រី EVA រដ្ឋាភិបាលបារាំង តាមរយៈ AFD បានសន្យាថា
នឹងបង្កើនទំហំឥណទានសម្បទាន ចន្លោះពី១០០-១២០ លានអឺរ៉ូក្នុងមួយឆ្នាំដល់កម្ពុជា
ហើយថែមទាំងជួយកៀងគរហិរញ្ញប្បទានឥតសំណងពីសហគមអ៊ឺរ៉ុប និងពីប្រភពផ្សេងទៀត
សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩»។
 
ជាមួយគ្នានេះ លោកស្រីEVA បានលើកឡើងថា តាមរយៈ AFD រដ្ឋាភិបាលប្រទេសបារាំងបានប្តេជ្ញាសម្រេចគោលដៅ ក្នុងការបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការODA ឲ្យបាន០,៥៥ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២២ ដើម្បីចូលរួមអភិវឌ្ឍខឿនសេដ្ឋកិច្ច របស់ប្រទេសកំពុងអភិវឌ្ឍ ពិសេសប្រទេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើការប្រែប្រួលអាកាសធាតុ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥។ ឯកអគ្គរដ្ឋទូតបារាំងរូបនេះ ក៏សម្តែងនូវមោទកភាព ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានបង្កបរិយាកាសវិនិយោគឯកជនដ៏ល្អប្រសើរ និងលើកទឹកចិត្តវិនិយោគគិនបរទេស ជាពិសេសវិនិយោគិនមកពីប្រទេសបារាំង ឱ្យមកស្វែងយល់ផ្ទាល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
 
រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពខ្ពស់ ចំពោះផែនការយុទ្ធសាស្រ្ត
នៃការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ តាមរយៈអភិក្រមចំនួនបីគឺ៖
ការស្តារឡើងវិញ, ការកែទម្រង់ និងការកសាងភាពធន់៕ 

Tag:
 ប្រាក់កម្ចី
  លោក អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com