កីឡាជាតិ
ជាតិ
កម្ពុជាប៉ះកោះហ្កាម នៅជុំ Play-Off នៃវគ្គជម្រុះ AFC Asian Cup 2023
24, Jun 2021 , 2:09 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប៉ះជាមួយ កោះហ្កាម  ខណៈឥណ្ឌូណេស៊ី តទល់ជាមួយឆាយនីសតៃប៉ិ នាការប្រកួតជុំ Play-Off នៃវគ្គជម្រុះជុំទីបី ពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៣។ ការចាប់ឆ្នោតនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នាក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៤ ខែមិថុនា។



កម្ពុជា ឥណ្ឌូណេស៊ី ហ្គាម និងឆាយនីសតៃប៉ិ ជាក្រុមដែលមានចំណាត់ថ្នាក់ទាបជាងគេនាការប្រកួតជុំទីពីរនៃពានរង្វាន់ FIFA World Cup និង Asian Cup។ AFC បាន​កំណត់ការចាប់ឆ្នោតរវាងក្រុមទាំង៤ ដោយបែងចែកជា២ប្រកួត។

ការប្រកួតវគ្គ Play-Off នេះ រៀបចំឡើងនៅថ្ងៃទី៧ ខែកញ្ញា សម្រាប់ជើងទីមួយ និងថ្ងៃទី១២ ខែតុលា សម្រាប់ជើងទីពីរ។ ក្រុមឈ្នះនឹងចូលរួមជាមួយ២២ក្រុមទៀតនៅវគ្គជម្រុះជុំទី៣នៃពានរង្វាន់ AFC Asian Cup 2023។

កម្ពុជាធ្លាក់មកលេងជុំ Play-off នេះ បន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់បាតតារាងក្នុងពូល C នាវគ្គជម្រុះជុំទីពីរ ដោយចាញ់ទាំង៨ប្រកួត។ កម្ពុជាអ៊ីរ៉ង់ ១៤-០, ១០-០ ចាញ់អ៊ីរ៉ាក់ ៤-០, ៤-១ ចាញ់ប៉ារ៉ែន ១-០, ៨-០ ស្មើហុងកុង ១-១ នៅជើងទីមួយ តែចាញ់ ២-០ នៅជើងទីពីរ។

រីឯកោះហ្គាម ក៏ចាញ់ទាំង៨ប្រកួតដូចគ្នានៅក្នុងពូល A ដែលមានស៊ីរី ចិន ហ្វីលីពីន និងម៉ាល់ឌីវ។ សរុបការប្រកួតទាំងអស់ ហ្គាម បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ប៉ុន្តែធ្លាយសំណាញ់ទីវិញរហូតដល់៣២គ្រាប់។

សម្រាប់ជំនួបកន្លងមករវាងក្រុមទាំងពីរ កម្ពុជាក្រោមដឹកនាំរបស់គ្រូបង្វឹកអូស្ត្រាលី លោក Scott O’Donnell បានយកឈ្នះហ្កាម ៣-០ នាការប្រកួត AFC Challenge Cup 2006 នៅបង់ក្លាដែស ដែលកាលណោះ គួច សុគម្ភៈ បានស៊ុតបញ្ចូលទីគ្រាប់ទី៣ និងជាគ្រាប់បាល់ដំបូងបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជាផងដែររបស់កីឡាកររូបនេះ។

តែក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីឆ្នាំ២០១៣ កម្ពុជាដែលដឹកនាំដោយលោក Lee Tae Hoon បានចាញ់ហ្គាម ២-០ វិញ។ នាការប្រកួតនេះ Chhunly Pagenburg ដែលលេងនៅ FSV Frankfurt ក្របខណ្ឌទី២របស់អាល្លឺម៉ង់ បានបង្ហាញខ្លួនជាលើកដំបូង ផងដែរ ហើយក៏ជាការប្រកួតតែម្តងគត់របស់កីឡាករខ្មែរ-អាល្លឺម៉ង់រូបនេះសម្រាប់កម្ពុជា មុនពេលដែលគេចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ក្នុងអាយុ២៨ឆ្នាំ ដោយសារបញ្ហារបួស។

កីឡាករបច្ចុប្បន្ន ក្រោមការដឹកនាំរបស់គ្រូបង្វឹកជប៉ុន Ryu Hirose រួមមានសុះ ស៊ូហាណា និងប្រាក់ មុនីឧត្តម ស្ថិតក្នុងជម្រើសរបស់លោក Lee នាពេលនោះផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com