ជាតិ
ក្រសួងរៀបចំបែងចែកដីសង្គមកិច្ច៣ម៉ឺនហិកតា សម្រាប់ចែកដល់ពលរដ្ឋក្រីក្រ
24, Jun 2021 , 6:59 pm        
រូបភាព
លោក ជា សុផារ៉ា រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ (រូបពី៖ ទំព័រហ្វេសប៊ុករបស់ លោក ជា សុផារ៉ា)
លោក ជា សុផារ៉ា រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ (រូបពី៖ ទំព័រហ្វេសប៊ុករបស់ លោក ជា សុផារ៉ា)
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំគម្រោងបែងចែកដីសង្គមកិច្ច៣ម៉ឺនហិកតា ដល់ពលរដ្ឋក្រីក្រ ។ គម្រោងនេះ មានកញ្ចប់ថវិកា១០៧លានដុល្លារ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រជីវភាពពលរដ្ឋនៅតំបន់នោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នៅថ្ងៃទី២៤ មិថុនា។


លោក ជា សុផារ៉ា រដ្ឋមន្រី្តក្រសួងរៀបចំដែនដី បានបើកកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) ។ បើតាមលោក ជា សុផារ៉ា ទីតាំងដីសង្គមកិច្ចនេះ មាន៧១កន្លែង ដោយក្នុងនោះមាន២៦ទីតាំង សម្រាប់ការងារសម្បទានដីសង្គមកិច្ច និង៤៥ទីតាំងទៀត សម្រាប់សហគមន៍ជនជាតិដើមភាគតិច។ 
 
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបញ្ជាក់ថា គម្រោងខាងលើនេះ មានផ្ទៃដី៣ម៉ឺនហិកតា ក្នុងនោះមានផ្ទៃដីសហគមន៍ជនជាតិដើមភាគតិច១ម៉ឺនហិកតា។ ចំណែក អ្នកទទួលផលពីគម្រោងនេះ មាន៦៥០០គ្រួសារ ក្នុងនោះមានសហគមន៍ជនជាតិដើមភាគតិច១៥០០គ្រួសារ។ 
 
ទន្ទឹមនឹងនេះ ក្រសួងរៀបចំដែនដី បានឲ្យដឹងថា គម្រោងដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច មានកញ្ចប់ថវិកាសម្រាប់ចំណាយ១០៧លានដុល្លារ ក្នុងនោះ៩៣លានដុល្លារ ជាឥណទានធនាគារពិភពលោក និង១៤លានដុល្លារទៀត ជាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។ 
 
«គម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នឹងផ្ដល់ដីសម្រាប់លំនៅឋាននិងដីសម្រាប់កសិកម្មដល់ប្រជាជនក្រីក្រ សម្រាប់ជាទុកការចាប់ផ្ដើមកសាងជីវភាពរស់នៅនិងបន្តបង្កើនផល»។ នេះបើតាមរដ្ឋមន្រ្តីក្រសួងដែនដី ដែលបានបន្ថែមថា គម្រោងនេះ នឹងជួយកាត់បន្ថយការចំណាកស្រុក និងភាពក្រីក្រផងដែរ។
គម្រោងនេះ គឺផ្ដោតលើការងារដីសម្បទានដីសង្គមកិច្ច, ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច, ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងជួយគាំទ្រដល់ជីវភាពរបស់ពលរដ្ឋនៅតំបន់នោះ។ ដំណើរការគម្រោងនេះ គឺប្រើរយៈពេល៦ឆ្នាំ ដោយគិតពីចុងឆ្នាំ២០២០ដល់ចុងឆ្នាំ២០២៦។ 
 
សូមជម្រាបថា គម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី១ បានចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០០៨-២០១៥។ ដោយឡែក គម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ បានអនុវត្តនៅឆ្នាំ២០១៦-២០២១។ រីឯ គម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នេះចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២០-២០២៦៕
 

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com