សង្គមអន្តរជាតិ​
អន្តរជាតិ
សំណល់ប្លាស្ទិកក្នុងទឹក កំពុងក្លាយជាក្តីបារម្ភចំពោះសុខភាព​សាធារណៈ
16, Apr 2022 , 10:45 pm        
រូបភាព
កាកសំណល់ប្លាស្ទិកក្នុងទឹក គឺជាកត្តាបំពុលយ៉ាងធំមួយ ដែលផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ មកលើសុខភាពមនុស្ស និងសត្វ។ នៅក្នុងការសិក្សាថ្មីមួយ ដែលចុះផ្សាយនៅលើ​ទស្សនាវដ្ដី Global Environment Change សកលវិទ្យាល័យ Exeter បានរកឃើញថា ការ​បំពុលទឹកដោយសំណល់​ប្លាស្ទិក កំពុងក្លាយជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ពិភពលោក​ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។



ការសិក្សាថ្មីមួយរបស់សកលវិទ្យាល័យ Exeter ដោយរួមមានទាំងការស្ទង់មតិលើមនុស្សជាង ១៥០០០នាក់ នៅក្នុងប្រទេស១៤ នៅបណ្តាប្រទេសអឺរ៉ុប និងអូស្ត្រាលីផង បានបង្ហាញថា ប្រជាពលរដ្ឋ កំពុងព្រួយបារម្ភ​យ៉ាងខ្លាំងពីផលប៉ះពាល់សុខភាព ដែលបង្កដោយ​ការបំពុល​ប្លាស្ទិកក្នុងទឹក។ ប្លាស្ទិកត្រូវបានចាត់ចូលជាបញ្ហាធំជាងគេ ​ក្នុងចំណោមបញ្ហា​ទាំង១៦ ផ្សេងទៀត ​ដែលគំរាមកំហែងដល់ធនធានទឹក និងគួរឱ្យព្រួយបារម្ភសម្រាប់​សុខភាពមនុស្ស។

ប្លាស្ទិក ផ្ទុកភាគល្អិតតូចៗនៃសារធាតុគីមីដែលហៅថា មីក្រូប្លាស្ទិក។ វាផ្តល់ផលប៉ះ​ពាល់​ដល់សុខភាពមនុស្ស ​និងធ្វើឱ្យ​បាត់​បង់​ជីវចម្រុះក្នុងទឹក ក៏ដូចជាបង្កើន​ឧស្ម័នកាបូនិចក្នុងទឹក​ ហើយធ្វើឱ្យមាន​បម្រែបម្រួល​អាកាសធាតុផងដែរ។

«ការបំពុលដោយសំណល់ប្លាស្ទិច គឺជាបញ្ហាប្រឈមផ្នែកបរិស្ថាន ដែលកើនឡើងលឿនបំផុតនៅលើផែនដីរបស់យើង»។ លោកស្រី Sophie Davison អ្នកដឹកនាំការនិពន្ធនៃ​មជ្ឈមណ្ឌលបរិស្ថាននិងសុខភាពមនុស្សរបស់អឺរ៉ុបនៃសកលវិទ្យាល័យ Exeter បានលើកឡើងបែបនេះ ដោយបន្ថែមថា ប៉ុន្តែមានមនុស្សជាច្រើន មិនទាន់យល់ដឹងពីផលប៉ះពាល់​របស់ប្លាស្ទិកមកលើសុខភាពខ្លួនច្បាស់នៅឡើយ។

ជាការពិត ប្លាស្ទិក គឺជាសារធាតុបង្ក​គ្រោះថ្នាក់ដល់ទឹកដែលមនុស្សត្រូវការជាចាំបាច់​សម្រាប់ប្រើប្រាស់។ នៅពេលទឹកត្រូវបាន​បំពុលដោយប្លាស្ទិក វានឹងជះឥទ្ធិពលដល់សុខភាព​មនុស្សជាពុំខាន។ ម៉្យាងវិញទៀត ការស្រាវជ្រាវបានឱ្យដឹងថា សារធាតុគីមីក្នុងប្លាស្ទិកត្រូវបាន​រកឃើញក្នុងពោះវៀនរបស់ពពួកសត្វក្នុងទឹក បក្សី និងសត្វព្រៃជាច្រើនផ្សេងទៀត ហើយវាអាចប៉ះ​ពាល់ដល់សុខភាពមនុស្សនៅពេលបរិភោគសាច់សត្វទាំងនោះ។  

បើតាមការលើកឡើងរបស់​សហនិពន្ធ​នៃការស្រាវជ្រាវលោក Mathew White ដែលជាអ្នកចិត្តវិទ្យាផ្នែកបរិស្ថាន​នៃសាកលវិទ្យាល័យ Vienna ការសិក្សាខាងលើ ធ្វើឡើងក្នុងគោលបំណងផ្តល់ជាយោបល់ សម្រាប់ការសម្រេចចិត្ត​ជុំវិញគោលនយោបាយ​ស្តីពីការបំពុលដោយប្លាស្ទិក និងការផ្តល់មូលនិធិសម្រាប់​ការស្រាវជ្រាវទៅលើផលប៉ះពាល់​សុខភាពមនុស្សផងដែរ។

ដោយសារការបំពុលដោយប្លាស្ទិក គឺជាបញ្ហាប្រឈមជាសកល ដូច្នេះហើយការសម្រចចិត្ត​លើគោលនយោបាយស្តីពីបញ្ហានេះ គឺជារឿងសំខាន់ណាស់។ ជាពិសេស មនុស្សទាំងអស់​គប្បីយកចិត្ត​ទុកដាក់ចំពោះបញ្ហាបរិស្ថាន ដោយផ្សារភ្ជាប់ក្តីព្រួយបារម្ភជាមួយការចូលរួម​ចំណែក​កាត់បន្ថយ​ការប្រើប្រាស់ប្លាស្ទិកដើម្បីការពារសុខភាពជាសកល៕


© រក្សាសិទ្ធិដោយ thmeythmey.com