ជាតិ
យុវជនសកម្ម សេវាល្អ
ចំណេះដឹងរបស់ពលរដ្ឋ ជាកត្តាចម្បងដែលធ្វើឱ្យអំពើហិង្សាក្នុងគ្រួសារ នៅឃុំជុំគ្រៀលថយចុះ
28, Jun 2021 , 4:59 pm        
រូបភាព
ដោយ៖ ឃាង  សុវណ្ណនីតា(យុវជនឃុំជុំគ្រៀល) 

កំពត៖ ចាប់តាំងពីដើមឆ្នាំ២០២១ មកដល់ពាក់កណ្តាលខែមិថុនានេះ អំពើហិង្សាក្នុងគ្រួសារនៅក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បានកើតឡើងតែ២ករណីប៉ុណ្ណោះ។  នេះបើតាម លោក ហៃ សេង ដែលជាមេឃុំជុំគ្រៀល។ លោកមេឃុំ រូបនេះពន្យល់ថា ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីវិធានការច្បាប់ និងផលលំបាកដែលបណ្តាលមកពីការប្រើប្រាស់អំពើហិង្សា។
 
លោក ហៃ សេង គឺជាមេឃុំជុំគ្រៀល នៃស្រុកទឹកឈូ ខេត្តកំពត។ លោក ហៃ បានគូសបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អំពើហិង្សាក្នុងគ្រួសារ នៅក្នុងឃុំជុំគ្រៀល បានថយចុះយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេលកន្លះឆ្នាំមកនេះ មានកើតឡើងតែ២ករណីប៉ុណ្ណោះ។  បើធៀបនឹងកាលពីប្រមាណ៣-៥ឆ្នាំ មុនគឺថយចុះជាង ៩០ភាគរយទៅហើយ។ 


 
មូលហេតុនេះនៃការថយចុះ ត្រូវបានលោកមេឃុំជុំគ្រៀលពន្យល់ថា ដោយសារតែប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្រើនអំពីវិបត្តិ និងផលលំបាក ដែលកើតចេញពីអំពើហិង្សា។ ម្យ៉ាងវិញទៀត អាជ្ញាធរឃុំ បានខិតខំក្នុងការផ្សព្វផ្សាយពីវិធានការច្បាប់ចំពោះជនដែលប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ។ លោក ហៃ សេង រៀបរាប់ថា៖«យើងតែងផ្សព្វផ្សាយពីបញ្ហាច្បាប់ លើអ្នកដែលប្រើហិង្សាក្នុងគ្រួសារ  លើប្រពន្ធក៏ដោយ កូនក៏ដោយ។ យើងប្រាប់គាត់ថា គាត់មានសិទ្ធិវាយដំសមាជិគ្រួសារទេ បើហ៊ានតែប្រព្រឹត្ត ត្រូវប្រឈមនឹងផ្លូវច្បាប់»។ 
 
ក្នុងនាមជាមេឃុំ លោក ហៃ សេង ដែលបច្ចុប្បន្នមានវ័យ ៧៤ឆ្នាំទៅហើយនោះ ថាលោកពិតជាត្រេកអរខ្លាំងណាស់ ដែលឃុំរបស់ខ្លួន លែងសូវមានអំពើហិង្សាយ៉ាងដូច្នេះ។ សម្រាប់លោក ហៃ សេង ភាពសុខដុមរមនា នៅក្នុងក្រុមគ្រួសារ ពិតជាមានសារសំខាន់​ណាស់ នៅក្នុងការអភិវឌ្ឍន៍ឃុំ ជាពិសេសពង្រឹងសេដ្ឋកិច្ចក្នុងគ្រួសារ។ លោកមេឃុំ ពន្យល់បន្ថែមដូច្នេះ៖ «បើគាត់នៅតែទាស់ទែងគ្នា នៅពេលយើងមានគម្រោងអភិវឌ្ឍន៍អ្វីនោះ ដូចជាចង់ឱ្យធ្វើកសិកម្ម ចិញ្ចឹមមាន់ជាដើម យើងមិនអាចផ្តល់ឱ្យគាត់បានទេ។ បើគាត់ឈ្លោះគ្នា មិននឹកឃើញឱ្យចំណីមាន់ទាអីទេ ច្បាស់ជា(មាន់ទា)ងាប់អស់។ គាត់ឈ្លោះគ្នា ខាតបង់ផលប្រយោជន៍គាត់ខ្លួនឯងទេ ទាំងលុយកាក់ ពេលវេលា ហើយបើអត់ឈ្លោះមានពេលរកលុយកាក់ចូលផ្ទះ»។  
 
ដ្បិតតែស្ថានភាពអំពើហិង្សាគ្រួសារដែលលេចចេញតាមរយៈការវាយដំ , ជេរប្រមាថគ្នាក្នុងគ្នាគ្រួសារបានថយចុះ ប៉ុន្តែលោក មេឃុំជុំគ្រៀល អះអាង អំពើហិង្សាក្នុងគ្រួសារ ក្រោមរូបភាពអំពើហិង្សាផ្លូវចិត្ត ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ចជាដើមនោះ នៅកើតមាននៅឡើយ។ បញ្ហានេះ ក៏ជាក្តីកង្វល់របស់លោកមេឃុំ វ័យ៧៤ឆ្នាំរូបនេះដែរ ព្រោះការលាក់បាំងរបស់ជនរងគ្រោះ ហើយដែលអាជ្ញាធរ មិនអាចចាត់វិធានការអ្វីបាននោះទេ ក្នុងករណីនេះ។ ទោះជាយ៉ាងនេះក្តីថ្នាក់ដឹកនាំឃុំជុំគ្រៀលរូបនេះ ប្តេជ្ញាបន្ត អប់រំ ណែនាំ និងផ្សព្វផ្សាយពីវិធានការច្បាប់ និងផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារនេះជាបន្តទៀត។ យើងនឹងផ្សព្វផ្សាយបញ្ហាច្បាប់ទៀត តាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ហើយយើងបានផ្តល់លេខទំនាក់ទំង ដើម្បីឱ្យពេលមានបញ្ហា គាត់តេ(ហៅទូរសព្ទ)មក យើងចុះដោះស្រាយ ហើយហ្នឹងគឺ ជាអាទិភាព ក្នុងការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ»។ 


 
បន្ថែមពីនេះទៀត លោក មេឃុំ ក៏លើកទឹកចិត្តជនរងគ្រោះ ដាក់ពាក្យស្នើសុំអន្តរាគមន៍ មកកាន់អាជ្ញាធរមានសមត្ថកិច្ចផងដែរ ប្រសិនបើមានករណីអំពើក្នុងទម្រង់ណាមួយនោះកើតឡើង ដើម្បីអាជ្ញាធរអាចចាត់វិធានការបានទាន់ពេលវេលា៕
 
 អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 
 

Tag:
 ជុំគ្រៀល
  ហៃ សេង
 អំពើហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com