ជាតិ
សមាគមមីក្រូហិរញ្ញវត្ថុ មិនអនុញ្ញាតឲ្យសមាជិកផ្ដល់សេវា បែបរំលោភសិទ្ធិមនុស្សជាប្រព័ន្ធឡើយ
29, Jun 2021 , 8:29 pm        
រូបភាព
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុ មិនអនុញ្ញាតឲ្យសមាជិកផ្ដល់សេវា បែបរំលោភសិទ្ធិមនុស្សជាប្រព័ន្ធឡើយ ។ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងបែបនេះ ឆ្លើយតបទៅសង្គមស៊ីវិល ដែលបានរកឃើញថា មន្រ្តីឥណទានបានរំលោភបំពាន ហើយដាក់សម្ពាធឲ្យពលរដ្ឋលក់ដី ដើម្បីដោះបំណុល។


អង្គការសមធម៌កម្ពុជា និងអង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញរបាយការណ៍មួយ កម្រាស់៤៦ទំព័រ កាលពីថ្ងៃទី២៨ មិថុនាថា ពលរដ្ឋចំនួន១៤សហគមន៍ ក្នុងខេត្តកោះកុង កំពង់ស្ពឺ បាត់ដំបង ឧត្ដរមានជ័យ រតនគិរី ព្រះវិហារ និងភ្នំពេញ កំពុងជាប់ជំពាក់បំណុលយ៉ាងលើសលុប។ ពួកគេ ស្ទើរតែទាំង១៤សហគមន៍ ខ្ចីបំណុលខ្នាតតូចដើម្បីសងបំណុលផ្សេងៗទៀត និងព្យាបាលជំងឺ។ ក្រៅពីនេះ គឺដើម្បីសាងសង់ផ្ទះ ធ្វើកសិកម្ម និងចំណាយលើការសិក្សារបស់កូនជាដើម។ 
 
អង្គការសង្គមស៊ីវិលទាំងពីររកឃើញថា មន្រី្តឥណទាន ចុះប្រមូលឥណទានដោយរំលោភបំពាន, ផ្ដល់កម្ចីឥណទានបែបកេងចំណេញ, ជំរុញឲ្យខ្ចីកម្ចីឯកជន និងសម្ពាធឲ្យលក់ដីជាដើម។ របាយការណ៍សង្គមស៊ីវិលទាំងនេះ បានបញ្ជាក់ទៀតថា ការរំលោភបំពាន់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ ដូចជាជំរុញឱ្យពួកគេចំណាកស្រុករកការងារធ្វើ ដើម្បីសងប្រាក់, បញ្ហាសុខភាពផ្លូវចិត្ត និងបញ្ហាពលកម្មកុមារកើនឡើង។ 
 
ឆ្លើយតបជុំវិញរបាយការណ៍នេះ លោក កាំង តុងងី ចាត់ទុកជារបាយការណ៍ដដែលៗ ដោយសង្គមស៊ីវិលទាំងនោះ សិក្សាលើផ្នែកតូចមួយនៅក្នុងសហគមន៍ ពិសេសគឺការជ្រើសរើសមនុស្សយកមកសម្ភាស ដើម្បីចងក្រងឯកសារប៉ុណ្ណោះ។ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ បានអះអាងថា សមាគម មិនដែលអនុញ្ញាឲ្យសមាជិកណាមួយ ផ្ដល់សេវាមានលក្ខណៈរំលោភសិទ្ធិមនុស្សឡើយ។ 
 
«យើងមិនអាចធានាបានក្នុងវិស័យមីក្រូហរិញ្ញវត្ថុមិនមានបញ្ហានោះទេ ធម្មតាវិស័យដែលមានបុគ្គលិកជាង៣ម៉ឺននាក់ ជៀសមិនផុតនឹងមានបុគ្គលិកមួយចំនួនតូចមិនគោរពគោលការណ៍។ ប៉ុន្តែ អ្វីដែលសមាគមអាចធានាបានថា សមាគមយើងតាមដានទៅលើយន្តការរបស់សមាជិកទាំងអស់ នឹងមិនមានសមាជិកណាមួយ ប្រកបរបររកស៊ីផ្ដល់ហរិញ្ញវត្ថុនេះ ដែលមានលក្ខខណ្ឌជាប្រព័ន្ធក្នុងការរំលោភ កេងប្រវ័ញ្ច និងប្រព្រឹត្តអសីលធម៌លើអតិថិជនឡើយ»។ នេះបើតាម លោក កាំង តុងងី ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ដោយបន្ថែមថា ករណីរកឃើញមន្រី្តមីក្រូហរិញ្ញវត្ថុណាមួយ ប្រព្រឹត្តខុសឬអសីលធម៌ នឹងចាត់វិធានការតាមច្បាប់ ដោយគ្មានការអនុគ្រោះឡើយ។ 
 
អ្នកនាំពាក្យសមាគមមីក្រូហរិញ្ញវត្ថុកម្ពុជារូបនេះថា  ចាប់ពីកម្ពុជារងគ្រោះដោយសារកូវីដ-១៩មក សមាគមតែងតែជួយសម្រួលដល់អតិថិជនរបស់ខ្លួនជាប្រចាំ ដោយមិនរើសអើងនរណាម្នាក់ឡើយ។ នៅអំឡុងពេលកូវីដ-១៩ឆ្នាំ២០២០ ដល់ពាក់កណ្ដាលខែមិថុនានេះ សមាគមមីក្រូហរិញ្ញវត្ថុជួយរៀបចំកម្ចីឡើងដល់អតិថិជនដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩បានជាង៣៥ម៉ឺននាក់។ 
 
បើតាមលោក តុងងី បញ្ជាក់បន្ថែមថា ខាងសមាគមមីក្រូហរិញ្ញវត្ថុក៏បានជួយពន្យារពេលសងកម្ចី ដល់អ្នកពាក់ព័ន្ធនឹងកូវីដ-១៩ ហើយអ្នកឆ្លងកូវីដ-១៩ និងសមាជិករងគ្រោះ ឬស្លាប់ដោយសារជំងឺនេះ៕ 
 

Tag:
 បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com