ជាតិ
ពលករត្រឡប់ពីថៃ យ៉ាងតិច៣០០នាក់ក្នុងមួយថ្ងៃ ខណៈថៃបិទខ្ទប់ ដោយសារកូវីដ-១៩កាន់តែខ្លាំង
29, Jun 2021 , 10:29 pm        
រូបភាព
ពលករខ្មែរត្រូវអាជ្ញាធរថៃចាប់បញ្ជូនឲ្យអាជ្ញាធរខ្មែរវិញតាមច្រកព្រំដែនស្រុកសំពៅលូន ខេត្តបាត់ដំបងកាលពីថ្ងៃទី១១មិថុនា ឆ្នាំ២០២១ ។ (រូបពី៖ នគរបាលជាតិ)
ពលករខ្មែរត្រូវអាជ្ញាធរថៃចាប់បញ្ជូនឲ្យអាជ្ញាធរខ្មែរវិញតាមច្រកព្រំដែនស្រុកសំពៅលូន ខេត្តបាត់ដំបងកាលពីថ្ងៃទី១១មិថុនា ឆ្នាំ២០២១ ។ (រូបពី៖ នគរបាលជាតិ)
ភ្នំពេញ៖ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ បានបញ្ជាក់ថា ពលករសម្រុកត្រឡប់វិញនេះ ដោយសារពួកគេគ្មានការងារធ្វើ ខណៈថៃកំពុងរាតត្បាតកូវីដ-១៩កាន់តែខ្លាំង។ ការសម្រុកមកនេះ ពួកគេប្រឈមនឹងការកេងប្រវ័ញ្ចលើមធ្យោបាយធ្វើដំណើរនិងការឆ្លងកូវីដ-១៩។


ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ឃុន ថារ៉ូ បានបញ្ជាក់ថា នាពេលថ្មីៗនេះ ពលករខ្មែបានសម្រុកមកកម្ពុជាវិញ ប្រមាណ៣០០នាក់ក្នុងមួយថ្ងៃ ពិសេសពលករដែលធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការសម្រុកមកវិញនេះ គឺដោយសារថៃកំពុងរាលដាលកូវីដ-១៩ រួមទាំងចាត់វិធានការរឹតបន្តឹងនិងបិទខ្ទប់ទីក្រុងបាងកក។ 
 
«ពលករភាគច្រើនដែលត្រឡប់មកវិញ គឺអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មករសំណង់ អ្នកធ្វើការតាមហាង និងផ្សារជាដើម ដោយសារពួកគេមិនមានកិច្ចគាំពារសង្គម ខណៈការបិទទីក្រុងបាងកក គឺត្រូវឲ្យបិទការដ្ឋានសំណង់។ លើសពីនេះ ពួកគេព្រួយបារម្ភការស្នាក់នៅដោយគ្មានច្បាប់ត្រឹមត្រូវនិងការឆ្លងរាលដាលកូវីដ-១៩ ទើបបង្ខំចិត្តត្រឡប់វិញ»។ នេះបើតាមការលើកឡើងរបស់លោក ថារ៉ូ ដោយបន្ថែមថា ពួកគេងាយនឹងចាញ់បោកមេខ្យល់ ដោយសារការធ្វើដំណើរត្រឡប់មកវិញ មិនបានត្រៀមទុក ពិសេសគឺ ការឆ្លងរាលដាលកូវីដ-១៩។ 
 
ទន្ទឹមនឹងការសម្រុកត្រឡប់មកវិញរបស់ពលករខ្មែរ ក៏មានពលករខ្មែរជាច្រើននាក់ ព្យាយាមឆ្លងដែនខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅតាមខេត្តជាប់ព្រំដែនកម្ពុជា។ បើតាមលោក ថារ៉ូ  ពលករដែលឆ្លងដែនខុសច្បាប់ទៅធ្វើនៅអំឡុងពេលនេះ ភាគច្រើនទៅធ្វើការប្រមូលផលកសិកម្មដំណាំផ្លែឈើ ដើម្បីដោះស្រាយជីវភាពខ្វះខាត ពិសេសអំឡុងពេលរងវិបត្តិកូវីដ-១៩។ 
 
ជុំវិញស្ថានភាពពលករខ្មែរនៅក្រៅប្រទេសសារព័ត៌មានថ្មីៗមិនទាក់ទងសុំព័ត៌មានលម្អិតពី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឡើយ។ ដោយឡែក លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា លោកពុំទាន់មានរបាយការណ៍ជុំវិញពលករក្រៅប្រទេសនោះទេ។ 
បើតាមលោក ថារ៉ូ បច្ចុប្បន្ននេះ មានពលករខ្មែរនៅប្រទេសថៃប្រមាណ៤០០នាក់ហើយបានឆ្លងកូវីដ-១៩។ ក្រៅពីពលករខ្មែរ កើតកូវីដ-១៩ នេះ ក៏មានពលករខ្មែរ៣០នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ការងារ បើគិតពីដើមឆ្នាំ២០២១មក។ នេះជាការបញ្ជាក់របស់លោក ថារ៉ូ។
 
ជាមួយគ្នានេះលោក កែ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់សារព័ត៌មានថ្មីៗថា គិតត្រឹមថ្ងៃ២០ធ្នូ ២០២០ ដល់ថ្ងៃទី១០មិថុនា ២០២១នេះ ពលរដ្ឋខ្មែរត្រឡប់ពីថៃ មានជាង៤.៤ម៉ឺននាក់។ ជាមួយគ្នានេះ អាជ្ញាធរថៃ ក៏បានបញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ ៤ពាន់នាក់ មកអាជ្ញាធរកម្ពុជាវិញដែរ។ 
Relate៖ 105156
 

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com