ជាតិ
ពីនេះ ពីនោះ
បើស្រលាញ់សត្វព្រៃ ត្រូវរួមគ្នាអភិរក្ស មិនមែនចិញ្ចឹមនៅផ្ទះទេ
30, Jun 2021 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
សុធីរ និងសំណាង សម្រេចចិត្តជួបគ្នានៅហាងកាហ្វេចិញ្ចើមផ្លូវជាថ្មីនៅសប្តាហ៍នេះ ក្រោយពីខកខានជួបសន្ទនាគ្នារាប់ខែមកហើយ ក្រោយផ្ទះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ទោះជួបគ្នាផ្ទាល់ មិត្តទាំងពីរនៅ អង្គុយពាក់ម៉ាស នៅក្រៅហាងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងរក្សាគម្លាតសុវត្ថិភាពដដែល។ ប្រធានបទនៃកិច្ចសន្ទនាថ្ងៃនេះគឺ ចិញ្ចឹមសត្វព្រៃនៅក្នុងទីក្រុង។

 
សុធីរ៖ នែ! សំណាង! អ្អែងបាន ឃើញព័ត៌មាន រឿងសត្វតោមួយក្បាលដែលគេដកហូតពីជនជាតិចិនម្នាក់ចិញ្ចឹមទេ? មកដល់ឥឡូវរឿងមិនទាន់ចប់ទៀត។ អ្នកប្រើហ្វេសប៊ុកខ្លះខឹងអាជ្ញាធរ និងអង្គការសត្វព្រៃ ហើយបង្ហាញអារម្មណ៍ស្រណោះម្ចាស់តោ និងស្នើឲ្យប្រគល់សត្វមកម្ចាស់វិញទៀត។ 
 
សំណាង៖ អឺ អញក៏គិតអញ្ចឹងដែរ។ សត្វតោរស់ជាមួយម្ចាស់ជាងមួយឆ្នាំហើយ យើងទៅដកហូតគ្នាពីម្ចាស់។ សាកគិតមើលថា វាប៉ះពាល់អារម្មណ៍ និងមនោសញ្ចេតនាគ្នាយ៉ាងម៉េចខ្លះ។ ម្យ៉ាងទៀត បើទុកឲ្យនៅជាមួយម្ចាស់ ក្រែងគេអាចថែទាំដិតដល់ជាង។
 
សុធីរ៖ ហ្នឹងហើយ! ប៉ុន្តែ អ្អែងមានបានគិតថា វាព្រៃផ្សៃទេអី ដែលមនុស្សយើងទៅដកក្រញាំ កាច់ចង្កូមគ្នា ដើម្បីទុកចិញ្ចឹមខុសពីលក្ខខណ្ឌធម្មជាតិ។ កុំភ្លេចថា តាមក្រឹត្យក្រម​ធម្មជាតិ​ សត្វព្រៃទាំងនោះសក្តិសមនឹងរស់សុខស្រួលក្នុងព្រៃមិនមែនជាសត្វចិញ្ចឹមក្នុងទីក្រុងរបស់មនុស្សទេ។ សូម្បីតែសួនសត្វ ឬសួនកម្សាន្ត ដែលចាប់សត្វព្រៃមកដាក់តាំងឲ្យមនុស្សមើលនោះ ក៏ជារឿងមិនត្រឹមត្រូវដែរ។
 
សំណាង៖ ប៉ុន្តែអ្ហែងសាកគិតបន្តិចទៀតមើល យ៉ាងណា ម្ចាស់គេបានថែទាំ បង្ហាញចិត្តសណ្តោសប្រណី និងមានស្មារតីស្រលាញ់សត្វព្រៃដែរតើ…
 
សុធីរកាត់ភ្លាម ហើយតបវិញ៖ ហ្នឹងហើយ! អាហ្នឹង វាជាការស្រលាញ់ដែលមិនសូវត្រឹមត្រូវ។ បើយើងស្រលាញ់សត្វព្រៃពិត វាក៏មានវិធីច្រើនផ្សេងទៀតដើមចូលរួមដែរតើ ហើយវាមិនចាំបាច់អីដែលយើងត្រូវយកវាមកចិញ្ចឹមក្នុងផ្ទះ។ រឿងដែលគួរធ្វើចម្បងនោះ រួមគ្នាចូលរួមទប់ស្កាត់ការជួញដូរ និងបរិភោគសត្វព្រៃ។ ហើយបើអញមានទ្រព្យធនច្រើន អញនឹងជួយជាវិភាគទានខ្លះដើម្បីទ្រទ្រង់កិច្ចការអភិរក្សសត្វព្រៃ និងជួយអភិរក្សព្រៃឈើជាដើម ក្រែងអាចរក្សាវត្តមានសត្វព្រៃទាំងនោះសម្រាប់ក្មេងជំនាន់ក្រោយបានស្គាល់។ 
 
សំណាង៖ អឺម្យ៉ាងដែរ។ ប៉ុន្តែឥឡូវបញ្ហាមួយទៀត គឺរឿងអនុវត្តច្បាប់មិនបានស្មើគ្នា។ បើសិនត្រូវរឹបអូស អាជ្ញាធរឬក្រសួងពាក់ព័ន្ធគួរដកហូត និងពិន័យអ្នកយកសត្វព្រៃមកចិញ្ចឹមផ្សេងទៀតដែរ។ អញធ្លាប់ឃើញគេផ្សាយមានច្រើនដែរ មិនមែនមានតែរឿងតោនេះមួយឯណា។ 
 
សុធីរ៖ ហេតុផលត្រង់នេះសមរម្យម្យ៉ាងដែរ។ សង្ឃឹមថា មតិរិះគន់របស់សាធារណជន នឹងជំរុញឲ្យអាជ្ញាធរពិចារណាពង្រឹងការអនុវត្តច្បាប់ការពារសត្វព្រៃនេះឡើងវិញ។ បើសិន ជាការអនុវត្តធ្វើបានស្មើគ្នា ម្ល៉េះមិនសូវស្មុគស្មាញដូច្នេះទេ។
 
សុធីរនិយាយចប់ ក៏លាមិត្តសម្លាញ់ខ្លួន សំណាង ព្រោះដល់ម៉ោងចូលធ្វើការ។ អ្នកទាំងពីរប្រហែលជាត្រូវផ្អាកជួបគ្នាមួយរយៈទៀត ដោយសារករណីឆ្លងថ្មីមិនព្រមស្រាកស្រាន្ត ព្រមជាមួយវត្តមានមេរោគបំប្លែងថ្មី ដែលតា ផង៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com