COVID-19
ជាតិ
ពលរដ្ឋវ័យពី៩០ឆ្នាំ ដល់លើស១០០ឆ្នាំ ជាង៤០០នាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩
02, Jul 2021 , 7:59 pm        
រូបភាព
 លោកយាយ ហូ ខាំ អាយុ១០១ឆ្នាំ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី២ កក្កដា ២០២១នេះ នៅសាលាបឋមសិក្សាចតុមុខ ដែលបានទទួលអំណោយពីប្រមុខរដ្ឋាភិបាល ។ (រូបពីក្រសួងសុខាភិបាល)
លោកយាយ ហូ ខាំ អាយុ១០១ឆ្នាំ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី២ កក្កដា ២០២១នេះ នៅសាលាបឋមសិក្សាចតុមុខ ដែលបានទទួលអំណោយពីប្រមុខរដ្ឋាភិបាល ។ (រូបពីក្រសួងសុខាភិបាល)
ភ្នំពេញ៖ មកដល់ពេលនេះ មានពលរដ្ឋខ្មែរ វ័យលើសពី៩០ឆ្នាំ រហូតដល់លើស១០០ឆ្នាំ ជាង៤០០នាក់ហើយ ដែលបានស្ម័គ្រចិត្តចាក់សាំងបង្ការជំងឺកូវីដ-១៩។ នេះបើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។


លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ពលរដ្ឋវ័យចំណាស់ ចាប់ពី១០០ឆ្នាំ ដល់១០៣ឆ្នាំ ចំនួន៨នាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩។ បើតាមលោកស្រី វណ្ណឌីន ក្រសួងក៏កំពុងស្វែងពលរដ្ឋវ័យចាប់ពី១០០ឆ្នាំឡើងទៅនេះ ដើម្បីស្នើទៅសម្ដេច ហ៊ុន សែន ឱ្យផ្ដល់កញ្ចប់លើកទឹកចិត្តដល់ពួកគេ។
 
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ នាសាលាបឋមសិក្សាចតុមុខ ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩រូបនេះ បាននិយាយដូច្នេះថា៖«យើងធ្វើការសិក្សាជាបន្តទៀត ដើម្បីពិនិត្យ ថាតើមានក្រុមចាស់ ដែលមានអាយុលើសពី១០០ឆ្នាំនេះ គាត់នៅកន្លែងណាខ្លះទៀត ហើយនឹងគោរពដាក់ជូនទៅ សម្ដេនាយករដ្ឋមន្រ្តី ដើម្បីលោកពិនិត្យនិងសម្រេច ធ្វើយ៉ាងម៉េចទៀត»។
 
ដោយឡែកលោកយាយ ហូ ខាំ អាយុ១០១ឆ្នាំ ដែលជាមនុស្សទី៩ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ។ លោកយាយ វ័យ១០១ឆ្នាំរូបនេះ ចាក់វ៉ាក់សាំង Sinovac ជាដូសទី២ នៅព្រឹកថ្ងៃទី២ កក្កដានេះ នៅសាលាបឋមសិក្សាចតុមុខ។
 
ក្រោយចាក់វ៉ាក់សាំងដូសទី២ហើយ លោកយាយ ហូ ខាំ ក៏ជាមនុស្សវ័យលើស១០០ឆ្នាំដំបូងគេ ដែលទទួលបានជំនួយឧបត្ថម្ភថវិកា ៣លានរៀល និងសម្ភារៈឧបភោគបរិភោគពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ 
 
បើតាមលោកស្រី ឱ វណ្ណឌីន ក្រៅពីពលរដ្ឋអាយុលើស១០០ឆ្នាំនេះ ក៏មានពលរដ្ឋអាយុចាប់ពី៩០ឆ្នាំ ដល់៩៩ឆ្នាំ ជាង៤០០នាក់ទៀត បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ ប៉ុន្តែពលរដ្ឋវ័យខ្ទង់៩០ឆ្នាំ នឹងមិនទទួលបានអំណោយអ្វីឡើយ។
 
ចំពោះពលរដ្ឋវ័យចាស់ជរា ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនេះ គឺជាសក្ខីភាពសំខាន់មួយទៀត ដែលបង្ហាញទៅសាធារណជន ពីសារៈសំខាន់នៃការចាក់វ៉ាងសាំងការពារអាយុជីវិត។ នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន។
 
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ក៏បានអំពាវនាវឱ្យពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ឱ្យបានគ្រប់គ្នា ជាពិសេសពលរដ្ឋវ័យចំណាស់។ បើតាមលោកស្រី ឱ វណ្ណឌីន ក្រុមមនុស្សដែលងាយប្រឈមគ្រោះថ្នាក់ ដោយសារជំងឺកូវីដ-១៩ នេះ ភាគច្រើនជាមនុស្សចាស់។ ដូច្នេះពលរដ្ឋវ័យចំណាស់ទាំងអស់ ត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយកុំគិតថា ខ្លួនឯងចាស់ហើយ បណ្ដោយតាមយថាកម្ម។
 
ក្រៅពីក្រុមមនុស្សចាស់នេះ ក៏ក្រុមមានជំងឺប្រចាំកាយ ដែលងាយប្រឈមនឹងជំងឺកូវីដ-១៩នេះដែរ។ នេះជាការបញ្ជាក់របស់ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។
គិតត្រឹមថ្ងៃទី១ កក្កដា មន្ត្រីរាជការ និងពលរដ្ឋ ៤,៣លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្មើនឹង៤៣,០៥ ភាគរយ នៃផែនការចាក់វ៉ាក់សាំងលើមនុស្ស១០នាក់ រដ្ឋាភិបាល។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងទាំងនេះ ក្នុងនោះមានពលរដ្ឋ៣,១លាននាក់ បានចាក់វ៉ាក់សាំងដូសទី២ ។ នេះបើតាមក្រសួងសុខាភិបាល។
 
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ប្រជាពលរដ្ឋ ចំនួន ១១,០២៤,០០០ដូស។ ក្នុងនោះ មានវ៉ាក់សាំងកូវីដ-១៩របស់ស៊ីណូវ៉ាក់ ៧,៥លានដូស, ស៊ីណូហ្វាម៣,២លានដូស និង វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Covishield( Astra Zineca) ចំនួន៣២៤,០០០ដូស។
 
ដោយឡែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូសទៀត នឹងមកដល់កម្ពុជា នៅក្នុងខែកក្កដានេះ។ ក្នុងនោះវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម ចំនួន១លានដុល្លារ នឹងមកដល់កម្ពុជា នាថ្ងៃទី៦កក្កដា។ ចំពោះវ៉ាក់សាំងកូវីដ-១៩ ចំនួន៤លានដូសទៀត នឹងមកដល់កម្ពុជា នាថ្ងៃទី១០កក្កដា ។ ចំណែកវ៉ាក់សាំង៤លានដូសទៀត ដែលបញ្ជាទិញពីចិននោះ នឹងដល់មកដល់ខែសីហា។
 
ត្រឹមខែសីហាខាងមុខនេះ កម្ពុជា នឹងមានវ៉ាក់សាំងសរុប២០លានដូស សម្រាប់ចាក់ឱ្យពលរដ្ឋ១០លាននាក់ តាមផែនការកំណត់។ ចំពោះការទិញវ៉ាក់សាំងនេះ រដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកា១៧០លានដុល្លារ។ បើតាមការវាយតម្លៃរបស់ប្រមុខរដ្ឋាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋ១០លាននាក់ នឹងបញ្ចប់នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ។
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥២៣៥០នាក់ ក្នុងនោះ  ២៨៧២ នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ៤៥ ៥០៨ នាក់ និងស្លាប់សរុប ៦៦០ នាក់៕
 

Tag:
 COVID-19
  ឱ វណ្ណឌីន
© រក្សាសិទ្ធិដោយ thmeythmey.com