ជាតិ
សង្គមជាតិ
អ្នកនាំពាក្យក្រសួងវប្បធម៌៖«បើថៃពិតជាចម្លងតាមប្រាសាទខ្មែរមែន យើងនឹងធ្វើចំណាត់ការទូត»
06, Jul 2021 , 8:52 am        
រូបភាព
គម្រោងប្រាសាទកំពូល៣ ដែលគែផ្សព្វផ្សាយថា ថៃ គ្រោងសាងសង់នៅលើទឹកដីខ្លួន (រូបពីគណនីហ្វេសប៊ុកបុរាណាចារ្យ)
គម្រោងប្រាសាទកំពូល៣ ដែលគែផ្សព្វផ្សាយថា ថៃ គ្រោងសាងសង់នៅលើទឹកដីខ្លួន (រូបពីគណនីហ្វេសប៊ុកបុរាណាចារ្យ)
ភ្នំពេញ៖ ស្ថិតក្នុងដំណាក់កាលនៃការស្រាវជ្រាវនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅពុំទាន់អាចសន្និដ្ឋានបាននៅឡើយទេ ថាថៃពិតជាមានគម្រោងសង់ប្រាសាទ ដោយយកគំរូតាមប្រាសាទខ្មែរ ដោយរង់ចាំការស្រាវជ្រាវជាក់លាក់សិន។ ប៉ុន្តែបើមានករណីដូច្នោះមែន កម្ពុជានឹងដោះស្រាយតាមនិតិវិធី។


 
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងកំពុងសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានជាក់លាក់ ពាក់ព័ន្ធនឹងករណីសង្ស័យថាថៃសាងសង់ប្រាសាទ ដោយចម្លងតាមប្រាសាទអង្គរវត្តខ្មែរ។ 
 
លោក ឡុង ប៉ុណ្ណាសិរីវត្ថ ពន្យល់៖«យើងមិនទាន់អាចកំណត់ថានឹងស្រាវជ្រាវរួចរាល់ក្នុងប៉ុន្មានសប្ដាហ៍ទៀតនោះទេ ។ យើងបានទាក់ទងទៅស្ថានទូតខ្មែរប្រចាំនៅថៃ កុងស៊ុលប្រចាំនៅស្រះកែវដើម្បីសិក្សាផ្ទាល់ ហើយអាជ្ញាធរអប្សរា កំពុងទាក់ទងតាមអេឡិចត្រូនិក ទៅខាងភាគីដែលសាងសង់ ថាគេសាងសង់របៀបម៉េច ហើយឱ្យគេផ្ដល់គម្រោងសាងសង់មកយើងឱ្យបានជាក់លាក់។ បើបានព័ត៌មានយ៉ាងណា យើងនឹងបញ្ជាក់ជូនតាមក្រោយទៀត»។
 
ប៉ុន្តែអ្វីដែលលោក ប៉ុណ្ណាសិរីវត្ថ ទទួលបានព័ត៌មានបណ្ដោះអាសន្ននោះ គឺថៃកំពុងសាងសង់នៅខេត្តបុរីរ៉ាំ នោះ ជាពុទ្ធមណ្ឌល ដោយសាងសង់តួប្រាសាទស្រដៀងនឹងអង្គរវត្តខ្មែរ។ លោក ប៉ុណ្ណាសិរីវត្ថ បានសង្កត់ធ្ងន់ថា ប្រសិនបើមានព័ត៌មានជាក់លាក់ថាថៃ ពិតជាចម្លងតាមប្រាសាទខ្មែរមែន នោះកម្ពុជានឹងដោះស្រាយតាមវិធីសាស្ត្រ ដូចដែលបានធ្វើកន្លងមក។
 
 «យើងអាចទំនាក់ទំនងតាមក្រសួងការបរទេស ដោយជូនលិខិតផ្លូវការទៅរដ្ឋាភិបាលថៃ តាមរយៈស្ថានទូតថៃប្រចាំកម្ពុជា ដើម្បីដោះស្រាយបញ្ហា ដូចកន្លងមកដែលយើងធ្លាប់ជួបប្រទះ។ ទោះជាយ៉ាងណាយើងត្រូវដឹងព័ត៌មានជាក់លាក់ មុននឹងយើងចាត់វិធានការការទូតឬយ៉ាងណាមួយ»។ នេះបើតាមអ្នកនាំពាក្យក្រសួងវប្បធម៌៕
 

Tag:
 វប្បធម៌
  សិល្បៈ
  ប្រាសាទ
  ក្រសួងវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com