អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សម្ពោធអគារ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ
06, Jul 2021 , 12:09 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ដែលជាក្រុមហ៊ុនមួយ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ តាមរយៈសេវាកម្មអប់រំ ដែលមានគុណភាពខ្ពស់ឈានមុខគេនៅកម្ពុជា បានសម្រេចនូវសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ជាមួយនឹងការសម្ពោធអគារសិក្សាថ្មីរបស់សាខាជ្រោយចង្វារ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ។
 
ពិធីសម្ពោធត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់លោក គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលត្រូវបានគេស្គាល់ជាទូទៅផងដែរថា ជាអ្នកជំនាញខាងវិស័យអប់រំ ព្រមជាវាគ្មិនដ៏ល្បី និងមានប្រជាប្រិយភាពម្នាក់។ ពិធនេះ ក៏មានការចូលរួមពីបុគ្គលិក ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន និងបណ្តាអ្នកសារព័ត៌មានផងដែរ ។
 
អគារសិក្សាថ្មីរបស់ AIS នេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ហួសពីស្ពានជ្រោយចង្វារជាងមួយគីឡូម៉ែត្រ។ ជុំវិញទីតាំងអគារហ៊ុមព័ទ្ធទៅដោយផ្សារទំនើប បុរី និង អគារពាណិជ្ជកម្មជាច្រើន ។


 
អគារសិក្សានេះ ត្រូវបានរចនា និងកសាងដោយផ្នែក Design and Construction នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយកាលពីដើមជាអគារសណ្ឋាគារមួយ ប៉ុន្តែក្រុមការងារបានជួសជុល ស្តារ ដើម្បីប្រែក្លាយវាឱ្យក្លាយជាអគារសាលារៀនវិញ ដោយដាក់បន្ថែមនូវពីរចនាប័ទ្មបែបសហសម័យ(Contemporary) បូកផ្សំនឹងរចនាប័ទ្មបែបខ្មែរ ។
 
ក្រុមការងារសាងសង់បានឱ្យដឹងថា៖ «អគារសាលានេះ ត្រូវបានសាងសង់តាមបច្ចេកវិទ្យាជឿនលឿនបំផុត ក្នុងបច្ទុប្បន្ន ដោយបំពាក់កញ្ចក់លាតធំៗ ដើម្បីទទួលបានពន្លឺធម្មជាតិគ្រប់គ្រាន់ ហើយកាត់បន្ថយការប្រើថាពលអគ្គិសនីបានច្រើន។ នេះជាចំណុចសំខាន់បំផុត ដែលអគារផ្សារភ្ជាប់ទៅនឹងបរិស្ថានជុំវិញ ។
 


ក្រុមការងារសាងសង់បន្ថែមថា៖ «រាល់ច្រកចេញចូលធំៗ នៃអគារបានផ្សារភ្ជាប់ជាមួយរចនាប័ទ្មខ្មែរ ដែលជាវប្បធម៌ជាតិផងដែរ។ ក្នុងសោភ័ណភាពបន្ទប់រៀននីមួយៗ ការិយាល័យ បណ្ណាល័យ អាហារកិច្ច និង ទីធ្លាកីឡា ត្រូវបំពាក់ដោយគ្រឿងសង្ហារិមទំនើបៗ និងត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ» ។
 
យោងតាមការពិពណ៌នាខាងលើ អគារសិក្សាថ្មី AIS បានចូលរួមចំណែកយ៉ាងច្រើន ក្នុងវិស័យអប់រំ ប្រកបដោយសមិទ្ធផលដ៏អស្ចារ្យ និងផាសុកភាពក្នុងការសិក្សា។ រាល់ការបរិក្ខាទំនើបៗក្នុងទីតាំងនីមួយៗ បានជំរុញឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សិក្សា និងធ្វើការក្នុងសហម័យទំនើប ជឿនលឿន ដែលអភិវឌ្ឍនិងបណ្តុះគំនិតបានទូលំទូលាយ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជុំវិញពិភពលោក ។
 
ពាក់ព័ន្ធរចនាប័ទ្មនៃអគារថ្មីនេះលោក សោម ចាន់ណា នាយកចាងហ្វាងរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានលើកឡើងថា លោក និងក្រុមការងារ សង្ឃឹមយ៉ាងមុតមាំថា អគារសិក្សាថ្មីនេះ នឹងក្លាយជា «កត្តាលីករ» ដែលអាចជំរុញដំណើរការរៀន និងបង្រៀន របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ឱ្យសម្រេចបាន នូវគោលដៅអប់រំជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្របតាមបរិបទបដិវត្តន៍ឧស្សាហកម្មទី៤.០ ព្រមទាំងដើរតួនាទីជាគេហដ្ឋានដ៏កក់ក្តៅទី២ សម្រាប់សិស្សានុសិស្ស និងជាទីទំនុកចិត្ត នៃអ្នកអាណាព្យាបាលសិស្សគ្រប់រូបផងដែរ ។


 
លោកនិយាយថា៖ «ផ្អែកលើសោភ័ណភាព និងបរិយាកាសប្រកបដោយផាសុកភាព ក្រោយសម្ពោធដាក់ឱ្យដំណើរការ អគារសិក្សាថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាព និងគុណវុឌ្ឍិបំផុត របស់គ្រឹះស្ថានអប់រំ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង» ។
 
លោក សោម ចាន់ណា បន្ថែមថា៖ «សាលារៀន អន្តទ្វីប អាមេរិកាំង ជាគ្រឹះស្ថានសិក្សាឯកជនដ៏មានប្រជាប្រិយភាពមួយ តែងតែទទួលបានការគាំទ្រ និងទំនុកចិត្តខ្ពស់ ពីក្រសួងអបរំ ក៏ដូចជាអ្នកអាណាព្យាបាលសិស្ស។ ទាំងនេះ គឺជាចក្ខុវិស័យដែលគ្រឹះស្ថានសិក្សារំពឹងទុក ស្របនឹងបាវចនា “ គុណភាព វិន័យ និងសេវាកម្ម” ។ ក្រៅពីមានគុណភាពល្អលើការបង្រៀន និងរៀន និងការប្រកាន់យកវិន័យយ៉ាងខ្ជាប់ខ្ជួនហើយនោះ សេវាកម្មជាទិសដៅចាំបាច់ ដែលស្ថាប័ន កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុត» ។
 
ជាមួយគ្នានេះផងដែរ លោក គួច ម៉េងលី បានមានប្រសាសន៍ថា លោក និងសហការី ពិតជាមានមោទកភាព និងសេចក្តីសោមនស្សក្រៃលែង ចំពោះអគារសិក្សាថ្មីនេះ ។  លោកសង្កត់ធ្ងន់ថា នេះគឺជាសមិទ្ធផលធំទីពីរ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បន្ទាប់ពីបើកដំណើរការដាក់ឱ្យប្រើប្រាស់ អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) នៅលើវិថីផ្លូវមៅសេទុង ដោយជោគជ័យ កាលពីចុងខែឧសភាកន្លងទៅថ្មីៗនេះ ។
 
លោកបានថ្លែងថា៖ «ថ្វីដ្បិតតែស្ថិតនៅក្នុងបរិបទ នៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយក្តី គុណភាពនៃសេវាកម្មអប់រំរបស់យើង មិនបានធ្លាក់ចុះឡើយ ហើយចំនួនសិស្សរបស់យើង ក៏មានការកើនឡើងជាបន្តបន្ទាប់។ អគារសិក្សាថ្មីនេះ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការបំពេញតម្រូវការរបស់សិស្ស ក៏ដូចជាអាណាព្យាបាល និងរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក្នុងស្មារតីចូលរួមជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា» ។
 
នៅក្នុងឱកាសនេះ លោក គួច ម៉េងលី ក៏បានបង្ហាញការគាំទ្រឱ្យរដ្ឋាភិបាល បើកសាលារៀនឡើងវិញផងដែរ ដើម្បីឱ្យសិស្សានុសិស្ស បានវិលត្រឡប់មកថ្នាក់រៀនវិញ ជួបជាមួយនឹងមិត្តភក្តិ និងបន្តការអភិវឌ្ឍទំនាក់ទំនងសង្គម និងចិត្តសាស្រ្តរបស់ពួកគេ ។
 
លោកនិយាយថា៖ «ចំពោះកុមារ និងក្មេងជំទង់ យើងឃើញថា ពួកគាត់មិនងាយឈឺនោះឡើយ ហើយម៉្យាងទៀត បុគ្គលិកអប់រំ ដូចនៅសាលារបស់យើងជាដើម បានចាក់វ៉ាក់សាំងការពារសឹងតែទាំងអស់ទៅហើយ។ ជាមួយគ្នានេះដែរ ការអនុវត្តនូវវិធានការការពារប្រកបដោយសុវត្ថិភាព ក៏នឹងការពារសិស្សរបស់យើង ពីមេរោគឆ្លងដែរ» ។


 
គួររំលឹកផងដែរថា សាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានបង្កើតឡើងដោយលោកគួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅក្នុងឆ្នាំ២០០៥ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសក្ដានុពលសម្រាប់អភិវឌ្ឍប្រទេសជាតិ។
 
សាលារៀន អន្តរទ្វីប អាមេរិកាំង ជាបុត្រសម្ពន្ធជាមួយនឹងមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ បច្ចុប្បន្ន សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ជាគ្រឹះស្ថានសិក្សាធំៗទី៦ បន្ទាប់ពីសាខាផ្សារថ្មី ចោមចៅ ចាក់អង្រែ ទួលគោក និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាមៅសេទុង ៕
 










(អត្ថបទពាណិជុ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com