ជាតិ
តំបន់ជាប់ភ្នំក្រវាញ ជួរភ្នំដងរែក និងមាត់សមុទ្រ នឹងមានភ្លៀងលាយខ្យល់កន្ត្រាក់ដល់ថ្ងៃ១១ កក្កដា
07, Jul 2021 , 8:59 am        
រូបភាព
រូបភាព ក្រសួងធនធានទឹក
រូបភាព ក្រសួងធនធានទឹក
ដោយ៖ ប៉ូ សុភា

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងភាគឦសានកម្ពុជា។ ស្ថានភាពបែបនេះ អាចធ្វើឱ្យតំបន់ជាប់ភ្នំក្រវាញ ជួរភ្នំដងរែក និងតាមមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ លាយខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរទៅច្រើន និងរលកសមុទ្រខ្ពស់។


បើតាមក្រសួងធនធានទឹក ប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីភាគខាងជើងនៃប្រទេសថៃ នឹងរំកិលចុះមកក្រោមដោយអូសកាត់លើតំបន់ជួរភ្នំដងរែក និងភាគឦសានប្រទេសកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែកក្កដា។ សេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំ និងផ្គររន្ទះ ខ្យល់កន្ទាក់។ ទន្ទឹមនឹងនោះ ក៏អាចមានផ្នែកមួយចំនួននៃបណ្ដាខេត្តនៅភូមិសាស្រ្ត ជាប់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មានភ្លៀងធ្លាក់ខ្លាំង។
 
ដោយឡែក បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ខ្លាំង។ ចំណែកឯ តំបន់មាត់សមុទ្រវិញ មានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ដោយនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
 
គួរបញ្ជាក់ថា នាកន្លងទៅក្រសួងធនធានទឹក បានព្យាករថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកក្កដា កម្ពុជា នឹងរងឥទ្ធិពលពីកូនព្យុះទី៦ អ៊ីន-ហ្វា  និងខ្យល់មូសុងនិរតីផងដែរ។ ក្រសួងធនធានទឹក អំពាវនាវដល់ពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្ន ដើម្បីជៀសវាងគ្រោះថ្នាក់ ដែលកើតឡើងជាយថាហេតុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកក្កដា៕
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com