ជាតិ
សង្គមជាតិ
ការសិក្សា ស្នេហា ការងារ មួយណាជាជម្រើសដំបូងសម្រាប់យុវជន ឬត្រូវចាប់យកទាំងបី?
07, Jul 2021 , 7:59 pm        
រូបភាព
ដោយ៖  ស៊ូ សុគន្ធា 
 
ភ្នំពេញ៖ ស្នេហាប្រុសស្រី ការសិក្សា និង ការងារ បានដើរទន្ទឹមគ្នាចូលក្នុងជីវិតរបស់យុវជន សិស្ស-និស្សិតខ្មែរកាន់តែច្រើនឡើងៗ នាសម័យបច្ចុប្បន្ន។ ក្តីស្នេហានោះ កំពុងជះឥទ្ធិពលទាំងផលវិជ្ជមាន និងអវិជ្ជមានទៅលើយុវជនដែលកំពុងស្ថិតនៅក្នុងវ័យសិក្សានិងវ័យខិតខំធ្វើការងារ ដោយយុវជនខ្លះក៏ទទួលបានជោគជ័យលើការសិក្សាឬការងារ ក្រោយមានទំនាក់ទំនងស្នេហា។ ឯយុវជនខ្លះទៀត បរាជ័យក្នុងការសិក្សា ព្រោះតែរឿងស្នេហា។

 
 
ការសិក្សារៀនសូត្រ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជីវិតឱ្យកាន់តែល្អប្រសើរ  ហើយការមានទំនាក់ទំនងស្នេហាក៏មិនមែនជារឿងអាក្រក់ សម្រាប់ការសិក្សារបស់យុវជនដែរ។  
 
កញ្ញា ហេង មួយលី ដែលសព្វថ្ងៃជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការមានសេ្នហា មិនមែនសុទ្ធតែជារឿងមិនល្អ ដែលបង្អាក់ដល់ភាពរីកចម្រើនក្នុងការសិក្សារបស់យុវជននោះទេ។ បើតាមយុវតីរូបនេះ ការមានស្នេហាក្នុងវ័យសិក្សានេះ គឺអាស្រ័យទៅលើសមត្ថភាពរបស់បុគ្គលក្នុងការបែងចែកពេលវេលាផ្ទាល់ខ្លួនបានកម្រិតណា រវាងវេលារៀនសូត្រ ពេលវេលាធ្វើការងារ និង ពេលវេលាមានទំនាក់ទំនងស្នេហា។ 
 
កញ្ញា ហេង មួយលី និយាយថា៖«អ្នកខ្លះ មានសង្សារក្នុងវ័យសិក្សាក៏ពិតមែន ប៉ុន្តែពួកគេចេះបែងចែកពេលវេលាសិក្សា ក៏មិនធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ហើយក៏មានអ្នកខ្លះទៀត មិនទាន់អាចបែងចែកពេលវេលាច្បាស់លាស់រវាងការសិក្សា និងស្នេហានោះ បានធ្វើឱ្យប៉ះពាល់ដល់ការសិក្សា»។ មួយលី បន្តថា៖«បើសិនជាយើងរវល់លើការងារពេកក៏អាចធ្វើឱ្យប៉ះពាល់លើការសិក្សាបានដែរ។ [តែ] យើងត្រូវចេះបែងចែកពេលវេលាឱ្យបានច្បាស់ ថាពេលណាត្រូវធ្វើអ្វី»។ 
 
កញ្ញា ធី វីនណឺ ដែលជានិស្សិតឆ្នាំទី២ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច  បានប្រាប់ពីករណីផ្ទាល់ខ្លួនថា ការសិក្សា ស្នេហា និង ការងារ កំពុងដើរទន្ទឹមគ្នា ក្នុងជីវិតកញ្ញា។ និស្សិតស្រីរូបនេះ និយាយតាមការសង្កេតឃើញរបស់ខ្លួនថា៖«យុវជនភាគច្រើន គឺមានស្នេហា ក្នុងវ័យសិក្សា ហើយខ្ញុំក៏អ៊ីចឹងដែរ»។ 
 
សម្រាប់កញ្ញា ធី វីនណឺ ការមានស្នេហាក្នុងវ័យសិក្សាសម្រាប់យុវជន គឺមានផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមាន។ កញ្ញា ពន្យល់បន្ថែមថា ផលវិជ្ជមាន គឺជំរុញដល់បុគ្គលម្នាក់ឱ្យកាន់តែមានភាពល្អប្រសើរក្នុងការសិក្សារបស់ខ្លួន ហើយ ផលអវិជ្ជមាន គឺអាចបណ្តាលមកពីយុវជនខ្លួនឯង មិនចេះកំណត់ ឬបែងចែករវាងការសិក្សា និងស្នេហាឱ្យបានច្បាស់លាស់។ 
 
និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រូបនេះ បង្ហាញការយល់ថា៖«បើយុវជនយកស្នេហាជារឿងសំខាន់ឬផ្តោតតែលើរឿងស្នេហាហ្នឹង ពេលគាត់ឈ្លោះគ្នា គាត់ចោលការសិក្សា គាត់គេចសាលា គាត់គិតតែយំយែកជាដើមនោះ នឹងធ្វើឲ្យការសិក្សារបស់គាត់កាន់តែធ្លាក់ចុះ»។ 
 
ក្រៅពីរឿងស្នេហា ការមានការងារធ្វើ នៅក្នុងអំឡុងពេលសិក្សា មិនមែនជារឿងអាក្រក់សម្រាប់យុវជននោះទេ។ នេះជាការយល់ឃើញរបស់ កញ្ញា ធី វីនណឺ ដដែល ដោយកញ្ញា លើកពីគំនិតរបស់ខ្លួនថា៖«ការដែលយើងធ្វើការក្នុងពេលរៀនហ្នឹង គឺល្អសម្រាប់យុវជន។ [ល្អ] ដោយសារ ពេលយើងរៀននៅសាលា គឺយើងបានតែទ្រឹស្តីទេ ហើយការអនុវត្តមិនមានទេ ឬទោះបីមានក៏តិចបំផុត»។ 
 
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ចាត់ទុកការរៀនសូត្រ គឺជាផ្នែកដ៏សំខាន់ សម្រាប់មនុស្ស រហូតដល់ស្លាប់។ លោក បកស្រាយទស្សនៈរបស់លោកថា មូលហេតុបានជាការរៀនសូត្រសំខាន់សម្រាប់ជីវិត គឺដោយសារតែពិភពលោកមានការផ្លាស់ប្តូរជានិច្ច ហើយតាមរយៈការទទួលបានការអប់រំត្រឹមត្រូវ យុវជនអាចមានសមត្ថភាពក្នុងការកសាងខ្លួនឯង កសាងគ្រួសារ និងចូលរួមកសាងអនាគតប្រទេសជាតិ។
 
លោក សំបូរ មាណ្ណារ៉ា ដែលគេដឹងថា ជាសាស្រ្តាចារ្យចូលចិត្តនិយាយអប់រំយុវជន ក្នុងម៉ោងសិក្សាប្រវត្តិសាស្រ្ត បានមានប្រសាសន៍ថា៖«យុវជនត្រូវគិតថាការសិក្សា គឺជាផ្នែកមួយដូចឡើងកាំជណ្តើរ ហើយយុវជនអាចឡើងកាំជណ្តើរនោះបាន លុះត្រាតែមានការខិតខំប្រឹងប្រែងរៀនសូត្រ»។ លោក បន្ថែមថា៖«បើយើងនិយាយថា ស្នេហានោះជាឧបសគ្គ [ដល់ការសិក្សា] លុះត្រាតែស្នេហានោះជាល្បែងរបស់យុវវ័យ។ តែបើស្នេហានោះជាភ្នែកកំណត់របស់យុវវ័យ គឺមិនមែនជាឧបសគ្គទេ ព្រោះយុវជនមួយចំនួនបានកំណត់គោលដៅរបស់គេរួចទៅហើយ»។ 
 
លោក វាយតម្លៃថា ការមានស្នេហាក្នុងពេលសិក្សា ប្រហែលមិនអាចបង្អាក់ដំណើរវិវត្តន៍ជីវិតរបស់យុវជបានឡើយ បើយុវជន បានតាំងចិត្ត មានទិសដៅច្បាស់លាស់ និងចង់មានតម្លៃខ្ពស់។ តែលោក បង្ហាញក្តីព្រួយបារម្ភចំពោះយុវជនចំនួន ដែលមានស្នេហានៅវ័យសិក្សា ដោយមិនបានកំណត់គោលដៅច្បាស់លាស់សម្រាប់អនាគត។ 
 
លោកសាស្រ្តាចារ្យ បានលើកពីករណីសិស្សរបស់លោក មកចែករំលែកថា៖«សិស្សមួយចំនួនរបស់ខ្ញុំ ដែលខ្ញុំបានសាកសួរអំពីទិសដៅនៃជីវិតរបស់ពួកគេ ហើយចម្លើយដែលខ្ញុំទទួលបានពីសិស្សនោះ គឺ អត់ទាន់ដឹង អត់ទាន់ប្រាកដ អត់ទាន់ច្បាស់»។
 
នៅក្នុងបរិបទដែលពិភពលោកបែ្រប្រួលនេះ យុវជន ហាក់ដូចជាចង់ប្រឡូកគ្រប់រឿង មិនមែនត្រឹមតែរឿងស្នេហានោះទេ។ បច្ចុប្បន្ន យុវជន គឺចង់ប្រឡូករឿងការងារ ប្រឡូកចូលក្នុងទំនាក់ទំនងសង្គម ចង់ស្គាល់បរិបទរឿងនយោបាយ និងចង់ប្រឡូកក្នុងវិស័យជំនួញ ជាដើម។ 
 
លោក ហឿ សេធុល អ្នកឯកទេសប្រឹក្សាយោបល់ផ្លូវចិត្តនៅគ្លីនិកឯកជន KCPS  និងជាប្រធានសមាគមអ្នកប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត ដែលកំពុងសិក្សាស្រាវជ្រាវអំពីសុខភាពផ្លូវចិត្តរបស់យុវជន (Youth and Mental Health) បានលើកឡើងថា យុវជន មានការផ្លាស់ប្តូរពីវ័យកុមារភាព ដែលធ្វើឱ្យរាងកាយរបស់ពួកគេប្រែប្រួល ដោយយុវជនម្នាក់ៗអាចចាប់ផ្តើមមានអារម្មណ៍ក្នុងរឿងស្នេហា មានអារម្មណ៍ផ្លូវភេទ ឬក៏ពួកគេចាប់ផ្តើមមានអារម្មរណ៍ចង់ប្រឡូករឿងនានានៅក្នុងសង្គម។ 
 
លោក ទទួលស្គាល់ថា ការសិក្សាមានសារៈសំខាន់សម្រាប់យុវជន តែការមានស្នេហាក្នុងអំឡុងពេលសិក្សានោះ ក៏មិនមែនជាកំហុសរបស់យុវជនទាំងស្រុងដែរ។ លោក ថ្លែងថា៖«យុវជនប្រៀបដូចជាសត្វដែលទើបដុះស្លាប ដែលពួកគេត្រូវការការតម្រង់ទិស ពីសង្គមនិងពីគ្រួសារ ដើម្បីចៀសវាងកុំឱ្យដើរលើទិសដៅខុស»។ 
 
បើតាមអ្នកឯកទេសប្រឹក្សាយោបល់ផ្លូវចិត្តរូបចិត្តរូបនេះ មានការស្នេហាក្នុងវិស័យសិក្សា អាចមានឥទ្ធិពលខុសៗគ្នាទៅលើយុវជន ដោយយុវជនខ្លះ ពេលមានទំនាក់ទំនងស្នេហា ក៏បានក្លាយជាកត្តាជំរុញដល់ពួកគេ ឱ្យកាន់តែខំប្រឹងសិក្សារៀនសូត្របន្តទៀត។ ប៉ុន្តែចំពោះយុវជនខ្លះ ពេលមានទំនាក់ទំនងស្នេហា ក៏ក្លាយជាលទ្ធផល ដែលបង្អាក់ការសិក្សារៀនសូត្រទៅវិញ។ 

ទស្សនៈអប់រំខ្លះ អប់រំឲ្យយុវជន ចាប់យកការសិក្សាជាអាទិភាព បន្ទាប់មកស្វែងរកការងារ ហើយចុងក្រោយ បង្កើតគ្រួសារ (ស្នេហា)។ ខ្លឹមសារនៃការអប់រំនេះ គឺចង់ឲ្យយុវជន ប្រឹងប្រែងសិក្សាឲ្យបានខ្ពស់ និងមានការងារល្អ ដែលអាចទទួលបានចំណូលផ្គត់ផ្គង់ជីវភាពសិន ចាំចាប់ផ្តើមកសាងគ្រួសារ។ 
 
បើយុវជន បោះបង់ចោលការសិក្សា ហើយការងារក៏មិនច្បាស់លាស់ តែបែរជាចង់បង្កើតគ្រួសារមុនទៅវិញ ពួកគេ អាចនឹងជួបផលវិបាកសម្រាប់អនាគតរបស់ពួកគេ។ ក្នុងករណីស្នេហា ការសិក្សា និង ការងារ កើតឡើងទន្ទឹមគ្នា យុវជន ត្រូវធានាថា ស្នេហា មិនបានប៉ះពាល់ដល់ការសិក្សា ហើយក៏ត្រូវធានាដែរថា ការងារឬមុខរបររបស់ខ្លួន អាចធ្វើឲ្យជីវភាពគ្រួសារមានស្ថិរភាព បើចំណងស្នេហានោះ ឈានដល់ការរៀបអាពាហ៍ពិពាហ៍៕ 
 

Tag:
 អប់រំ
  យុវជន
  ស្នេហា
  ការសិក្សា
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com