ជាតិ
ឆ្លងកូវីដ-១៩ ចូលពន្ធនាគារតាមបណ្ដារាជធានី-ខេត្តជាង១០ហើយ
07, Jul 2021 , 8:59 pm        
រូបភាព
មន្រី្តពន្ធនាគារ ចុះពិនិត្យពន្ធនាគារខេត្តកំពង់ស្ពឺ។ (រូបពី៖ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ)
មន្រី្តពន្ធនាគារ ចុះពិនិត្យពន្ធនាគារខេត្តកំពង់ស្ពឺ។ (រូបពី៖ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ)
ដោយ: ថ្មីៗ
ភ្នំពេញ៖ រាជធានី-ខេត្តជាង១០ហើយ ដែលមានមន្រី្តនិងអ្នកជាប់ឃុំ ឆ្លងកូវីដ-១៩។ តែយ៉ាងណាអាជ្ញាធរ អាចគ្រប់គ្រងស្ថានការណ៍រាលដាលកូវីដ-១៩នេះបាន។ 
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានបញ្ជាក់ថា រាជធានី-ខេត្ត ដែលកំពុងផ្ទុះកូវីដ-១៩នៅតាមសហគមន៍ គឺសុទ្ធតែមានកូវីដ-១៩ ឆ្លងចូលពន្ធនាគារ លើមន្រី្តនិងអ្នកជាប់ឃុំ។


«ខេត្តណាដែលមានផ្ទុះកូវីដ-១៩ក្នុងសហគមន៍ហ្នឹង ខេត្តហ្នឹងមានហើយ(កូវីដ-១៩ឆ្លងចូលពន្ធនាគារ) លើកលែងតែឧត្តមានជ័យនិងព្រះវិហារទេ, វាផ្ទុះនៅក្រៅមែន តែខាងក្នុងវាអត់ទាន់អី»។ នេះបើតាមលោក នុត សវនា សុំមិនបញ្ចេញតួលេខអ្នកឆ្លងក្នុងពន្ធនាគារឡើយ ក្រោមហេតុផលថា ជារឿងសន្តិសុខ សណ្ដាប់ធ្នាប់។ 
 
តែយ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា អគ្គនាយកដ្ឋានពន្ធនាគារ អាចគ្រប់គ្រងស្ថានការណ៍រាលដាលកូវីដ-១៩បាន ខណៈអ្នកជំងឺកម្រិតទី១ ត្រូវសម្រាកព្យាបាលក្នុងពន្ធនាគារ ហើយអ្នកមានសភាពធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ 
 
ក្រៅពីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏ចាត់វិធានការរឹតបន្តឹងការសួរសុខទុកអ្នកជាប់ឃុំដែរ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ នេះបើតាមលោក នុត សវនា ដោយបន្ថែមថា អង្គភាពលោក កំពុងស្នើទៅថ្នាក់លើ ដើម្បីសុំវ៉ាក់សាំងបន្ថែម សម្រាប់ចាក់ជូនដល់អ្នកជាប់ឃុំ។
 
ពន្ធនាគារ មានផ្ទុះកូវីដ-១៩ រួមមាននៅភ្នំពេញ កណ្ដាល កំពង់ស្ពឺ ស្វាយរៀង ប៉ៃលិន តាកែវ កំពង់ធំ កំពត និងព្រះសីហនុជាដើម ។ ក្រៅពីអ្នកឆ្លងកូវីដ-១៩ ក៏មានអ្នកជាប់ឃុំស្លាប់ដោយសារជំងឺនេះដែរ។ ក្នុងនោះ មានអ្នកជាប់ឃុំម្នាក់ស្លាប់ នៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ និងនៅពន្ធនាគារខេត្តកំពង់ស្ពឺ ក៏ស្លាប់ម្នាក់ដែរ។ នេះបើតាមព័ត៌មានប្រកាសផ្លូវការ។
 
បច្ចុប្បន្នកម្ពុជា មានអ្នកជាប់ឃុំសរុបជាង៣,៨ម៉ឺននាក់ នៅទូទាំងប្រទេស ដោយក្នុងនោះ ស្ត្រីមានជាង២,៥ពាន់នាក់។ កន្លងមក អគ្គនាយកដ្ឋានពន្ធនាគារបានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់អ្នកជាប់ឃុំប្រមាណជាង១ម៉ឺននាក់ហើយ ដល់អ្នកជាប់ឃុំនៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ៕ 
 

Tag:
 ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com