កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អង់គ្លេសទៅជួបអ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះដាណឺម៉ាកនៅម៉ោងបន្ថែម
08, Jul 2021 , 4:38 am        
រូបភាព
តោកំណាចអង់គ្លេស ត្រូវឡើងទៅជួបអ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Euro 2020 ក្រោយទទួលជ័យជម្នះ ២-១ លើដាណឺម៉ាក ក្នុងការប្រកួត១២០នាទី នាកីឡដ្ឋាន Wembley។

 
ដាណឺម៉ាកនាំមុខនៅនាទី៣០ ដែលជាស៊ុតបាល់ពិន័យពីចម្ងាយរបស់ Mikkel Damsgaard ប៉ុន្តែ៩នាទីក្រោយមក អង់គ្លេសតាមស្មើ ១-១ វិញ ដោយ Bukayo Saka បានបោះបាល់កាត់ទៅមុខទី ហើយប្រធានក្រុមដាណឺម៉ាក Simon Kjaer ភ្លាត់ធ្វើឲ្យបាល់ចូលសំណាញ់ទីខ្លួនឯង។
 
ការប្រកួតឈានដល់ការបន្ថែមម៉ោង១៥នាទីពីរដង។ ឱកាសរបស់អង់គ្លេសបានកើតឡើង បន្ទាប់ពី VAR ពិនិត្យឃើញថា Joakim Maehle ធ្វើឲ្យ Raheem Sterling ដួលក្នុងតំបន់គ្រោះថ្នាក់។ ការទាត់ប៉េណាល់ទីរបស់ Harry Kane ត្រូវបានរារាំងដោយអ្នកចាំទីដាណឺម៉ាក Kasper Schmeichel ប៉ុន្តែបាល់ដែលផ្លាតចេញពីដៃរបស់ Schmeichel ហុចផលឲ្យប្រធានក្រុមអង់គ្លេសទាត់បញ្ចូលទីបានសម្រេចភ្លាមៗនៅនាទី១០៤។
 
លទ្ធផល ២-១ ត្រូវបានរក្សារហូតដល់បញ្ចប់ការប្រកួតដែលនាំឲ្យអង់គ្លេស ឡើងទៅជួបអ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១១ ខែកក្កដា។ នេះជាការឡើងទៅដណ្តើមពានជាលើកដំបូង​របស់អង់គ្លេសក្នុងព្រឹត្តិការណ៍ធំៗ បន្ទាប់ពីពួកគេបានឈ្នះ World Cup នៅឆ្នាំ១៩៦៦៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com