COVID-19
ជាតិ
កម្ពុជា ពិចារណាផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ដោយខ្លួនឯង
08, Jul 2021 , 3:40 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ថ្លែងក្នុងសន្និសីទសារព័ត៌មាន​កន្លងមក។ ថតដោយ ប៉ាន់ បូនី
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ថ្លែងក្នុងសន្និសីទសារព័ត៌មាន​កន្លងមក។ ថតដោយ ប៉ាន់ បូនី
ក្រសួងសុខាភិបាលកម្ពុជា កំពុងសិក្សាពីលទ្ធភាពនៃការបង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយខ្លួនឯង។ លោក ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ អះអាងថា នេះជាសម្តីរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលនិយាយក្នុងកិច្ចប្រជុំ នៅព្រឹកថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២១នេះ។



លោក ហេង សុខគង់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរ បានប្រាប់សារព័ត៌មានថ្មីៗថា៖«ព័ត៌មានហ្នឹង ពិត។ ព្រឹកមិញ ក្នុងកិច្ចប្រជុំក្រុម​ប្រឹក្សាជាតិ​វិទ្យាសាស្ត្រ បច្ចេកទេស និង​ នវានុវត្តន៍ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ជាអ្នកមានប្រសាសន៍។ តែយើង រង់ចាំក្រសួងសុខាភិបាល ប្រកាសផ្លូវការសិនទៅ»។  

លោក ម៉ម ប៊ុនហេង មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា មានប្រភេទវ៉ាក់សាំងជាច្រើនមុខ ដែលកម្ពុជា អាចពិចារណាជ្រើសរើសយកមកផលិត។ តែចំពោះព័ត៌មានច្បាស់លាស់ថា កម្ពុជា អាចផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅពេលណា វ៉ាក់សាំងប្រភេទអ្វី និង មានឈ្មោះអ្វីនោះ លោក មិនអាចបញ្ជាក់បាននោះទេ។ 

លោករដ្ឋមន្រ្តីសុខាភិបាល ថ្លែងថា៖«សំខាន់បំផុត គឺប្រមូលធនធានមនុស្ស [មក] សិក្សាពីបញ្ហាហ្នឹង។ យើង សិក្សាសិនទេ។ [ឯកឧត្តម ចម ប្រសិទ្ធ] គាត់ថា ប្រមូលធនធានសិន មិនមែនផលិតភ្លាមឥឡូវទេ ទៅអនាគតទេ»។

លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បដិសេធមិនធ្វើអត្ថាធិប្បាយពីរឿងនេះ ដោយលោក លើកហេតុផលថា លោក មិនមានទម្លាប់ផ្តល់បទសម្ភាសតាមទូរស័ព្ទឡើយ។  

លោក ហេង សុខគង់ មិនទាន់អាចបញ្ជាក់បានដូចគ្នាថា កម្ពុជា អាចចាប់ផ្តើមបង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅពេលណា និង ទទួលការជួយជ្រោមជ្រែងពីប្រទេសណា។ លោក គ្រាន់តែអះអាងថា ដើម្បីអាចផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយខ្លួនឯងបាន កម្ពុជា ត្រូវការកត្តាជាច្រើន រួមមាន វត្ថុធាតុដើម សម្ភារ ធនធានមនុស្ស និង ថវិកា ជាដើម។ លោក សង្កត់ធ្ងន់ថា៖«សំខាន់ គឺការចូលរួមចំណែកទាំងអស់គ្នា គឺអាចទៅរួចហើយ»។ 

លោកវេជ្ជបណ្ឌិត ហុក គឹមចេង អ្នកនាំពាក្យក្រសួងសុខាភិបាល មិនផ្តល់ព័ត៌មាននេះឡើយ ដោយលោក រុញឲ្យទៅសួរអ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាលដែរ។ ប៉ុន្តែ អ្នកស្រី ឱ វណ្ណឌីន ប្រាប់ថា អ្នកស្រី មិនទាន់បានទទួលព័ត៌មាននេះទេ៕ 



 

Tag:
 COVID-19
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com