ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
កម្ពុជា រៀបចំបង្កើតស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិមួយទៀត ដោយមិនស្ថិតក្រោមរដ្ឋាភិបាល
09, Jul 2021 , 3:54 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក កត្តា អ៊ន ផ្តល់បទសម្ភាសដល់ BTV កាលពីចុងឆ្នាំ២០២០ ជុំវិញបញ្ហាសិទ្ធិមនុស្ស (រូប ថតចេញពីវីដេអូរបស់ BTV),លោក មាស នី ធ្វើជាវាគ្មិន ក្នុងកិច្ចពិភាក្សាតុមូល នៅរាជបណ្ឌិត្យសភាកម្ពុជា នៅដើមឆ្នាំ២០២១ ក្រោមប្រធានបទស្តីពីរបបនយោបាយថ្មីរបស់អាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃឌិន (រូប ថតចេញវីដេអូ Live របស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា)។
ពីឆ្វេងដៃទៅ៖ លោក កត្តា អ៊ន ផ្តល់បទសម្ភាសដល់ BTV កាលពីចុងឆ្នាំ២០២០ ជុំវិញបញ្ហាសិទ្ធិមនុស្ស (រូប ថតចេញពីវីដេអូរបស់ BTV),លោក មាស នី ធ្វើជាវាគ្មិន ក្នុងកិច្ចពិភាក្សាតុមូល នៅរាជបណ្ឌិត្យសភាកម្ពុជា នៅដើមឆ្នាំ២០២១ ក្រោមប្រធានបទស្តីពីរបបនយោបាយថ្មីរបស់អាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃឌិន (រូប ថតចេញវីដេអូ Live របស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា)។
អ្នកតាមដានស្ថានការណ៍សង្គម មិនសូវមើលឃើញពីប្រសិទ្ធភាពនៃស្ថាប័នថ្មីនេះប៉ុន្មានឡើយ ថាអាចធ្វើឲ្យបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរជាងមុន។



ស្ថាប័នសិទ្ធិមនុស្សថ្មីមួយទៀត ឈ្មោះថា គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា នឹងត្រូវលេចរូបរៀងឡើងនៅពេលខាងមុខ។ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា មានឈ្មោះស្រដៀងនឹងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែរ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០មក និងកំពុងដំណើរការដោយមានលោក កែវ រ៉េមី ជាប្រធាន។
 
បច្ចុប្បន្ន រដ្ឋាភិបាល ដែលមានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាគោលចម្បង កំពុងចាប់ផ្តើមដំណើរការកិច្ចពិភាក្សាពីសេចក្តីព្រាង​ច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គ្រោងប្រើពេលប្រមាណ៦ខែ គឺរហូតដល់ដំណាច់ឆ្នាំ២០២១ ក្នុងការពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះជាមួយស្ថាប័នពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និងទាំងស្ថាប័នក្រៅរដ្ឋាភិបាល។ 
 
លោក កត្តា អ៊ន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ថា បើកិច្ចពិភាក្សាចប់តាមពេលវេលាគ្រោងទុក សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្រ្តី ដើម្បីអនុម័ត ហើយបញ្ជូនទៅរដ្ឋសភា ដើម្បីអនុម័តបន្ត។ ប៉ុន្តែ ពេលវេលាជាក់លាក់ ដែលសេចក្តីច្បាប់នេះ អាចចូលជាធរមាន ហើយគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា អាចត្រូវបង្កើតឡើងជាផ្លូវការនោះ លោក មិនអាចបញ្ជាក់បានឡើយ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ លោក កត្តា អ៊ន  ថ្លែងថា៖«អាចចេញមុនការបោះឆ្នោត ឬអាចចេញក្រោយការបោះឆ្នោតជាតិ គឺអាស្រ័យលើទិដ្ឋភាពជាក់ស្តែង»។
 
គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដែលគ្រោងនឹងបង្កើត និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលកំពុងដំណើរការ ខុសគ្នាដូចម្តេច? 
 
លោក កត្តា អ៊ន ពន្យល់ថា គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដ្បិតត្រូវបានរៀបចំបង្កើតឡើយដោយរដ្ឋាភិបាល និងជាគណៈកម្មាធិការរបស់ជាតិពិតមែន តែនៅពេលត្រូវបានបង្កើតនាពេលខាងមុខ គណៈកម្មាធិការនេះ គឺជាស្ថាប័នឯករាជ្យ និងនៅដាច់ដោយឡែកពីរដ្ឋាភិបាល ដោយមិនស្ថិតក្រោមអំណាចរបស់រដ្ឋាភិបាលឡើយ រួមទាំងមិនស្ថិតក្រោមអំណាចស្ថាប័នណាទាំងអស់។ លោក ប្រៀបប្រដូចគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ថាមានឯករាជ្យ និងនៅដាច់ឡែក ដូចនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែរ។ 
 
ចំណែក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលកំពុងដំណើរការ គឺជាស្ថាប័នមួយរបស់រដ្ឋាភិបាល ដោយស្ថិតក្រោមទីស្តីការគណៈរដ្ឋមន្រ្តី។ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមមាន ប្រធាន អនុប្រធាន និង សមាជិក គឺកើតចេញពីការជ្រើសរើសរបស់រដ្ឋាភិបាល។ 
 
ចំពោះថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាវិញ គឺជាសាធារណជន ដែលដាក់ពាក្យសុំឈរឈ្មោះ ដោយមិនមែនរដ្ឋាភិបាល ជាអ្នកជ្រើសរើសឡើយ។ លោក កត្តា អ៊ន លើកឡើងថា ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្ស ដែលជាសាធារណជននោះ គឺមាន៧រូប រួមមាន ប្រធាន អនុប្រធាន និង សមាជិក៥រូប។ 
 
មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ មានប្រសាសន៍ថា៖«ជាការរំពឹងទុករបស់យើងខ្ញុំ ក៏ដូចជា ប្រជាពលរដ្ឋ ដែលតែងចង់បានស្ថាប័នឯករាជ្យមួយ សម្រាប់ធ្វើការងារដោយឯករាជ្យ ដើម្បីធានាការអភិវឌ្ឍសិទ្ធិមនុស្សនៅកម្ពុជាយើង ឲ្យកាន់តែប្រសើរ ជាពិសេសដើម្បីបង្ហាញពីការទទួលខុសត្រូវ លើកិច្ចការពារនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យកាន់តែល្អថែមទៀត»។ 
 
លោកបណ្ឌិត មាស នី អ្នកតាមស្ថានការណ៍សង្គម ហាក់មើលមិនឃើញប្រយោជន៍ច្រើនពីការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាឡើយ ហើយលោក ក៏មិនសូវរំពឹងប៉ុន្មានដែរថា គណៈកម្មាធិការថ្មីនេះ អាចមានឯករាជ្យពេញលេញ និងហ៊ាននិយាយការពិតចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ លោក រិះគន់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលកំពុងដំណើរការ តែងបដិសេធនឹងសេចក្តីរាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស ឬការពារចំពោះការរំលោភសិទ្ធិមនុស្ស។ 
 
លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ខ្ញុំ មិនដឹងថា តើមានហេតុផលអីនៅពីខាងក្រោយនៃការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សថ្មីមួយទៀត នៅពេលគណៈកម្មាធិការសិទ្ធិមនុស្សមុនហ្នឹង មិនទាន់បានបំពេញតួនាទីឲ្យបានត្រឹមត្រូវ»។ លោក បន្តថា៖«បើការបង្កើតនេះដូចជាការបង្កើតយន្តការសិទ្ធិមនុស្សពីមុនដែរ ហើយគ្រាន់តែធ្វើការ ដើម្បីការពារខ្លួនពីការចោទប្រកាន់ផ្សេងៗ អាហ្នឹង វាមិនមានន័យទេ»។ 
 
លោក អធិប្បាយថា គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា អាចមានឯករាជ្យពិត ឬក៏អត់នោះ គឺអាស្រ័យលើសមាសភាពថ្នាក់ដឹកនាំនៃគណៈកម្មាធិការថ្មីនេះ ជាមនុស្សឯករាជ្យឬក៏អត់។ អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ បង្ហាញការយល់ឃើញថា៖«ខ្ញុំ មិនទាន់ហ៊ានទស្សទាយថា តើឯករាជ្យហ្នឹង គឺមានឯករាជ្យប៉ុនណាទេ។ [តែ] បើឯករាជ្យ គ្រាន់តែលើកឡើងឲ្យល្អស្តាប់ ដូចខាងប្រព័ន្ធយុត្តិធម៌ទេនោះ អាហ្នឹង ខ្ញុំគិតថា វា ដដែលៗទេ»។    
 
លោក យល់ថា ដើម្បីធ្វើឲ្យស្ថានការណ៍សិទ្ធិមនុស្ស មានភាពល្អប្រសើរពិតប្រាកនោះ រឿងសំខាន់ គឺរដ្ឋាភិបាល ត្រូវពិនិត្យ តាមដាន និង ការពារសិទិ្ធមនុស្ស។ ម្យ៉ាងទៀត លោក ក៏ចង់ឲ្យរដ្ឋាភិបាល ហ៊ានទទួលស្គាល់ពីការរំលោភសិទ្ធិមនុស្ស ដែលត្រូវបានរកឃើញភស្តុតាងជាក់ស្តែងផងដែរ។ លោក បញ្ជាក់ថា៖«អ្វីៗ យើងបានចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់ហើយ ហើយរដ្ឋធម្មនុញ្ញ បានធានាសិទ្ធិពលរដ្ឋ ដូច្នេះ បើ មានដំណាក់កាលអីខុសប្រក្រតីពីរដ្ឋធម្មនុញ្ញ គឺជាការរំលោភសិទ្ធិមនុស្សហើយ»។ 
 
សហគមន៍អន្តរជាតិមួយចំនួន នៅតែមិនពេញចិត្តចំពោះស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា និងបន្តរិះគន់រដ្ឋាភិបាលកម្ពុជា ពីការការពារសិទ្ធិមនុស្សមិនបានល្អ។ ចំណែករដ្ឋាភិបាលកម្ពុជា ក៏តែងតែការពារថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរ៕ 
 
 
 

Tag:
 សិទ្ធិមនុស្ស
  មាស នី
  កត្តា អ៊ន
© រក្សាសិទ្ធិដោយ thmeythmey.com