ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យនៅសៀមរាបដាក់លក់កាន់តែច្រើន
11, Jul 2021 , 7:59 am        
រូបភាព
សៀមរាប៖ អចលនទ្រព្យនៅខេត្តសៀមរាប កាន់តែច្រើន ត្រូវបានគេមើលឃើញថា បានដាក់លក់ ខ្លះដាក់ជួលជាហូរហែរ អំឡុងផ្ទុះជំងឹកូវីដ១៩ ជាងមួយឆ្នាំមកនេះ។ ដោយសារសេដ្ឋកិច្ចស្ទើរទាំងស្រុងពឹងលើវិស័យទេសចរណ៍ ដូច្នេះវិបត្តិកូវីដ១៩ បានជះឥទ្ធិពលធ្ងន់ធ្ងរដល់សេដ្ឋកិច្ចខេត្តទេសចរណ៍នេះ។ ដ្បិតថា មានអចលនទ្រព្យច្រើនបានដាក់លក់ក៏ពិតមែន តែទីផ្សារលក់ចេញមិនច្រើនទេ ឯតម្លៃវិញធ្លាក់ចុះពី១៥ ទៅ២០ភាគរយ។

 
ប្រធានផ្នែកលក់នៃគម្រោង អេស អរ រេស៊ីដិន (SR Residence) លោក សេន ប៉េងងីម បានឱ្យដឹងថា ក្នុងបរិបទជំងឺកូវីដ១៩នេះ មានផ្ទះ បូទិក ផ្ទះសំណាកមួយចំនួនធំក្នុងក្រុងសៀមរាប បានដាក់ផ្លាកលក់  តែទន្ទឹមនឹងនោះក៏មានការសាងសង់ថ្មីច្រើនដែរ ពិសេសផ្ទះល្វែង។ លោកសង្កេតឃើញថា ផ្ទះល្វែងចាប់ផ្តើមរីកច្រើនៅតំបន់ជាយក្រុង ដែលភាគច្រើននៅប៉ែកខាងកើត និងខាងត្បូង។
 
ចំណែកតម្លៃនៃការលក់វិញ អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះ នៅតែមើលឃើញថា នៅល្អនៅឡើយ ជារួមមិនខ្ពស់ពេក ហើយមិនទាបពេកដែរ សម្រាប់ទីផ្សារផ្ទះល្វែង។ លោកបន្ថែមថា៖‍« កន្លែងខ្ញុំ ដោយសារថៅកែគាត់ទិញដីបានតម្លៃសមរម្យក្នុងអំឡុងកូវីដនេះ នៅរៀងក្បែរក្រុងដែរ ហើយផ្ទះល្វែងក៏លក់បានគួរសម ក្នុងមួយខែអាចលក់បាន ២ទៅ៣ (ល្វែង) ដែរ ចាក់២សន្លឹក លក់បានជាង ៧ម៉ឺនដុល្លារ»។ លោក ប៉េងងីម ប្រាប់ទៀតថា អតិថិជន ៧០ភាគរយជាអ្នកក្នុងខេត្ត ក្រៅពីនេះមានអ្នកពីភ្នំពេញ បន្ទាយមានជ័យ ដែលខ្លះទិញសម្រាប់កូនឡើងមករៀន និងខ្លះទៀតទិញទុកពេលមកលេង។


 
មើលឃើញប្រហាក់ប្រហែលលោក ប៉េងងីម ដែរ ប្រធានក្រុមហ៊ុន អាប់ដែត ប្រូផើធី អ៊ីជិន លោក ភាព រចនា ពន្យល់ថា សកម្មភាពលក់ដូរអំឡុងពេលនេះ នៅតែមានសកម្មភាព តែថា ទៅលើទ្រព្យដែលមានទំហំសាច់ប្រាក់តូចៗប៉ុណ្ណោះ។ លោកបន្ត៖« ទ្រព្យតូចៗ ខ្ទង់១០ម៉ឺនចុះ ឆាប់លក់ដាច់ សម្រាប់ទ្រព្យធំៗ រៀងពិបាកដែរក្នុងកាលៈទេសៈនេះ»។ លោកមើលឃើញថា ទីតាំងដែលដាក់លក់ និងជួល ៦៥ភាគរយជាប្រភេទផ្ទះ ភោជនីយដ្ឋាន  ដែលផ្អាកសកម្មភាពក្នុងវិបត្តិកូវីដ១៩។
 
ចំពោះតម្លៃលក់អចលនទ្រព្យ លោក ភាព រចនា ថាហាក់នៅដដែល តែធ្លាក់ចុះបន្ដិចលើទីតាំងជួល គឺចុះពី៤០ទៅ៥០ភាគរយ។ លើតម្លៃអចលនទ្រព្យមានដី និងផ្ទះ ប្រធានក្រុមហ៊ុននេះមើលឃើញដូច្នេះថា៖« បើគិតទូទាំងប្រទេស តម្លៃនៅទ្រឹង តែសៀមរាបធ្លាក់ចុះខ្ទង់១៥ ទៅ២៥ភាគរយ តែសម្រាប់ទ្រព្យដែលគេនៅអាចរកស៊ីបាន តម្លៃរៀងដដែល»។


 
ចំណែកភ្នាក់ងារអចលនទ្រព្យនៃក្រុមហ៊ុន KW Khmer Real Estate លោក ស៊ា សុផល ដែលប្រឡូកក្នុងវិស័យអចលនទ្រព្យអំឡុងផ្ទះជំងឺកូវីដ១៩ លើកឡើងថា ទីផ្សារលក់បច្ចុប្បន្ន គឺជាទីផ្សារសម្រាប់អ្នកទិញ ដូច្នេះពួកគេមានជម្រើសច្រើន និងហ៊ានទិញតម្លៃក្រោមទីផ្សារពី១៥ ទៅ២០ភាគរយប៉ុណ្ណោះ។ លោកពន្យល់ថា៖« អ្នកទិញមានអំណាច មានជម្រើសច្រើន ហើយប្រើលុយសុទ្ធមកទិញ គាត់ហ៊ានទិញតែ៧០ភាគរយនៃទ្រព្យទេ។ អ្នកទិញមិនមែនចេះតែទិញដូចមុនទេ គាត់ត្រូវពឹងអ្នកជំនាញដោយមិនទិញលើសទីផ្សារ គឺក្រោមពី១៥ទៅ២០ភាគរយ»៕
 






 
 
 

Tag:
 អចលនទ្រព្យ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com