ជាតិ
រោងចក្រផលិតទឹកម្នាស់ខ្នាតធំនៅស្ទឹងត្រែង ជាក្តីសុបិនរបស់លោក សាយ ពន្លឺចិត្តករុណា
11, Jul 2021 , 10:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក សាយ ពន្លឺចិត្តករុណា ជាម្ចាស់ចម្ការម្នាស់ទឹកឃ្មុំ មួយកន្លែងដែលស្ថិតនៅខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន កសិករ ពន្លឺចិត្តករុណា មានកន្លែងផលិតទឹកម្នាស់មួយ ដែលអាចផលិតទឹកម្នាស់បានប្រមាណ ១ពាន់ដប ក្នុងមួយថ្ងៃ។ កសិកររូបនេះ មានបំណងបង្កើតរោងចក្រកែច្នៃទឹកម្នាស់ខ្នាតធំមួយ ក្នុងស្ទឹងត្រែង ដើម្បីបំពេញតម្រូវក្នុងស្រុក និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

 
 លោក សាយ ពន្លឺចិត្តករុណា ជាអតីតនិស្សិតផ្នែកកសិ-ឧស្សាហកម្មនៃសាលាភូមិន្ទកសិកម្ម។ ក្រោយការសិក្សានៅឆ្នាំ២០០៨ លោក ពន្លឺចិត្តករុណ ចាប់ផ្ដើមដាំម្នាស់ទឹកឃ្មុំ លើផ្ទៃដីប្រមាណ ៥០ម៉ែត្រការ៉េ ប៉ុណ្ណោះ ស្ថិតនៅឃុំអូរឫស្សី ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។  ក្រោយមក លោកបានដាំម្នាស់ និងផលិតទឹកម្នាក់លក់សម្រាប់ក្នុងមូលដ្ឋានរបស់លោក។
 
 អស់រយៈពេល ១៣ឆ្នាំ ក្នុងផលិតកម្មដាំណាំម្នាស់ កសិករវ័យ ៣៧ឆ្នាំរូបនេះ បានបង្កើនការដាំដុះម្នាស់រហូត ១៥ហិកតា និងគ្រោងដាំម្នាស់បន្ថែមនៅឆ្នាំបន្តបន្ទាប់ ព្រោះលោកនៅសល់ដីទំនេរប្រមាណ ៣០ហិកតាទៀត។ បច្ចុប្បន្ន ម្នាស់ទឹកឃ្មុំ របស់លោក ពន្លឺចិត្តករុណា ទទួលបានការគាំទ្រច្រើនពីអតិថិជនក្នុងខេត្ត។ កន្លែងកែច្នៃទឹកម្នាស់ ជាផ្នែកមួយធ្វើឱ្យចម្ការម្នាស់របស់លោក សាយ ពន្លឺចិត្តករុណា កាន់តែរីកធំធាត់ ជាបន្តបន្ទាប់។
 
អតីតនិស្សិតកសិកម្មរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះ៖«បើកុំតែមានកន្លែងកែច្នៃទឹកម្នាស់ ខ្ញុំក៏មិនអាចពង្រីកការដាំដុះរហូតជាង ១០ហិកតាដែរ ហើយឆ្នាំបន្ទាប់ខ្ញុំនឹងដាំម្នាស់បន្ថែមទៀត»។


 ម្នាស់ទឹកឃ្មុំរបស់លោក សាយ ពន្លឺចិត្តករុណា
 
បន្ទាប់ពីមានអតិថិជនគាំទ្រច្រើន លោក ពន្លឺចិត្តករុណា គ្រោងបង្កើតរោងចក្រកែច្នៃទឹកម្នាស់ ដែលមានអាចផលិតទឹកម្នាស់ប្រមាណ ៨០០០ដបក្នុងមួយម៉ោង។ គម្រោងរបស់លោកនេះ ត្រូវចំណាយថវិកា ៨០ម៉ឺនដុល្លារក្នុងការសាងសង់។ ម្ចាស់ចម្ការម្នាស់រូបនេះ សង្ឃឹមថា ការបង្កើតរោងចក្រកែច្នៃទឹកម្នាស់ នឹងចូលចំណែកជួយឱ្យពលរដ្ឋនៅតំបន់ មានការងារធ្វើ និងធ្វើផលិតផលក្នុងស្រុកកាន់តែមានទីផ្សារ។ សព្វថ្ងៃនេះ លោកកំពុងស្វែងរកដៃគូសហការ។
 
ដ្បិតថា ផលិតកម្មម្នាស់ទឹកឃ្មុំ លោក ពន្លឺចិត្តករុណា ទទួលជោគជ័យ តែលោកបានជួបឧបសគ្គជាច្រើន ដែលធ្លាប់ធ្វើឱ្យលោកស្ទើនឹងបោះបង់។ ម្ចាស់ចម្ការម្នាស់រូបនេះ បានរៀបរាប់ដូច្នេះ៖«ជាផែនការ រយៈពេល ៥ឆ្នាំ អាជីវកម្មត្រូវតែជោគជ័យ និងមានកន្លែងកែច្នៃទឹកម្នាស់ខ្លួនឯងមួយ។ តែដោយបញ្ហាទីផ្សារ បំណងប្រាថ្នាចេះតែមិនបានសម្រេច ពីមួយឆ្នាំ ទៅមួយឆ្នាំ។ រហូតចូលដល់ឆ្នាំទី១២ ទើបអាចបង្កើតកន្លែងកែច្នៃទឹកម្នាស់តូចមួយ»។


 ចម្ការម្នាស់ទឹកឃ្មុំរបស់លោក ពន្លឺចិត្តករុណា

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ម្នាស់ទឹកឃ្មុំលោក ពន្លឺចិត្តករុណា ហាក់មានសន្ទុះទីផ្សារខ្លាំង ដោយសារពលរដ្ឋគាំទ្រកាន់តែច្រើន។ អ្នកស្ទឹងត្រែងរូបនេះ មានបំណងពង្រីកការដាំដុះ ដើម្បីនាំចេញទៅប្រទេសចិន និងសិង្ហបុរី។ ដើម្បីបំពេញតម្រូវការទីផ្សារ លោកមានផែនការដាំម្នាស់ឱ្យបាន ៤៥ម៉ឺនដើម ក្នុងឆ្នាំនេះ។ ជាមួយគ្នានេះ លោក សាយ ពន្លឺចិត្តករុណា កំពុងស្វែងរកដៃគូវិនិយោគ ដើម្បីបង្កើតរោងចក្រកែច្នៃទឹកម្នាស់ដ៏ធំមួយ ក្នុងខេត្តស្ទឹងត្រែង។ លោកថា ការបង្កើតរោងចក្រកែច្នៃនេះ អាចចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាផង និងបង្កើតការងារដល់ពលរដ្ឋ ក្នុងតំបន់ផង។
 
កន្លងមក ឈ្មួញមកពីបរទេសជាច្រើន បានទទួលស្គាល់អំពីរសជាតិ និងគុណភាពនៃផ្លែម្នាស់ទឹកឃ្មុំ ដែលចេញពីចម្ការរបស់ លោក ពន្លឺចិត្តករុណា។ ឈ្មួញទាំងនោះ ក៏មានផែនការបញ្ជាទិញផ្លែម្នាស់ ដើម្បីផ្គត់ផ្គង់ទីផ្សាររបស់ខ្លួនផងដែរ។ ប៉ុន្តែដោយសារតែលទ្ធភាពនៃការដាំម្នាស់ទឹកឃ្មុំរបស់កសិកររូបនេះ នៅមានទំហំតូច រួមផ្សំនឹងវិបត្តិកូវីដ-១៩ថែមទៀត បានធ្វើឱ្យការវិនិយោគ ឬការបញ្ជាទិញពីបរទេសនោះ ត្រូវបានពន្យារពេលរហូតមកដល់សព្វថ្ងៃ៕
 
 
 

Tag:
 ម្នាស់
 ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com