ជាតិ
ត្រូវត្រៀមអ្វីខ្លះ ពេលដើរកម្សាន្តនៅតំបន់ព្រៃភ្នំចំរដូវភ្លៀង?
11, Jul 2021 , 8:59 pm        
រូបភាព
 រូបភាពលោក លោក ភិរម្យ និងអ្នកទេសចរ៦នាក់ទៀត នៅលើភ្នំដាឡៃខេត្តពោធិ៍សាត់ ស្រុកវាលវែង
រូបភាពលោក លោក ភិរម្យ និងអ្នកទេសចរ៦នាក់ទៀត នៅលើភ្នំដាឡៃខេត្តពោធិ៍សាត់ ស្រុកវាលវែង
ភ្នំពេញ៖ អ្នកទេសចរផ្សងព្រេងភាគច្រើន និយមទៅកម្សាន្តតាមតំបន់ព្រៃភ្នំនានា ក្នុងរដូវក្ដៅព្រោះងាយស្រួលធ្វើដំណើរ ឬបោះតង់ជាដើម។ ទន្ទឹមនឹងនេះ រដូវភ្លៀងក៏ជាពេលវេលាល្អ សម្រាប់អ្នកទេសចរ ព្រោះអាចគយគន់សម្រស់ធម្មជាតិបៃតងលាស់ខ្ចីយ៉ាងស្រស់បំព្រង តែក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ផងដែរ។

 
 លោក ជួន ភិរម្យ ជាអ្នកទេសចរផ្សងព្រេង ឡើងភ្នំ បោះតង់ រយៈពេល២០ឆ្នាំហើយ។ កន្លងមកលោក ភិរម្យ ធ្លាប់បានទៅកម្សាន្តនៅតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា និងបរទេសគ្រប់រដូវកាល។ ទេសចររូបនេះ លើកទឹកចិត្តឱ្យអ្នកមានបំណងដើរលេងក្នុងរដូវភ្លៀង គួរត្រៀមខ្លួន និងសម្ភារៈឱ្យបានគ្រប់គ្រាន់ ហើយក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ផងដែរ។ 
 
អ្នកទេសចរវ័យ៤១ឆ្នាំរូបនេះ ទទួលស្គាល់ថា ការដើរកម្សាន្តនារដូវវស្សា មានបរិយាកាសល្អ ត្រជាក់ស្រស់ស្រាយ សម្រស់ធម្មជាតិបៃតងយ៉ាងស្រស់បំព្រង និងគ្មានបញ្ហាខ្វះទឹកឡើយ។
ប៉ុន្តែ វាក៏មានឧបសគ្គជាច្រើនសម្រាប់អ្នកទេសចរផងដែរ។
 
លោក ភិរម្យ បញ្ជាក់ដូច្នេះថា៖«រដូវភ្លៀងហ្នឹង ពិបាកជាងរដូវក្តៅសម្រាប់អ្នកផ្សងព្រេង។ វាមានឧបសគ្គច្រើន ដូចជាផ្លូវឡើងភ្នំហ្នឹងវារអិល សម្បូរសត្វទាក មានផ្គរ រន្ទះ ពេលខ្លះវាធ្វើឱ្យបាក់ដើមឈើខ្ពស់ៗ អាចធ្វើឱ្យយើងគ្រោះថ្នាក់»។ លោក ភិរម្យ មិនលើកទឹកចិត្តឱ្យអ្នកចង់ផ្សងព្រេងលើកដំបូង ទៅនៅពេលនេះឡើយ ដោយសារឧបសគ្គមានច្រើនបែបនេះ ។


  រូបភាពលោក ភិរម្យ ពីហ្វេកប៊ុក
 
សម្រាប់អ្នកទេសចរ ដែលចង់ទៅដើរលេងក្នុងរដូវភ្លៀងនេះ លោក ភិរម្យ ណែនាំឱ្យប្រុងប្រយ័ត្នខ្លួន និងត្រៀមសម្ភារៈចាំបាច់មួយចំនួនសម្រាប់ប្រើប្រាស់ផងដែរ។ សម្ភារៈទាំងនោះមានដូចជា ថ្នាំការពារសត្វទាក,ថ្នាំបញ្ចុះកម្ដៅ និងសម្ភារៈសង្គ្រោះបឋម,អាវភ្លៀង,តង់ និងស្បែកជើងដើរភ្នំមិនជ្រៀបទឹក និងមិនរអិលជាដើម។ ជាមួយគ្នានេះ លោក ភិរម្យ ណែនាំឱ្យអ្នកទេសចរមុនពេលទៅកម្សាន្តនៅតំបន់ណាមួយ ត្រូវពិនិត្យមើលពីអាកាសធាតុជាមុនសិន។ ចំពោះអ្នកចង់ទៅកម្សាន្តនៅរដូវនេះ លោក ជួន ភិរម្យ ណែនាំឱ្យទៅតំបន់មួយចំនួនដូចជា សសរស្ដុក គិរីរម្យ ខ្នងផ្សារ ខ្នងក្រពើ ខ្នងវាល ក្នុងខេត្តកំពង់ស្ពឺ,ស្ទឹងពពក សហគមន៍ជីផាត និងម្រេចកង្កែប ក្នុងខេត្តកោះកុងជាដើម។ លោក បន្ថែមថា តំបន់ទាំងអស់នេះ ពិតជាស័ក្ដិសមសម្រាប់អ្នកទេសចរក្នុងរដូវភ្លៀង ព្រោះនៅជិត ទេសភាពស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធ៕


 រូបភាពលោក ភិរម្យ ពីហ្វេកប៊ុក
 

Tag:
 ការដើរកម្សាន្ត
 រដូវភ្លៀង
 លោក ជួន ភិរម្យ
© រក្សាសិទ្ធិដោយ thmeythmey.com