អន្តរជាតិ
ខួបសាលក្រមឡាអេ៖ រដ្ឋបាលលោក បៃឌិន ទាត់ចោលការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូង
12, Jul 2021 , 2:59 pm        
រូបភាព
យន្តហោះចម្បាំងចិន បើកកាត់សមុទ្រចិនខាងត្បូង។ រូបថត Xinhua
យន្តហោះចម្បាំងចិន បើកកាត់សមុទ្រចិនខាងត្បូង។ រូបថត Xinhua
ថ្ងៃទី១២ ខែកក្កដា ជាខួបទី៥ឆ្នាំនៃការប្រកាសសាលក្រមរបស់មជ្ឍត្តការនៃតុលាការអន្តរជាតិក្រុងឡាអេ ដែលប្រគល់ជ័យជម្នះឱ្យហ្វីលីពីនលើបណ្ដឹងប្រឆាំងសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង។ មិនខុសពីរដ្ឋបាលមុនឡើយ រដ្ឋបាលអាមេរិកបច្ចុប្បន្នក្រោមអាណត្តិប្រធានាធិបតី ចូ បៃឌិន ក៏ទាត់ចោលការទាមទារស្ទើរទាំងស្រុងរបស់ទីក្រុងប៉េកាំងលើដែនទឹកដ៏ល្វឹងល្វើយមួយនេះ។ វ៉ាស៊ីនតោនក៏រំឭកថា ខ្លួននឹងចូលអន្តរាគមន៍បើមានការវាយប្រហារណាមួយលើហ្វីលីពីន។

 
អាមេរិក ជំទាស់ការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូង។ ការវាយប្រហារណាមួយលើយោធាហ្វីលីពីន មិនថានាវាយោធា កប៉ាល់ប្រជាជន ឬយន្តហោះនៅសមុទ្រចិនខាងត្បូង នឹងបើកផ្លូវឱ្យអាមេរិកចូលអន្តរាគមន៍។ នេះជាការព្រមានក្នុងសេចក្ដីថ្លែងការណ៍របស់លោក អាន់តូនី ប្លីងខិន រដ្ឋមន្ត្រីការបរទេសអាមេរិកនៅថ្ងៃទី១១ ខែកក្កដា មុនមួយថ្ងៃខួបទី៥ឆ្នាំនៃជ័យជម្នះរបស់ហ្វីលីពីនលើចិនក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។  
 
 
ហ្វីលីពីន ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិក្រុងឡាអេតាំងពីឆ្នាំ២០១៣ ។ បីឆ្នាំក្រោយ ពោលនៅថ្ងៃទី១២ ខែកក្កដា មជ្ឍត្តការនៃតុលាការអន្តរជាតិក្រុងឡាអេ កាត់ក្ដីឱ្យហ្វីលីពីនឈ្នះចិន។ ហ្វីលីពីនទទួលយក តែចិនមិនទទួលយករហូតមកពេលនេះ។ 
 
«គ្មានកន្លែងណាដែលសណ្ដាប់ធ្នាប់ដែនដឹកផ្អែកតាមនីតិរដ្ឋ ស្ថិតក្រោមការគំរាមខ្លាំងក្លាដូចនៅសមុទ្រចិនខាងត្បូងឡើយ។» លោក ប្លីងចិន បញ្ជាក់បែបនេះ ដោយប្រើប្រាស់ភាសាស្រដៀងលោក ម៉ៃ ប៉ុមប៉េអូ ប្រមុខការទូតអាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលជំទាស់ការទាមទាររបស់ចិនដែរ។ លោក ប្លីងខិន ក៏ឆ្លៀតចោទចិនថា បន្តគំរាមកំហែងរដ្ឋអាស៊ីអាគ្នេយ៍ និងសេរីភាពនាវាចរណ៍ក្នុងច្រកឆ្លងកាត់ដ៏សំខាន់មួយនេះ។
 
ក្នុងសេចក្ដីងថ្លែងការណ៍ដដែល ប្រមុខការទូតអាមេរិក ក៏ស្នើឱ្យចិនគោរពកាត្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ បញ្ឈប់ទង្វើបង្កហេតុ ហើយចាត់វិធានការដើម្បីផ្ដល់ការធានាឱ្យសហគមន៍អន្តរជាតិថា ខ្លួនប្ដេជ្ញាចិត្តអនុវត្តតាមសណ្ដាប់ធា្នប់ដែនទឹកដែលមាននីតិរដ្ឋ និងគោរពសិទ្ធិប្រទេសទាំងអស់ មិនថាធំ ឬតូចឡើយ។
 
ដូចដឹងស្រាប់ អាមេរិក មិនមែនជាភាគីអ្វីក្នុងជម្លោះដែនសមុទ្រនេះឡើយ។ ដ្បិតប្រកាសជំហរអព្យាក្រឹត្យក្ដី អាមេរិក ត្រូវមើលឃើញថា គាំទ្ររដ្ឋដែលទាស់ជាមួយចិនមានម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងតៃវ៉ាន់ជាដើម។ ជារឿយៗ អាមេរិកក៏បានបញ្ជូននាវាចម្បាំង និងយន្តហោះរបស់ខ្លួនបើកកាត់សមុទ្រចិនខាងត្បូងក្រោមគោលការណ៍សេរីភាពនាវាចរណ៍ និងការហោះហើរដោយសេរីក្រោមច្បាប់អន្តរជាតិ។
 
ចិនវិញ មិនត្រឹមមិនចូលរួមក្នុងដំណើរការក្ដីឡើយ ហើយក៏ទាត់ចោលរហូតមកសាលក្រមនេះ។ លើសពីនោះ ចិនក៏បង្កើនសកម្មភាពរបស់ខ្លួននៅដែនទឹកមួយនេះដូចជាការកសាងកោះសិប្បនិម្មិត ឬពង្រីកកោះដែលខ្លួនគ្រប់គ្រងទៀតផង។ ហ្វីលីពីនវិញ ទោះមានសាលក្រមក្នុងដៃ ក៏មិនអាចធ្វើអ្វីចិនបាន។ រដ្ឋបាលប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ក៏មានគោលនយោបាយការបរទេសទន់ភ្លន់ដាក់ចិន ដោយអះអាងថា ហ្វីលីពីនគ្មានអ្វីទៅតទល់នឹងចិនឡើយ៕
 
 
 

Tag:
 អាមេរិក
  ចិន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com