COVID-19
ជាតិ
ជប៉ុន​ប្រកាសផ្តល់ AstraZeneca ១លានដូសដល់​កម្ពុជា
13, Jul 2021 , 10:03 am        
រូបភាព
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ រូបថត​ស្ថានទូតជប៉ុន
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ រូបថត​ស្ថានទូតជប៉ុន
ដោយ: រួបរួម
 រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ នេះបើតាម​សារ​របស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានា​ថ្ងៃទី១៣ ខែកក្កដា។



បើស្ថានទូតជប៉ុន វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះនៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។

ឯកអគ្គ​រាជទូតជប៉ុន​បាន​បន្ថែមថា៖ «ខ្ញុំសង្ឃឹមថាជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា»។

ក្នុងវិស័យ​សុខាភិបាល ជាពិសេសក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩ ជប៉ុនបាន​ផ្តល់ជំនួយ​សរុប​ជាង​៥០លាន​ដុល្លារអាមេរិក​ដល់​កម្ពុជា រួមមាន​បរិក្ខារពេទ្យ ការកែលម្អ​មន្ទីរពេទ្យ ការគាំទ្រ​គម្រោង​របស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់​ការចម្លងជំងឹតាមព្រំដែន ក៏ដូចជា​ការផ្តល់​បរិក្ខារសម្រាប់ដឹកជញ្ជូន និង​ការ​រក្សា​ទុក​វ៉ាក់សាំងឲ្យបានត្រឹមត្រូវ។

ក្នុងសាររបស់ខ្លួន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​បញ្ជាក់ផងដែរថា៖ «យើងក៏បានផ្តល់​ជាកម្ចីប្រមាណ​២២៧លាន​ដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធី​សាច់ប្រាក់​ដល់​ប្រជាជនដែល​រងផល​ប៉ះពាល់​ដោយសារកូវីដ-១៩ និង​សម្រាប់​ការ​ពង្រឹងប្រព័ន្ធ​សុខាភិបាល»៕​


© រក្សាសិទ្ធិដោយ thmeythmey.com