កីឡាអន្តរជាតិ
អន្តរជាតិ
Kane៖ អ្នករើសអើងជាតិសាសន៍លើ Rashford, Sancho និង Saka មិនសាកសមជាអ្នកគាំទ្រអង់គ្លេសឡើយ
13, Jul 2021 , 2:32 pm        
រូបភាព
ប្រធានក្រុមអង់គ្លេស Harry Kane ឆ្លើយតបទៅអ្នកនៅពីក្រោយការប្រកាន់ជាតិសាសន៍ទៅលើមិត្តរួមក្រុម Marcus Rashford, Jadon Sancho និង Bukayo Saka ថា «សុទ្ធតែមិនមែនជាអ្នកគាំទ្រអង់គ្លេសទេ ហើយក៏មិនចង់បានអ្នកទាំងអស់នោះ ជាអ្នកគាំទ្រខ្លួនដែរ»។


Rashford, Sancho និង Saka សុទ្ធតែជាអ្នកស៊ុតបាល់ប៉េណាល់ទីមិនចូល ដែលនាំឱ្យអង់គ្លេសចាញ់អ៊ីតាលីក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 នៅ Wembley។
ដោយសារស៊ុតមិនចូល អ្នកទាំងបីត្រូវបានគេកំណត់គោលដៅនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការប្រកួត ដោយភ្ជាប់ភាសារើសអើងជាតិសាសន៍។ អ្នកលេងបណ្តាញសង្គមទាំងនោះ ត្រូវបានគេជឿជាក់ថាជាអ្នកគាំទ្រអង់គ្លេស។
 
Kane ប្រធានក្រុមអង់គ្លេសមិនពេញចិត្តនឹងទង្វើរើសអើងរបៀបនេះឡើយ ហើយបានឆ្លើយតបទៅជនទាំងនោះថា ពួកគេមិនមែនជាអ្នកគាំទ្រក្រុមតោកំណាចឡើយ។
«ពួកគេសមនឹងទទួលបានការគាំទ្រ និងការលើកទឹកចិត្ត មិនមែនជាការប្រកាន់ពូជសាសន៍ដ៏កាចសាហាវបែបនេះឡើយ។ ប្រសិនបើអ្នកធ្វើបាបដោយការរើសអើងអ្នកណាម្នាក់នៅលើបណ្តាញសង្គម អ្នកមិនមែនជាអ្នកគាំទ្រអង់គ្លេសទេហើយយើងក៏មិនចង់បានអ្នកដែរ»។ ខ្សែប្រយុទ្ធ Tottenham Hotspur រូបនេះបន្ថែមដូច្នេះលើបណ្តាញសង្គម Twitter ។
 
ចំណែកគ្រូបង្វឹកអង់គ្លេសលោក Gareth Southgate លើកឡើងថា ការរំលោភបំពានប្រកាន់ជាតិសាសន៍ បន្ទាប់ពីបរាជ័យរបស់តោកំណាច ជារឿង មិនអាចលើកឱ្យលែងបានឡើយ។ លោកមិនអាចឱបដៃមើលទង្វើអសីលធម៌របស់ជនមួយចំនួន ទៅមនុស្សដូចគ្នាដែលគ្រាន់តែខុសពណ៌សម្បុរនោះទេ។
 
ដោយឡែក នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ក៏បានថ្កោលទោសជុំវិញករណីនេះផងដែរ។ លោក Johnson បានបញ្ជាឱ្យមានការស៊ើបអង្កេតលើករណីរំលោភបំពាននេះ ហើយសង្កត់ធ្ងន់ថានឹងមិនត្រូវអត់ឱនឱ្យនណាម្នាក់នោះទេ។ 
 
ទាក់ទងរឿងនេះ ប៉ូលិសអង់គ្លេសស៊ើបអង្កេតកំពុងធ្វើការជាមួយក្រុមហ៊ុនហ្វេសប៊ុក Instagram និង Twitter ដើម្បីវែកមុខអ្នកបង្កបញ្ហាលើបណ្តាញសង្គម៕
 

Tag:
 Harry Kane
© រក្សាសិទ្ធិដោយ thmeythmey.com