កីឡាអន្តរជាតិ
អន្តរជាតិ
DeGale ម្ចាស់ជើងឯកប្រដាល់អូឡាំពិក ត្រូវចោរលួចមេដាយមាសអំឡុងវគ្គផ្តាច់ព្រ័ត្រ Euro 2020
13, Jul 2021 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
James DeGale ម្ចាស់មេដាយមាសអូឡាំពិកក្រុងប៉េកាំង ឆ្នាំ២០០៨ វិញ្ញាសាកីឡាប្រដាល់ទម្ងន់មធ្យម អំពាវនាវរកជំនួយឱ្យជួយរកមេដាយ និងគ្រឿងកិត្តិយស MBE ដែលត្រូវបានចោរលួចពីផ្ទះឪពុកម្តាយរបស់គេ។


 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អតីតអ្នកប្រដាល់អង់គ្លេសដែលជាម្ចាស់ជើងឯកទម្ងន់មធ្យម IBF ផងដែរនោះអះអាងថាវត្ថុមានតម្លៃរបស់គេទាំងពីរនេះបានបាត់ អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 ដែលអង់គ្លេសចាញ់អ៊ីតាលីដោយបាល់កាត់សេចក្តីប៉េណាល់ទីទីនោះ។
 
DeGale បានបង្ហោះវីដេអូពីក្នុងកាមេរ៉ាសុវត្ថិភាពនៅលើបណ្តាញសង្គម Instagram របស់ខ្លួន ដោយបង្ហាញសកម្មភាពមនុស្សម្នាក់ដើរចូលផ្ទះ និងគ្របលើកាមេរ៉ាហើយដើរចេញទៅវិញដោយមានកាន់ប្រអប់សមួយដុំ។ ក្នុងប្រអប់នោះមានមេដាយមាសអូឡាំពិក និងមេដាយកិត្តិយសក្នុងនាមអត្តពលិកឆ្នើមរបស់អង់គ្លេស។

 
 
អតីតអ្នកប្រដាល់វ័យ៣៥ឆ្នាំ សរសេរទៀតថា៖ «ទ្រព្យសម្បត្ដិទាំងពីរនេះគ្មានតម្លៃចំពោះអ្នកណាក្រៅពីខ្ញុំទេ ហើយវាជាសមិទ្ធផលពីរដែលខ្ញុំបានទទួលក្នុងអាជីពប្រដាល់របស់ខ្ញុំ។ ខ្ញុំវង្វេងស្មារតីអស់ហើយ ខ្ញុំត្រូវការមេដាយរបស់ខ្ញុំមកវិញ»។
 
DeGale ដែលធ្លាប់មានប្រវត្តិប្រកួត២៩លើក ឈ្នះ២៥ ចាញ់៣ និងស្មើ១ និងផ្តួលដៃគូមិនឱ្យតដៃរួច១៥លើក បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករប្រដាល់កាលពីខែកុម្ភៈ ឆ្នាំ ២០១៩៕
 

Tag:
 James DeGale
© រក្សាសិទ្ធិដោយ thmeythmey.com