COVID-19
ជាតិ
កោះកុងរកឃើញ៩១នាក់ទៀត ខណៈកំពង់ចាមមាន៨៩នាក់ និងអ្នកស្លាប់ដល់ទៅ៥នាក់
15, Jul 2021 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តកោះកុង នៅតែរកឃើញករណីឆ្លងប្រចាំថ្ងៃខ្ពស់ ដោយមាន ៩១នាក់បន្ថែមទៀត នៅថ្ងៃទី១៤ កក្កដា។ ខេត្តកំពង់ចាម ក៏មិនចាញ់កោះកុងប៉ុន្មានដែរ គឺមានករណីថ្មី ៨៩នាក់ ខណៈអ្នកស្លាប់មានដល់ទៅ៥នាក់។ ត្បូងឃ្មុំ ដែលជាខេត្តភូមិផងរបងជាមួយនោះ ក៏មានអ្នកឆ្លងថ្មី ៤៣នាក់ទៀតដែរ ខណៈកំពត មាន៣២នាក់។

 
កោះកុង៖ ករណីថ្មី៩១នាក់ និងជាសះស្បើយ៨៩នាក់ 
 
អាជ្ញាធរខេត្តកោះកុង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩១នាក់ទៀត ខណៈអ្នកសះស្បើយមានចំនួន៨៩នាក់។ ចំពោះអ្នកដែលទើបវិជ្ជមាន គឺជាពលរដ្ឋដែលរស់នៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា, បូទុមសាគរ, ព្រៃនប់, កំពង់សិលា,ថ្មបាំង, ស្រែអំបិល និងស្រុកគិរីសាគរ។ 
 
កំពង់ចាម៖ មាន៨៩នាក់បន្ថែម សះស្បើយ១១៣នាក់ និងស្លាប់៥នាក់
 
មនុស្សចំនួន ៨៩នាក់ បន្ថែមបានឆ្លងកូវីដ-១៩ ខណៈអ្នកជាសះស្បើយមានចំនួន ១១៣នាក់ និងអ្នកស្លាប់ចំនួន ៥នាក់។ ក្នុងចំណោមអ្នកដែលវិជ្ជមាននោះ មានពលរដ្ឋនៅក្រុងកំពង់ចាម, ស្រុកចំការលើ កំពង់សៀម ព្រៃឈរ កងមាស  ស្ទឹងត្រង់ បាធាយ  កោះសូទិន  ស្រីសន្ធរ និងស្រុកជើងព្រៃ។ អ្នកវិជ្ជមាន៩នាក់ ជាអ្នកខេត្តត្បូងឃ្មុំ, ២នាក់នៅរាជធានីភ្នំពេញ, មកពីខេត្តស្វាយរៀង១នាក់ និង១នាក់ជាអ្នកខេត្តកំពង់ធំ។ 
 
ករណីស្លាប់ទាំង៥នាក់ មានស្ត្រី៤នាក់ និងបុរសម្នាក់។ បុរសដែលស្លាប់ មានវ័យ៥៥ឆ្នាំ រស់នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ។ ស្ត្រីវ័យ ៣៨ឆ្នាំ រស់នៅភូមិតាកេរ ឃុំគរ ស្រុកព្រៃឈរ។ ស្ត្រីវ័យ៧១ឆ្នាំ រស់នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ។ ស្ត្រីវ័យ ៥៧ឆ្នាំ រស់នៅភូមិអង្គបានទី៥ ឃុំអង្គបាន ស្រុកកងមាស និងស្ត្រីវ័យ៥៥ឆ្នាំ រស់នៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
 
ត្បូងឃ្មុំ៖ ឆ្លងថ្មី ៤៣នាក់ និងជាសះស្បើយ៦៩នាក់   
 
អ្នកជំងឺចំនួន ៦៩នាក់ បានជាសះស្បើយ ខណៈអ្នកវិជ្ជមានកូវីដ-១៩ មានចំនួន៤៣នាក់បន្ថែម។ អ្នកដែលទើបឆ្លងនោះ មានពលរដ្ឋដែលរស់នៅក្រុងសួង ស្រុកត្បូងឃ្មុំ អូររាំងឪ មេមត់ តំបែរ ពញាក្រែក និងស្រុកក្រូចឆ្មារ។ អ្នកវិជ្ជមាន២នាកជាអ្នកភ្នំពេញ។ 
 
កំពត៖ ៣២ករណីថ្មី ក្នុងនោះមានកុមារ ៥នាក់
 
ពលរដ្ឋ ៣២នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះមានកុមារចំនួន៥នាក់។ អ្នកដែលឆ្លងថ្មីនោះគឺជា កសិករ សិស្ស អ្នកនៅផ្ទះ កងរាជអាវុធហត្ថ មន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុន។ អ្នកវិជ្ជមាន ៥នាក់ រស់នៅស្រុកកំពង់ត្រាច, ១១នាក់នៅក្រុងកំពត, ២នាក់នៅស្រុកជុំគិរី, ៤នាក់នៅស្រុកឈូក និង៨នាក់ទៀតនៅស្រុកទឹកឈូ។ អ្នកជំងឺ ម្នាក់មកពីខេត្តតាកែវ និងម្នាក់ទៀតមកពីខេត្តកំពង់ចាម។ បច្ចុប្បន្ន ខេត្តកំពត រកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ២៤៦០នាក់ ក្នុងនោះ១៥៧២នាក់ បានជាសះស្បើយ, ២៧នាក់ស្លាប់ និង៨៦១នាក់ កំពុងសម្រាកព្យាបាល។
 
ព្រៃវែង៖ ករណីថ្មី ៨២នាក់បន្ថែម
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨២នាក់នោះ គឺជាពលរដ្ឋដែលរស់នៅក្រុងព្រៃវែង ស្រុកបាភ្នំ ពាមរក៍ ពារាំង កំចាយមារ មេសាង ស្វាយអន្ទរ ពាមជរ កញ្ច្រៀច ព្រះសេ្ដច កំពង់ត្របែក និងស្រុកស៊ីធរកណ្ដាល។ អ្នកវិជ្ជមាន ២នាក់មកពីខេត្តកណ្ដាល និង១នាក់ទៀតមកពីខេត្តស្វាយរៀង។ គិតត្រឹមថ្ងៃទី១៤ កក្កដា ខេត្តព្រៃវែង មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៧៣៩នាក់ ក្នុងនោះ ១,៥៤៨នាក់ ជាសះស្បើយ, ៣៩នាក់ស្លាប់ និង១,១៥២នាក់ កំពុងសម្រាកព្យាបាល។
 
សៀមរាប៖ មាន៧១នាក់បន្ថែម និងជាសះស្បើយ៧៩នាក់
 
ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧១នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន៧៩នាក់បន្ថែមដែរ។ ក្នុងចំណោមអ្នកដែលទើបរកឃើញថ្មី ជាពលរដ្ឋនៅក្រុងសៀមរាប, ស្រុកជីក្រែង សូទ្រនិគម អង្គរជុំ និងស្រុកប្រាសាទបាគង។ អ្នកវិជ្ជមានម្នាក់ ជាអ្នករាជធានីភ្នំពេញ។ បច្ចុប្បន្ន ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ២៧១១នាក់ ក្នុងនោះជាសះស្បើយ១០៦០នាក់ ស្លាប់២៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន១៦២៥នាក់។
 
បាត់ដំបង៖ ករណីថ្មី ៦៥នាក់ ជាសះស្បើយ១៧នាក់ និងស្លាប់ម្នាក់
 
មនុស្ស៦៥នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ខណៈអ្នកដែលជាសះស្បើយមាន ១៧នាក់ និងមានម្នាក់ស្លាប់។ អ្នកវិជ្ជមានកូវីដ-១៩ ដែលទើបរកឃើញ គឺជាពលរដ្ឋនៅក្រុងបាត់ដំបង ស្រុកសង្កែ បវេល ថ្មគោល រុក្ខគិរី មោងឫស្សី ឯកភ្នំ សំឡូត កំរៀង និងស្រុកសំពៅលូន។ ចំណែកករណីស្លាប់ គឺជាបុរសវ័យ៦៨ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ គិតត្រឹមថ្ងៃទី១៤កក្កដា ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ ចំនួន១,៧២៧នាក់ ក្នុងនោះ ៨៧១នាក់ បានជាសះស្បើយ, ១៤នាក់ស្លាប់ និងអ្នកកំពុងព្យាបាលចំនួន៨៤២នាក់។
 
ឧត្តរមានជ័យ៖ រកឃើញ៦៤នាក់ទៀត និង៧នាក់ជាសះស្បើយ
 
ឧត្តរមានជ័យ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៤នាក់បន្ថែមទៀត ភាគច្រើនជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ខណៈអ្នកជំងឺ៧នាក់បានជាសះស្បើយ។ គិតត្រឹមថ្ងៃទី១៤ កក្កដា ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងកូវីដ-១៩ ចំនួន២២២២ករណី ក្នុងនោះ ២០៦០នាក់ជាករណីនាំចូល។ អ្នកជំងឺដែលបានសះស្បើយមានចំនួន ៤៨៩នាក់, ស្លាប់៤នាក់ និង១៧២៩នាក់ កំពុងសម្រាកព្យាបាល។
 
កំពង់ធំ៖ ឆ្លងថ្មី ៦២នាក់បន្ថែម និង១នាក់ស្លាប់
 
មនុស្ស ៦២នាក់ទៀត វិជ្ជមានកូវីដ-១៩ និងមានអ្នកស្លាប់ម្នាក់បន្ថែម។ ក្នុងចំណោមអ្នកទើបឆ្លងនោះ ជាអ្នករស់នៅក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ បារាយណ៍ តាំងគោក ប្រាសាទសំបូរ ស្ទោង ប្រាសាទបាល្ល័ង្គ និងស្រុកសន្ទុក។ បច្ចុប្បន្ន ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៣៣៨នាក់ ក្នុងនោះ ៧៩៥នាក់បានជាសះស្បើយ ១០នាក់ស្លាប់ និង៥២២នាក់ កំពុងសម្រាកព្យាបាល។ 
 
ករណីទូទាំងប្រទេស៖ ឆ្លងថ្មី៩៩៦នាក់, ស្លាប់ ៣៩នាក់ ជា ៨១៣នាក់
 
ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដានេះ បានប្រកាសរកឃើញមនុស្សចំនួន ៩៩៦នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះ១៦៧នាក់ជាករណីនាំចូល។ ចំណែកអ្នកស្លាប់មានដល់ទៅ ៣៩នាក់ ដែលជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត និងដែលធ្វើចំនួន ស្លាប់សរុបនៅកម្ពុជា កើនជាង១ពាន់នាក់។ អ្នកជាសះស្បើយបន្ថែម មានចំនួន ៨១៣នាក់។ 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៦៤,៦១១នាក់ ក្នុងនោះ ៥,៥១៤នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៥៦,១៧៨ នាក់ និងស្លាប់សរុប ១,០២៥នាក់៕
 
 

Tag:
 ព្រៃវែង
 សៀមរាប
 ឧត្តរមានជ័យ
 កោះកុង
 កំពង់ចាម
  ត្បូងឃ្មុំ
 កំពត
© រក្សាសិទ្ធិដោយ thmeythmey.com