កីឡាអន្តរជាតិ
អន្តរជាតិ
Nedved៖ Ronaldo នឹងត្រឡប់មក Juventus វិញ ក្រោយបញ្ចប់វិស្សមកាល
15, Jul 2021 , 4:59 pm        
រូបភាព
លោក Pavel Nedved នាយកប្រត្តិបត្តិក្លិប Juventus អះអាងថា Cristiano Ronaldo មិនបានបញ្ជាក់ពីការចាកចេញពីសេះបង្កង់ឡើយ ហើយរំពឹងថា រូបគេនឹងត្រឡប់ចូលក្រុមវិញនៅចុងខែកក្កដានេះ បន្ទាប់ពីវិស្សមកាល។


 
«Ronaldo កំពុងឈប់សម្រាកលំហែកាយ។ យើងមិនបានឃើញសញ្ញាណាមួយពីការចង់ចាកចេញរបស់គាត់នោះទេ។ យើងកំពុងរង់ចាំគាត់ហើយគាត់នឹងត្រឡប់មកវិញនៅថ្ងៃទី២៥ ខែកក្កដាតាមការគ្រោងទុក»។ លោក Nedved និយាយដូច្នេះនៅឯពិធីបង្ហាញកាលវិភាគប្រកួត Serie A សម្រាប់រដូវកាល ២០២១-២០២២។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់វ័យ ៣៦ ឆ្នាំរូបនេះ នៅសល់កិច្ចសន្យាជាមួយ Juventus រយៈពេលមួយឆ្នាំទៀត។ យ៉ាងណា អនាគតរបស់ Ronaldo ស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពីរដូវកាលមុនក្រុមសេះបង្កង់ក្រោមការដឹកនាំរបស់លោក Andrea Pirlo ធ្វើមិនបានល្អសោះ និងថែមទាំងមិនអាចការពារជើងឯកលីគកំពូលអ៊ីតាលីបានទៀតផង។


 
Juventus បើករដូវកាលថ្មីដោយត្រូវប៉ះ Udinese ខណៈលោក Massimilano Allegri ជាអ្នកចាត់ការថ្មី ដោយឡើងជំនួសលោក Pirlo ដែលត្រូវបានបញ្ចប់តំណែងកាលពីចុងក្រោយរដូវកាលមុន។ 
ការវិលត្រឡប់ជាថ្មីរបស់លោក Allegri អ្នកចាត់ការសញ្ជាតិអ៊ីតាលីដែលធ្លាប់ដឹកនាំ Juventus ឈ្នះ Serie A ដល់ទៅ៥សម័យជាប់ៗគ្នា ទំនងជាអាចអន្ទងចិត្ត Ronaldo ឱ្យបន្តជាមួយក្លិបយក្សអ៊ីតាលីមួយនេះទៅមុខទៀត។
 
បន្ទាប់ពីទទួលបានភ្លើងបៃតងពី Ronaldo រួចមក Nedved អតីតខ្សែបម្រើឆ្នើមជម្រើសជាតិឆែក និង Juventus បានបញ្ជាក់ថាក្លិបចាប់អារម្មណ៍ខ្សែបម្រើ Manuel Locatelli របស់ Sassuolo បន្ទាប់ពីរូបគេធ្វើបានយ៉ាងល្អក្នុងការជួយអ៊ីតាលីឈ្នះជើងឯក Euro 2020៕
 

Tag:
 Cristiano Ronaldo
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com