ជាតិ
ក្រសួងយុត្តិធម៌ ដាក់ឲ្យអនុវត្តវិធានការឃ្លាំមើលអ្នកទោស ដែលដោះលែងដោយមានលក្ខខណ្ឌ
17, Jul 2021 , 4:39 pm        
រូបភាព
រូបពីក្រសួងយុត្តិធម៌
រូបពីក្រសួងយុត្តិធម៌
ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវបែបបទនៃការឃ្លាំមើលទណ្ឌិត (អ្នកទោស) ដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ តាមរយៈប្រធានសាលាដំបូងរាជធានី-ខេត្ត។ ប្រកាសថ្មីនេះ គឺដើម្បីធានាការអនុវត្តនៃការដោះលែងអ្នកទោស ឲ្យមានប្រសិទ្ធភាព សំដៅធ្វើសមាហរណកម្មអ្នកទោសនោះឲ្យចូលទៅរស់នៅក្នុងសង្គមវិញ។ អ្នកទោស ដែលនៅក្រៅឃុំ ត្រូវអនុវត្តតាមលក្ខខណ្ឌរបស់ប្រធានសាលាដំបូងនិងអាជ្ញាធរ។ បើមិនគោរពតាម ពួកគេ នឹងត្រូវចាប់យកទៅឃុំវិញ។


ប្រកាសស្ដីពីបែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលនៅក្នុងសង្គមវិញ នៃទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ របស់ក្រសួងយុត្តធម៌បានចេញកាលពីថ្ងៃទី១៤កក្កដា ឆ្នាំ២០២១នេះ បញ្ជាក់ថា ប្រធានសាលាដំបូងជាអ្នកសម្រេចដោះលែងទណ្ឌិត តាមដីកាសំអាងហេតុបន្ទាប់ពីទទួលយោបល់ពីគណៈកម្មជាតិដោះលែងស្របតាមនីតិវិធីព្រហ្មទណ្ឌ។ ជាមួយគ្នាដែរ ប្រធានសាលាដំបូងត្រូវកំណត់បែបបទនៃការអនុវត្តនិងរយៈពេលនៃការនៅក្រៅឃុំ ដោយមិនឲ្យលើសពីថិរវេលានៃទោសដែលនៅសល់ឡើយ។ 
 
ចំពោះលក្ខខណ្ឌនៃការដោះលែងទណ្ឌិត ប្រធានសាលាដំបូងត្រូវសម្រេចដោយភ្ជាប់នឹងលក្ខខណ្ឌមួយចំនួនជាមួយទណ្ឌិត មានដូចជា ឲ្យពួកគេរស់នៅកន្លែងណាមួយជាកំណត់, មិនត្រូវកាន់កាប់អាវុធ ឬគ្រឿងផ្ទុះ, គោរពតាមដីកាកោះហៅរបស់ព្រះរាជអាជ្ញា និងជូនដំណឹងទៅព្រះរាជអាជ្ញាពីការប្ដូរមុខរបរ អាសដ្ឋាន និងមុខធ្វើដំណើរទៅក្រៅប្រទេសជាដើម។ លើសពីនេះ ទណ្ឌិតទាំងអស់មិនត្រូវសេពគប់ជាមួយបុគ្គលដែលជាអ្នកពាក់ព័ន្ធនៃការសមគំនិតឬជនរងគ្រោះនៃបទល្មើសឡើយ។ ករណីទណ្ឌិតណាមួយ មិនអនុវត្តតាមលក្ខខណ្ឌទាំងនេះ ប្រធាសាលាដំបូងមានសិទ្ធិដកហូតដីកាសម្រេចឲ្យនៅក្រៅឃុំនោះ ហើយបង្គាប់ឲ្យចាប់ខ្លួនទណ្ឌិតនោះ ទៅអនុវត្តទោសក្នុងពន្ធនាគារដែលនៅសេសសល់វិញ។ 
 
ទន្ទឹមនឹងនេះ ព្រះរាជអាជ្ញានៃសាលាដំបូង មានសិទ្ធិប្រើប្រាស់អំណាចរបស់ខ្លួនតាមច្បាប់ ដើម្បីចាត់វិធានការឃ្លាំមើល តាមដាន និងត្រួតពិនិត្យ លើទណ្ឌិតដែលបានចេញដីកាសម្រចដោះលែង។ ព្រះរាជអាជ្ញាក៏មានសិទ្ធិដឹកនាំនិងចាត់តាំងឲ្យអាជ្ញាធរដែនដីឬអាជ្ញាធរមូលដ្ឋាននៃទីកន្លែងដែលទណ្ឌិតនឹងទៅរស់នៅឬបំពេញការងារ ឃ្លាំមើលទណ្ឌិតពីការអនុវត្តកាតព្វកិច្ចនៅក្រៅឃុំផងដែរ។ អាជ្ញាធរដែលត្រូវចាត់តាំងដោយព្រះរាជអាជ្ញានេះ មានកាតព្វកិច្ចតាមដាននិងណែនាំដល់ទណ្ឌិតឲ្យអនុវត្តតាមលក្ខខណ្ឌនៃការដោះលែង រួមទាំងអប់រំឲ្យទណ្ឌិតកសាងខ្លួនដើម្បីធ្វើសមាហរណកម្មចូលទៅរស់នៅក្នុងសង្គមវិញ។ ក្រៅនេះ គឺរាយការណ៍ពីសកម្មភាពរបស់ទណ្ឌិតទៅព្រះរាជអាជ្ញា។ 
 
កន្លងមក យុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ ចាប់ផ្ដើមពីថ្ងៃទី១៨មិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌បានដោះស្រាយសំណុំរឿងចាស់ប្រមាណ៣,៨ម៉ឺនសំណុំរឿង ស្មើនឹង៩៦ភាគរយ នៃសំណុំរឿងព្រហ្មទណ្ឌកកស្ទះជាង៣,៩ម៉ឺនករណី។ ដោយឡែកសំណុំរឿងព្រហ្មទណ្ឌចូលថ្មីជាិត៦,៣ម៉ឺនករណី ដែលស្មើនឹង៧៨ភាគរយ នៃសំណុំរឿងសរុបជាង៨ម៉ឺនករណី ក៏ត្រូវបានដោះស្រាយដែរ។ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះ ក៏បានកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារខ្លះៗផងដែរ ក្នុងនោះអ្នកជាប់ឃុំ និងទណ្ឌិត ជាង១,៩ម៉ឺននាក់ ត្រូវបានដោះលែង ហើយក៏ត្រៀមដោះលែងជាង៧ពាន់នាក់ថែមទៀត។ ចំណែកមនុស្សជាង៤ពាន់នាក់ ត្រូវបានសម្រេចមិនឃុំខ្លួន ខណៈមនុស្សជាង៨ពាន់នាក់ទៀត ត្រូវបានបញ្ជូនទៅបន្សាបគ្រឿងញៀន ជំនួសឱ្យការចោទប្រកាន់៕
Relate 105259
 
 
 
 
 

Tag:
 ទណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com