អន្តរជាតិ
ប្រមុខការទូតចិន៖ ចិនប្រឆាំងរាល់ការប៉ុនប៉ងផ្លាស់ប្ដូររបបនៅស៊ីរី
18, Jul 2021 , 7:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នាជំនួបជាមួយប្រធានាធិបតីស៊ីរី បាសា អាល់-អាសាដ។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នាជំនួបជាមួយប្រធានាធិបតីស៊ីរី បាសា អាល់-អាសាដ។ រូបថត Xinhua
ចិនប្រឆាំងរាល់ការប៉ុនប៉ងផ្លាស់ប្ដូររបបនៅស៊ីរី ហើយចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស៊ីរីដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។ រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី និយាយបែបនេះក្នុងជំនួបជាមួយប្រធានាធិបតីស៊ីរី បាសា អាល់-អាសាដ នៅថ្ងៃទី១៧ ខែកក្កដា។ លោក វ៉ាង ក៏សរសើរស៊ីរីដែលអាចកម្ចាត់ការលូកលាន់របស់បរទេស និងស្វាគមន៍ស៊ីរីចូលជាសមាជិកគំនិតផ្ដួចផ្ដើមខ្សែវាត់ និងវិថីផងដែរ។

 
ប្រមុខការទូតចិន វ៉ាង យី ជួបជាមួយលោក បាសា អាល់-អាសាដ ក្រោយលោក អាសាដ ស្បថចូលកាន់តំណែងប្រធានាធិបតីស៊ីរីសម្រាប់អាណត្តិ៧ឆ្នាំទៀតនៅថ្ងៃទី១៧ ខែកក្កដា។ ការបោះឆ្នោតដែលធ្វើឡើងស្របពេលវិបត្តិក្នុងស្រុកបន្តឆាបឆេះ មិនត្រូវបានក្រុមប្រឆាំង និងក្រុមប្រទេសលោកខាងលិចទទួលស្គាល់ឡើយ។ 
 
សម្រាប់លោក វ៉ាង ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោក អាសាដ បង្ហាញពីការទុកចិត្ត និងការគាំទ្ររបស់ប្រជាជនទៅវិញទេ។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua រដ្ឋមន្រ្តីការបរទេសចិន ប្រាប់មេដឹកនាំស៊ីរីទៀតថា ការលូកលាន់របស់បរទេសចូលកិច្ចការផ្ទៃក្នុងស៊ីរី បានបរាជ័យកាលពីអតីតកាល ហើយនឹងនៅតែបរាជ័យនៅថ្ងៃអនាគត។ 
 
នាជំនួបនៅរដ្ឋធានីដាម៉ាស់ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ ក៏បញ្ជាក់ជាថ្មីជំហររបស់ចិនក្នុងការបន្តគាំទ្រស៊ីរីការពារអធិបតេយ្យជាតិ សេចក្ដីថ្លៃថ្នូរជាតិ ហើយថា ចិនជំទាស់រាល់ការព្យាយាមផ្លាស់ប្ដូររបបនៅស៊ីរី។ ទោះមិននិយាយចំៗ អ្នកការទូតចិនជាន់ខ្ពស់រូបនេះចង់សំដៅដល់ការប្រឹងប្រែងរបស់លោកខាងលិចដែលចង់ផ្ដួលរំលំរបបដឹកនាំបច្វុប្បន្ន ដែលធ្វើឱ្យឆាបឆេះសង្រ្គាមស៊ីវិលនៅស៊ីរីទល់សព្វថ្ងៃនេះ។
 
ចំណែកច្រកចេញវិបត្តិស៊ីរីវិញ លោក វ៉ាង ដែលជាមន្រ្តីជាន់ខ្ពស់ចិនទីមួយធ្វើទស្សនកិច្ចនៅស៊ីរីគិតតាំងពីឆ្នាំ២០១២មក ប្រកាសស៊ីរីក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងក្រោមគោលការណ៍ដែលស៊ីរីដឹកនាំមុខដោយផ្ទាល់តាមការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ក្នុងន័យនេះ ចិននឹងបន្តធ្វើការជាមួយស៊ីរីដើម្បីផលប្រយោជន៍ទៅវិញទៅមក។
 
លើសពីនោះ ចិនក៏ស្វាគមន៍ស៊ីរីចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថីផងដែរ ដែលនឹងអាចជួយលើកកម្ពស់ការរស់នៅរបស់ប្រជាជនស៊ីរី និងការកសាងប្រទេសឡើងវិញ៕
 

Tag:
 ចិន
  ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com