កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ប្រឈមមុខនឹងសង្វៀននយោបាយផង សង្វៀនប្រដាល់ផង
20, Jul 2021 , 11:12 am        
រូបភាព
Manny Pacquiao អ្នកប្រដាល់ និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន នឹងត្រូវឡើងសង្វៀនប្រដាល់តទល់ជាមួយ Errol Spence Jr នៅខែសីហា ខណៈអាជីពនយោបាយនៅក្នុងប្រទេសក៏ជួបបញ្ហា។ ស្តេចប្រដាល់អាស៊ីរូបនេះ ទើបធ្លាក់ចេញពីតំណែងប្រធានគណបក្សកាន់អំណាចហ្វីលីពីន PDP-Laban ក្រោយរិះគន់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ។



Pacquiao នៅថ្ងៃទី១៧ ខែកក្កដាត្រូវបានបោះឆ្នោតទម្លាក់ពីតំណែងប្រធានគណបក្សកាន់អំណាចហ្វីលីពីន មួយសប្តាហ៍ក្រោយបន្ទាប់ពីរូបគេរិះគន់ជាមួយប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ជុំវិញជំហររបស់ខ្លួននឹងប្រទេសចិន និងកំណត់ត្រាប្រឆាំងអំពើពុករលួយរបស់លោកប្រធានាធិបតី។
 
អ្នកប្រដាល់វ័យ ៤២ឆ្នាំ ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាហ្វីលីពីនស្រាប់ ត្រូវបានគេជឿថា អាចកាន់កាប់តំណែងជាអ្នកដឹកនាំប្រទេសកំណើតរបស់ខ្លួន ខណៈរូបគេត្រូវបានប្រជាជនចាត់ទុកជាវីរបុរសរបស់ជាតិទៅហើយ។
 
 
Pacquiao ដែលអាចចូលរួមប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅឆ្នាំក្រោយ ស្ថិតក្នុងចំណោមអ្នកគាំទ្រលោក ឌូទើតេ ក្នុងសង្គ្រាមគ្រឿងញៀន និងការទាមទាឱ្យមានទោសប្រហារជីវិតឡើងវិញនៅហ្វីលីពីន។
 
ក៏ប៉ុន្តែ ទំនាក់ទំនងរវាងអ្នកទាំងពីកាលពីខែមុនបានល្អក់កករទៅវិញ បន្ទាប់ពី Pacquiao បានរិះគន់ឥរិយាបថរបស់ប្រធានាធិបតីហ្វីលីពីនដែលបង្ហាញភាពទន់ភ្លន់ចំពោះក្រុងប៉េកាំង ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ហើយថែមទាំងអះអាងថា ខ្លួននឹងស៊ើបអង្កេតអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាលហ្វីលីពីនថែមទៀត។ នេះបើតាមការផ្សាយរបស់កាសែត Rappler។
 
ក្រោយ Pacquiao ធ្លាក់ចេញពីតំណែងប្រធានបក្ស រដ្ឋមន្រ្តីក្រសួងថាមពលលោក Alfonso Cusi ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ឌូទើតេ ឡើងទៅជំនួសតំណែងប្រធានបក្សកាន់អំណាចហ្វីលីពីននេះវិញ។
 
ស្របពេលមានបញ្ហានយោបាយ អ្នកប្រដាល់វ័យ៤២ឆ្នាំ ក៏មមាញឹកជាមួយការហ្វឹកហាត់យ៉ាងខ្លាំងក្លាដែរនៅទឹកដីអាមេរិក ដើម្បីត្រៀមឡើងសង្វៀនជាមួយអ្នកប្រដាល់មិនដែលចាញ់ Errol Spence Jr.។

 
 
Pacquiao ដែលមានប្រវត្តិប្រកួត ៧១ដង ឈ្នះ៦២ ចាញ់៧ និងស្មើ២ ក្នុងនោះផ្តួលដៃគូមិនឲ្យតដៃរួចចំនួន៣៩លើក នឹងត្រូវឡើងការពារខ្សែក្រវាត់ WBA ជាមួយម្ចាស់ជើងឯក WBC កីឡាករ Spence Jr សញ្ជាតិអាមេរិក នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅកីឡដ្ឋាន T-Mobile Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។ Spence Jr មានប្រវត្តិប្រកួត២៧លើក មិនដែលចាញ់ និងផ្តួលដៃគូឱ្យសន្លប់២១លើក៕
 


Tag:
 Manny Pacquiao
  Errol Spence Jr
© រក្សាសិទ្ធិដោយ thmeythmey.com