ជាតិ
សេដ្ឋកិច្ច
តម្លៃស្រូវនៅខេត្តព្រៃវែងធ្លាក់ថ្លៃ ខណៈវៀតណាមបិទច្រកព្រំដែន
22, Jul 2021 , 6:59 pm        
រូបភាព
គោយន្តដឹកស្រូវរបស់កសិករក្នុងស្រុកពារាំងដែលកំពុងរង់ចាំការនាំចេញទៅប្រទេសវៀតណាម(រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សំណាង)
គោយន្តដឹកស្រូវរបស់កសិករក្នុងស្រុកពារាំងដែលកំពុងរង់ចាំការនាំចេញទៅប្រទេសវៀតណាម(រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សំណាង)
ដោយ:
ភ្នំពេញ៖ ស្ថានភាពនៃជំងឺកូវីដ-១៩ កាន់តែរាតត្បាតកាន់តែខ្លាំង បានបង្ខំឱ្យប្រទេសវៀតណាម បិទច្រកព្រំដែន រវាងកម្ពុជា-វៀតណាម។ ការបិទច្រកទ្វារព្រំដែនរវាងកម្ពុជា-វៀតណាម ធ្វើឱ្យតម្លៃស្រូវរបស់កសិករធ្លាក់ចុះរហូត ៦៥០រៀល ក្នុងមួយគីឡូក្រាម។ នេះបើតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង។


ការផ្ទុះនូវជំងឺកូវីដ-១៩ បានធ្វើឱ្យភាគីវៀតណាមសម្រេចបិទច្រកព្រំដែនបន្ទាយចក្រី ដែលបណ្ដាលឱ្យស្រូវរបស់កសិករខេត្តព្រៃវែងជាច្រើនតោន មិនអាចលក់ចេញបាន។ បើតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បច្ចុប្បន្ន តម្លៃស្រូវក្នុងខេត្តព្រៃវែង ជាមធ្យម អាចលក់បាន ៦៥០រៀល ទៅ ៧៥០រៀល ក្នុងមួយគីឡូក្រាម។ យ៉ាងណាក៏ដោយ មន្ទីរកសិកម្ម កំពុងរកដំណោះស្រាយ ជូនកសិករឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
 
ប្រធានមន្ទីរកសិកម្មខេត្តរូបនេះ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរសព្ទនៅថ្ងៃទី២២ ខែកក្កដា ដូច្នេះ៖«ខាងវៀតណាម បានបិទច្រកទ្វារព្រំដែន តាំងពីថ្ងៃ១៥ កក្កដា ម៉្លេះ ទើបធ្វើឱ្យស្រូវរបស់កសិករធ្លាក់ថ្លៃ។ ធ្លាប់តែនាំចេញ ៤-៥តោន ក្នុងមួយថ្ងៃ តែឥឡូវអាចនាំចេញមិនបានប៉ុន្មានតោនផង។ តែខាងមន្ទីរកសិកម្ម កំពុងរកមធ្យោបាយ ដើម្បីបង្វែរស្រូវទាំងនោះទៅតាមច្រកផ្សេងវិញ»។
 
ក្នុងខេត្តព្រៃវែងនាពេលនេះ មិនត្រឹមតែស្រូវទេ ដែលលក់មិនចេញ សូម្បីកសិផលដទៃ ក៏មិនអាចនាំចេញបានដែរ ដោយសារផ្សារមួយចំនួននៅបិទនៅឡើយ។ នេះបើតាមលោក អ៊ុក សំណាង។


សកម្មភាពនាំចេញស្រូវរបស់ខេត្តព្រៃវែងទៅប្រទេសវៀតណាមកន្លងមក (រូបភាពពីមន្ទីរកសិកម្មខេត្តព្រៃវែង)
ជុំវិញបញ្ហានេះ កសិករក្នុងខេត្តព្រៃវែង កំពុងមានការព្រួយបារម្ភពីបញ្ហាតម្លៃស្រូវធ្លាក់ចុះ នាអំឡុងវិបត្តិកូវីដ-១៩នេះ ខណៈការចំណាយទៅលើថ្លៃដើម ក្នុងផលិតកម្មស្រូវកាន់តែខ្ពស់។ កសិករម្នាក់ ឈ្មោះ ហ៊ុន សំណាង រស់នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវៃង បានសរសេររៀបរាប់នៅលើគណនីយហ្វេសប៊ុកបែបនេះ៖«កាលមុនឈ្មួញវៀតណាមទិញស្រូវតម្លៃ ៨៨០រៀល ក្នុងមួយគីឡូក្រាម។ តែឥឡូវច្រកព្រំដែនបិទ គ្មានឈ្មួញវៀតណាមមកទិញ ហើយតម្លៃស្រូវ ធ្លាក់ដល់ ៧០០រៀល ទៅ ៧២០រៀល ក្នុងមួយកីឡូក្រាម។ កសិករខាតច្រើនណាស់ ព្រោះតម្លៃស្រូវរយៈពេលប៉ុន្មានថ្ងៃនេះធ្លាក់ចុះ ហើយត្រូវចំណាយលើថ្លៃជី ប្រេង និងម៉ាស៊ីនច្រូត»។
 
កសិកររូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥ថា រហូតពេលនេះ មានរោងម៉ាស៊ីនក្នុងស្រុក បានជួយទិញស្រូវពីកសិករមួយចំនួន ដែលកំពុងជួបបញ្ហា។ ទោះបែបនេះក៏ដោយ ក៏កសិករនៅតែទាមទារឱ្យក្រសួងកសិកម្ម ជួយរកដំណោះស្រាយដល់កសិករ ព្រោះតម្លៃដែលរោងម៉ាស៊ីនទិញ ស្ថិតក្នុងតម្លៃទាបនៅឡើយ និងទទួលទិញតែស្រូវមានគុណភាពល្អប៉ុណ្ណោះ។  
 
តាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង កន្លងមក តម្លៃស្រូវដែលខេត្តព្រៃវែង នាំចេញទៅប្រទេសវៀតណាម មានតម្លៃ ជាមធ្យម ១ ០៤០រៀល ក្នុងមួយគីឡូក្រាម ដោយស្រូវទាំងនោះ ត្រូវបាននាំចេញតាមច្រកបន្ទាយចក្រី ច្រកកោះរការ ច្រកកោះសំពៅ ច្រកពាមអន្ទា និងច្រកបាទី៕
 

Tag:
 ព្រៃវែង
 ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com